ខេត្តស្វាយរៀង ៖ ចោរឆក់ទូរសព្ទ័ដៃម្នាក់ជាជនជាតិវៀតណាម បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីប្រជាពលរដ្ឋនិងភ្ញៀវនៅក្រុងបាវិតដ៏កក្រើកនោះ ត្រូវអស់លក្ខណ៍ហើយ ក្រោយប្រជាពលរដ្ឋស្ទាក់ព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៩ មេសា ២០២៤នៅខាងលិចច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចំណុចផ្លូវបេតុងច្រកចូលកាស៊ីណូហេងហេង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
បើតាមប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងថា កន្លងមក មានចោរតែងតែធ្វើសកម្មភាពជិះម៉ូតូឆក់ទូរសព្ទ័ដៃរបស់ប្រជាពលរដ្ឋ និងភ្ញៀវដែលដើរលេង ឬទៅផ្សាររាត្រីនៅពេលយប់បានសម្រេចជាញឹកញាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលមិនដែលចាប់បានទេ។
ទើបតែនៅយប់កើតហេតុនេះ ពេលធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីប្រជាពលរដ្ឋបានហើយក៏ជិះម៉ូតូគេចខ្លួន ប្រជាពលរដ្ឋស្រែកឆោឡោឲ្យជួញនាំគ្នាដេញតាម ចោរអស់លក្ខ័ព្រះមិនជួយក៏មានរថយន្ត១គ្រឿងមកបាំងពីមុខបង្អាក់ដាំណើរប្រជាពលរដ្ឋចេញមកព័ទ្ធស្ទាក់ក្របួចចាប់បានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ហើយពិនិត្យមើលភិនភាគចោរ និងម៉ូតូ ទើបស្គាល់ថា ជាចោរដែលតែងតែធ្វើសកម្មភាពជិះម៉ូតូមកឆក់ទូរសព្ទ័ដៃរបស់ប្រជាពលរដ្ឋនិងភ្ញៀវជាញឹកញាប់ ហើយបានសម្រេចរាល់លើក។ ទោះបីជាប៉ិនប្រសប់ខាងឆក់យ៉ាងណា ក៏គង់តែជាប់អន្ទាក់សមត្ថកិច្ចដែរ។
មហាជនបានលើកឡើងថា ចោរកម្ម ឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ពេលសមត្ថកិច្ចចាប់ខ្លួនបានភាគច្រើនគឺជាជនបរទេស(ជនជាតិវៀតណាមនិងចិន) មហាជនបានសំណូមពរសូមឲ្យសមត្ថកិច្ចមេត្តារឹតបន្តឹងការអនុវត្តច្បាប់នៃការគ្រប់គ្រងជនអន្តោប្រវេស្តន៍ដែលចូលមកស្នាក់នៅ ប្រកបមុខរបរអចិន្ត្រៃ និងការឆ្លងដែនចេញចូលរយៈពេលក្តី ឲ្យមានច្បាប់ត្រឹមត្រូវ កុំធូររលុងពេកទាន ៕
ចែករំលែកព័តមាននេះ