ទីក្រុងស៊ីដនី៖ នៅប្រទេសអូស្ត្រាលីថ្មីៗនេះមានហេតុការណ៍យកកាំបិតដេញចាក់មនុស្សនៅទីសាធារណៈដោយឥតសមហេតុផល ឬឥតមានគំនុំអ្វីជាមួយគ្នាពីមុនមក។ ហេតុការណ៍នេះកើតឡើងនៅម្ដុំផ្សារទំនើបមួយកន្លែងបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៥នាក់។ សាក្សីនិយាយថាមនុស្សម្នាក់នៅសុខៗស្រាប់តែយកកាំបិតមុតស្រួចដើរចាក់មនុស្សដែលកំពុងដើរទិញឥវ៉ាន់។ គាត់ចាក់មនុស្ស៩នាក់។ ក្រោយមកសមត្ថកិច្ចក៏ចុះធ្វើអន្តរាគមន៍ ហើយបាញ់សម្លាប់គាត់ចោលតែម្ដង។
ដូច្នេះត្រឹមតែមួប៉ប្រិចភ្នែកប៉ុណ្ណោះមនុស្ស៦នាក់ស្លាប់យ៉ាងអាណោចអាធ័មរួមទាំងជនសង្ស័យផងដែរ។ សមត្ថកិច្ចយល់ថាជនដៃដល់ធ្វើសកម្មភាពនេះតែម្នាក់ឯងប៉ុណ្ណោះ។ មានន័យថាគ្មានអ្នកសមគំនិតទេ ហើយសំណុំរឿងនេះត្រូវបិទបញ្ចប់ត្រឹមការបាញ់សម្លាប់ជនដៃដល់តែម្ដង គ្មានការបន្តភាគទៅថ្ងៃក្រោយទេ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណជនដៃដល់នៅឡើយទេ ហើយក៏មិនទាន់ដឹងអំពីមូលហេតុនៃការចាក់សម្លាប់មនុស្សឆៅៗរបៀបនេះនៅឡើយដែរ។
ទូរទស្សន៍អេប៊ីស៊ី (ABC) របស់អូស្ត្រាលីផ្សាយថាសមត្ថកិច្ចគ្រាន់តែទទួលដំណឹងស្ដីពីការចាក់សម្លាប់មនុស្សនេះភ្លាមក៏បានចុះជម្លៀសមនុស្សព្រឹបៗចេញពីផ្សារទំនើបនៅតំបន់ជាយក្រុងស៊ីដនី។ អ្នកនាំពាក្យក្រុមរថយន្តគិលានសង្គ្រោះ (ឡានពេទ្យ) ថ្លែងថាពីដំបូងដៃគេសង្ស័យថាជនដៃដល់អាចមានគ្នា២នាក់។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចប្រុងស្រាវជ្រាវរកបក្សពួករបស់ជនសង្ស័យបន្ថែមទៀតក្រែងលោនៅសេសសល់កន្លែងណាផ្សេង។
តាមរយៈវីឌីអូឃ្លីបដែលគេបង្ហោះតគ្នាតាមបណ្ដាញសង្គម គេឃើញឡានប៉ូលិស និងឡានពេទ្យប្រមូលផ្ដុំគ្នា និងបញ្ចេញសំឡេងស៊ីរ៉ែនកងរំពងនៅបរិវេណជុំវិញផ្សារទំនើបនោះ។ គេឃើញសមត្ថកិច្ចឡើងឆែកមើលនៅលើដំបូលកន្លែងចតឡាន-ម៉ូតក្រែងលោជនដៃដល់ពួនសម្ងំនៅទីនោះ។ ចំណែកគ្រូពេទ្យខិតខំផ្ដល់ការជួយសង្គ្រោះបឋមចំពោះជនរងគ្រោះដែលត្រូវរបួស។
សាក្សីម្នាក់និយាយថានៅពេលកើតហេតុនោះ គាត់ខំសម្ងំលាក់ខ្លួននៅក្នុងកន្លែងកន្លុកកន្លៀតនៃហាងលក់ឥវ៉ាន់។ ក្រោយមក គាត់ស្ដាប់ឮសំឡេងគ្រាប់កាំភ្លើងបាញ់ផូងៗប្រហែលមួយគ្រាប់ ឬពីរគ្រាប់។ ពេលនោះ អ្នកដែលសម្ងំលាក់ខ្លួនទាំងប៉ុន្មានបានត្រឹមតែស្ដាប់ឮសំឡេងផ្ទុះ។ ប៉ុន្តែមិនដឹងថាជាស្នូរកាំភ្លើងរបស់សមត្ថកិច្ច ឬរបស់ជនដៃដល់។ ដូច្នេះ មានតែសម្ងំលាក់ខ្លួនជាបន្តទៀតព្រោះមិនអាចធ្វើអ្វីកើត។
មិនយូរប៉ុន្មាន អ្នកនៅក្នុងហាងនោះក៏ដឹកដៃអ្នកសម្ងំលាក់ខ្លួនទាំងប៉ុន្មានចេញទៅរកទីកន្លែងដែលមានសមត្ថភាពជាងនេះ ហើយអាចដាក់គន្លឹះទ្វារយ៉ាងរឹងមាំ។ ក្រោយមក គាត់ក៏ចាក់សោទ្វារបិទហាងលក់ឥវ៉ាន់ ហើយនាំអ្នកកំពុងរត់ពួនទាំងប៉ុន្មានចេញទៅតាមទ្វារហាងមកខាងក្រៅដោយសុវត្ថិភាព៕
ចែករំលែកព័តមាននេះ