ខេត្តកំពង់ស្ពឺ ៖ លោកសង្ឃក្លែងក្លាយចំនួន១៤នាក់ត្រូវបានចាប់បកស្បង់ចីវរចេញភ្លាមៗ និងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយពីក្រុមជនក្លែងបន្លំទាំងនេះធ្វើជាសង្ឃដើរបិណ្ឌបាត និងរៃយកបច្ច័យតាមទីសាធារណៈ ។ ការឃាត់ខ្លួនកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យដឹង ក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទនេះ មានឈ្មោះ ទី០១-ឈ្មោះញឹម គឹម អាយុ37ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ ២-ឈ្មោះសន ឌីណា អាយុ28ឆ្នាំ រស់នៅភូមិត្រពាំងរាំ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ ៣-ឈ្មោះញឹង សុជាតិ អាយុ15ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត ។ ៤-ឈ្មោះឆេង ភ័ណ្ឌ អាយុ26ឆ្នាំ រស់នៅភូមិត្រពាំងម្នាស់ ស្រុកដងទង់ ខេត្តកំពត ។ ៥-ឈ្មោះភឹម ពិសិដ្ឋ អាយុ19ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត ។

៦-ឈ្មោះឃុំ រ៉ូត អាយុ24ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ៧-ឈ្មោះហន ម៉េងលី អាយុ15ឆ្នាំ រស់នៅភូមិដុកឃ្លខ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ៨-ឈ្មោះឆាន់ រដ្ឋា ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ៩-ឈ្មោះយាយសុភារុណ ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (មានសាធាតុញៀន)។ ១០-ឈ្មោះច្រាន់ ប៉ាវ អាយុ 29ឆ្នាំ រស់នៅភូមិទទុង ឃុំដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ១១-ឈ្មោះញឹន ព្រឿន ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទុង ខេត្តកំពត (មានសាធាតុញៀន)។

១២-ឈ្មោះញុន សុខគា អាយុ17ឆ្នាំ រស់នៅភូមិត្រពាំនៀល ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ១៣-ឈ្មោះញ៉ ជឿន អាយុ17ឆ្នាំ រស់នៅភូមិបុះញីញ ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្តកំពត (មានសាធាតុញៀន) និងទី១៤-ឈ្មោះអ៊ិន ធី អាយុ32ឆ្នាំ រស់នៅភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (មានសាធាតុញៀន) ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរស្រុកថ្ពងបានបន្តទៀតថា ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតយ៉ាងអនាធិបតេយ្យនេះ បានជិះរថយន្ត១គ្រឿងម៉ាកស្ដារិចមិនស្គាល់ស្លាកលេខ (រត់គេចខ្លួន)និងផាសស្អាប់១គ្រឿងពាក់ស្លាកលេខភ្នំពេញ 1KE-2876 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន បានដឹកព្រះសង្ឃក្លែងក្លាយមកចំណុចកើតហេតុខាងលើ។

លោកអធិការនគរបាលស្រុកថ្ពងបានបន្ថែមទៀត នៅមុនពេលឃាត់ខ្លួនក្រុមក្លែងបន្លំបាន គឺទទួលបានព័ត៌មានពីប្រជាពលរដ្ឋនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអមលាំងបានរាយការណ៍មកជំនាញ លោកក៏បានដឹកនាំកម្លាំងនិងសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអមលាំងនិងប្រជាការពារ បង្ក្រាបបានក្រុមក្លែងបន្លំឈ្មោះខាងលើនិងដកវត្ថុតាងដូចខាងក្រោមមាន÷ ១-ស្បង់ចីវរ ១៤សម្រាប់, ២-បាតចំនួន០៣, ៣-ថង់យាមចំនួន១៤, ៤-ទូរស័ព្ទចំនួន១០គ្រឿង, ៥-ធៀបបុណ្យចំនួន១២សន្លឹក៦-កាតសម្គាល់ខ្លួនចំនួន០៥, ៧-ផាសស្អាប់១គ្រឿង និងសម្ភារៈមួយចំនួន។ នាំខ្លួនព្រះសង្ឃក្លែងក្លាយទាំងអស់ មកវត្តគិរីមុន្នីកោសី(ហៅវត្តត្រពាំងត្រោក)ដើម្បីបកស្បង់ចីវរ រួចប្រគល់មកឱ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។ ក្នុងនោះរកឃើញមនុស្សចំនួន៩នាក់មានសារធាតុញៀន។

បច្ចុប្បន្ន ក្រុមជនសង្ស័យ(សង្ឃក្លែងក្លាយ)ទាំង១៤នាក់ រួមជាមួយវត្ថុតាងនគរបាលជំនាញបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ