តាមផ្លូវនៅទីក្រុងភ្នំពេញ មានសភាពស្ងប់ស្ងាត់ជាងធម្មតា នៅក្នុងរយៈពេលចូលឆ្នាំ ចាប់ពីថ្ងៃទី១៣ ខែមេសា មកដល់ពេលនេះ ខណៈដែលប្រជាជនកម្ពុជាភាគច្រើននាំគ្នាទៅស្រុកកំណើត និងដើរលេងតាមតំបន់ទេសចរណ៍នៅតាមខេត្តនានា ព្រមទាំងទៅដើរលេងនៅបរទេសផងដែរ ។
ជាទម្លាប់ប្រជាជនខ្មែរច្រើននាំគ្នាទៅកាន់ស្រុកកំណើត នៅថ្ងៃចូលឆ្នាំ និងបុណ្យភ្ជំបិណ្ឌ ។ ទន្ទឹមនោះ ពួកគេក៏នាំគ្នាដើរលេងក្រៅប្រទេស និងក្នុងប្រទេស តាមខេត្តនានានៅក្នុងប្រទេសកម្ពុជា ។
សភាពអ៊ូអរបានគ្របដណ្តប់បណ្តាខេត្ត និងតំបន់ទេសចរណ៍ ។ ខេត្តដែលមានអ្នកទៅលេងច្រើនជាងគេ រួមមានខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តមណ្ឌលគីរី និងរតនគីរីជាដើម ។
អ្នកនៅភ្នំពេញវិញមានមិនសូវច្រើនទេ ប៉ុន្តែពួកគេក៏ជួបជុំច្រើនសប្បាយនៅវត្តភ្នំពេញផងដែរ ។ រយៈពេលបីថ្ងៃកន្លងមកនេះ វត្តភ្នំមានមនុស្សច្រើនណាស់ទៅកម្សាន្តសប្បាយនៅទីនោះ ។ ចំណែកនៅទីក្រុង កោះនរា នៅត្រើយខាងកើតក៏មានមនុស្សដើរលេងច្រើនផងដែរ ៕ ដោយ សា រ៉ាន់
ចែករំលែកព័តមាននេះ