ភ្ញាក់ផ្អើល! Google Translate ពេលវាយពាក្យសង្ក្រាន្តថៃចេញពាក្យ«បុណ្យចូលឆ្នាំខ្មែរ»
- ភ្នំពេញ
ថ្មីៗនេះមហាជនខ្មែរនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកម្មវិធីបកប្រែភាសារបស់ Google ដែលជាក្រុមហ៊ុនយក្សធំជាងគេនៅលើពិភពលោក ពេលវាយពាក្យជាអក្សរអង់គ្លេសថា Happy thai Songkran news year ស្រាប់តែបកប្រែមកជាសាភាខ្មែរថា រីករាយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទៅវិញ ។ គេនៅមិនទាន់ដឹងថា តើវ៉េបសាយ Google មានបញ្ហាឬយ៉ាងណានោះទេ ទើបវាយពាក្យសង្ក្រាន្តថៃ បែរជាចេញពាក្យបុណ្យចូលឆ្នាំខ្មែរទៅវិញ ។

យើងគ្រប់គ្នាធ្លាប់ដឹងហើយថា ក្រុមហ៊ុន Google គឺជាក្រុមហ៊ុនយក្សធំជាងគេនៅលើពិភពលោក ហើយក្រុមហ៊ុនមួយនេះបានបង្កើតកម្មវិធីមួយឈ្មោះថា កម្មវិធី Google Translate ដែលជាកម្មវិធីបកប្រែភាសាមួយដ៏ពេញនិយមបំផុតនៅលើពិភពលោក ។
កម្មវិធីមួយនេះត្រូវបានក្រុមហ៊ុន Google បង្កើតឡើងដើម្បីងាយស្រួលឲ្យមនុស្សនៅលើពិភពលោកទំនាក់ទំនងគ្នា បើទោះបីជាពួកគេមានជាតិសាសន៍ខុសគ្នាក៏ដោយ ក៏អាចជួយសម្រួលក្នុងការទំនាក់ទំនងគ្នាបានដែរ ។
ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើង កម្មវិធី Google Translate ក៏ពេញនិយមផងដែរ សម្រាប់អ្នកដែលមិនសូវចេះភាសាបរទេស អាចយកទៅបកប្រែនៅក្នុងកម្មវិធីមួយនេះបានយ៉ាងងាយស្រួល ។ ប៉ុន្តែអ្វីដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរនៅលើបណ្តាញសង្គមនោះ បន្ទាប់ពីគេបានប្រើកម្មវិធីបកប្រែរបស់ក្រុមហ៊ុនយក្សមួយនេះ ដោយវាយពាក្យជាអក្សរអង់គ្លេសហើយថាសរសេរថា Happy Thhi Songkran news year ស្រាប់តែកម្មវិធីមួយនេះបកប្រែជាភាសាខ្មែរមកថា រីករាយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទៅវិញ ដោយមិនចេញពាក្យរីករាយសង្ក្រាន្តថៃឆ្នាំថ្មីនោះទេ ។

ជាមួយគ្នានោះដែរ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលគេស្គាល់ថា ជាកូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត និងត្រូវជាប្អូនស្រីជីដូនមួយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ បានបង្ហោះសំណេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយសរសេរយ៉ាងដូច្នេះថា សូម្បីសង្ក្រាន្តរួច Google ក៏មិននៅខាងស្រុកចោរដែរ ។ ក្រោយការបង្ហោះសំណេររបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ មហាជនជាច្រើនបានចូលទៅបញ្ចេញមតិព្រោងព្រៀត ដោយខ្លះលើកឡើងថា ចង់ឲ្យចែជួយផុសថា ឲ្យប្រជាជនខ្មែរឈប់យកលុយទៅចាយស្រុកវា មានលុយគួរដើរទេសចរណ៍ក្នុងស្រុកឲ្យបានច្រើន ។ ខ្លះទៀតបញ្ចេញមតិដោយសរសេរថា មកពីយើងដាក់បកប្រែពីភាសាអង់គ្លេសមកខ្មែរ បើដាក់ប្រែពីភាសារអង់គ្លេសថៃ នឹងឃើញដាក់ជាសង្ក្រាន្តថៃហើយ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ អង្គការយូណេស្កូ បានប្រកាសដាក់ពិធីចូលឆ្នាំសង្ក្រាន្តនៅថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី ។ បន្ថែមពីនេះ អង្គការយូណេស្កូ ក៏បានសម្រេចលើបេក្ខភាពចំនួន ៤៤ទៀត របស់បណ្តាប្រទេសផ្សេងក្នុងថ្ងៃដដែលនោះផងដែរ ។ ដោយឡែកកាសែត The Nation ធ្លាប់បានលើកឡើងពីសាវតារនៃពិធីសង្ក្រាន្តរបស់ថៃ ដែលប្រារព្ធឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ជារៀងរាល់ឆ្នាំ ។
ពាក្យស្នើសុំចុះបញ្ជីរបស់អង្គការយូណេស្កូសម្រាប់សង្ក្រាន្តថៃត្រូវបានដាក់ជាលើកដំបូងក្នុងខែមីនា ឆ្នាំ២០២០ ដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ហើយត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។
ជុំវិញបញ្ហាកម្មវិធី Google Translate ដែលវាយពាក្យជាអក្សរអង់គ្លេសថា Happy Thai Songkran news year បែរជាចេញពាក្យ រីករាយបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ នៅមិនទាន់មានការបកស្រាយលម្អិតពីអ្នកជំនាញរូបណានៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។ ចុះបងប្អូនដែលកំពុងទស្សនាធ្លាប់សាកល្បងវាយពាក្យនេះហើយឬនៅ សូមបញ្ចេញមតិនៅខាងក្រោម ៕

ចែករំលែកព័តមាននេះ