ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគរបាល​ជាតិស្នើ​សុំ​ស្នងការ​តាម​បណ្តា​ខេត្ត-​ក្រុង​ត្រូវធ្វើ​តេស្តរកសារ​ធា​តុ​ញៀ.ន​

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ស្នើ​ដល់គ្រប់​បណ្តា​ស្នងការដ្ឋាន​នគរបាល​បណ្ដាខេត្ត-ក្រុងទាំងអស់ ត្រូវធ្វើ​តេស្តរក​សារធាតុ​ញៀន​លើ​មន្ត្រី​នគរបាលតាម​អង្គភាព​របស់​ខ្លួន ​ដើម្បី​កិត្តិយស​នគរបាល​ជាតិ ។…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ស្នើ​ដល់គ្រប់​បណ្តា​ស្នងការដ្ឋាន​នគរបាល​បណ្ដាខេត្ត-ក្រុងទាំងអស់ ត្រូវធ្វើ​តេស្តរក​សារធាតុ​ញៀន​លើ​មន្ត្រី​នគរបាលតាម​អង្គភាព​របស់​ខ្លួន ​ដើម្បី​កិត្តិយស​នគរបាល​ជាតិ ។ មាន​ប្រសា​សន៍បែប​នេះ ​ក្នុង​ពិធី​ប្រកាសផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការនគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែមេសា​ ឆ្នាំ​២០២៤​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​កោតសរសើរពី​ស្នាដៃ និង​ស​មិ​ទ្ឋិ​ផលនានា ដែល​អាជ្ញាធរខេត្ត​និង​សមត្ថកិច្ចកងកម្លាំង​បាន​សហ​ការគ្នា ក្នុង​ការ​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់​ដោយ​សុខដុមរម​នា​។

ជាមួយ​គ្នា​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​លើក​ឡើង​ស្ថានភាព ប្រទេស​កម្ពុជា មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​បើក​ការ​ប្រកួតកីឡា​ស៊ី​ហ្គេ​ម និង​ប៉ា​រ៉ា​ហ្គេ​ម ទទួល​បាន​ជោគជ័យដ៏ត្រ​ចះ​ត្រចង់លើ​ផ្នែក​សន្តិសុខ សណ្ដាប់ធ្នាប់ គឺ​បាន​ល្អ​ប្រសើរ ។ ហើយ​អ្វី​ដែល​ប្រទេស​យើង​កាន់តែ​ល្បី​ថែម​ទៀត​នោះ​ គឺគ្រប់​បណ្ដា​កីឡាករ កីឡា​ការិនី មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ ទាំង​ការ​ស្នាក់​នៅ និង​អាហារ​ហូប​ចុក ដោយ​មិន​គិតថ្លៃ ដែល​នេះ​ជា​ការ​គិតគូ​របស់ សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន ជា​ប្រធាន​ព្រឹ​ទ្ឋ​សភាព និង​សម្តេច បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ផ្ដាំផ្ញើ​ដល់​ស្នងការ​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី ត្រូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ នឹង​ត្រូវ​យកចិត្ត​ដាក់​ជាមួយ​ប្រជាពលរដ្ឋ ដែល​មក​ដាក់​ពាក្យបណ្ដឹង ត្រូវ​ស្រាវជ្រាវ ភស្តុ​តាង សាក្សី ដើម្បី​កំណត់​មុខសញ្ញា​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់ ។ ត្រូវ​យកចិត្ត​ទុក ដាក់ លើ​ប៉ុស្តិ៍​រដ្ឋបាល តាម​មូលដ្ឋាន តើ​មាន​កម្លាំង​ប៉ុន្មាន​នាក់ ខ្វះខាត​អ្វីខ្លះ ត្រូវ​ជួយ​បំពេញបន្ថែម ដើម្បី​ឱ្យ​ប៉ុ​ស្ត៍​រដ្ឋបាល​តាម​មូលដ្ឋាន បំពេញការងារ​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព និង​ជា​ចុង​ក្រោយ​សូម​យកចិត្ត​ដាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រដូវក្តៅ រាំង​ស្ងួត​នេះ ដែល​ពួក​គាត់​អាច​នឹង​ខ្វះខាត​ទឹក​ប្រើប្រាស់ ត្រូវ​ប្រើ​មធ្យោបាយ​ដឹក​ទឹក​ចែក​ជូន​ពួក​គាត់​ប្រើប្រាស់​ទាន់​ពេលវេលា ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ស៊ុន​សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​រាយការណ៍​ពី​សកម្មភាព​នានា ដែល​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​សម្រេច​បាន ដូច​ជា​ដោះស្រាយ​វិវាទ​ដីធ្លី ជូន​ប្រជា​ពលរដ្ឋ និង​សមិទ្ធផល​នានា​ដូច​ជា ការ​កសាង​ផ្លូវថ្នល់ ពី​គ្រួ​ស​ក្រហម​ក្លាយទៅជា​ផ្លូវ​បេតុង​ឬ​ក៏​ផ្លូវ​ចាក់​កៅស៊ូ ការ​ជីក ប្រឡាយ​យក​ទឹក ធ្វើ​កសិកម្ម​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ពី​វិធានការ​ទប់ស្កាត់​បទល្មើស នានា​កន្លង​មក​។ ដោយឡែក​ ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ត្រូវ​បាន​សមត្ថកិច្ច​សម្រុះ រួម​ទាំង​ស្ថាប័ន​តុលាការ បាន​ដកហូត​ដីធ្លី​ពី​ប្រជាពលរដ្ឋ ដែល​កាន់កាប់​ដោយ​ខុសច្បាប់ ជាង ៧​ពាន់​គ្រួសារ ស្មើនឹង​ផ្ទៃដី​ជាង ៣ ម៉ឺន​ហិ​កតា​។ ជាមួយ​គ្នានេះ​ដែរ ក្នុង​ព្រឹត្តិការ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី្ង រយៈពេល​៤​ថ្ងៃ ខេត្តកំពង់ឆ្នាំង​គ្មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នោះ​ទេ​។

សូម​បញ្ជាក់​ថា​ ពិធី​នោះ​បាន​ប្រកាស លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ចូល​កាន់​ដំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ថ្មី ជំនួស​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ត្រូវ​បាន​ប្តូ​ទៅ​កាន់​តំណែង ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ