រដ្ឋបាលរាជធានីភ្នំពេញ ទទួលទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ៖ មន្ត្រីសាលាក្រុងភ្នំពេញបានបួងសួងអោយយាយពេញជួយបីបាច់ថែរក្សាដល់អ្នករស់នៅភ្នំពេញ មានសេចក្តីសុខ និងចម្រុងចម្រើន ។

សង្គ្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ បានចូលមកដល់នៅវេលាម៉ោង២២និង២៤នាទីយប់ ថ្ងៃទី១៣ មេសា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏រីករាយនេះដែរ ក្រុមប្រឹក្សារាជធានីភ្នំពេញ,គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរសង្កាត់ ខណ្ឌកងកម្លាំងប្រដាប់អាវុធក្រោមឧិវាទរាជធានីភ្នំពេញ បានកំណត់យកទីតាំងរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំពេញដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ ក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។





ក្នុងឱកាសនោះ មន្ត្រីគ្រប់លំដាប់ថ្នាក់បានអញ្ជើញបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី,លោកយាយ ពេញសុំ ជួយបីបាច់ ថែរក្សាអភិបាលប្រោះព្រំដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អោយ មានសេចក្តីសុខចម្រុងចម្រើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសន្តិភាពនាឆ្នាំថ្មីនេះ ។
គួរបញ្ជាក់ថា ប្រជាជនកម្ពុជាជាច្រើនក៏បាននាំគ្នាទៅកម្សាន្តសប្បាយនៅវត្តភ្នំផងដែរ ដើម្បីលេងល្បែងប្រជាប្រិយមានដូចជា ទាញព្រាត់, លោតបាវ, ចោលឈូង, បោះអង្គុញ, លាក់កន្សែង និងរាំលេងកម្សាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៏ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត ៕





ចែករំលែកព័តមាននេះ