ទីក្រុងវ៉ាស៊ីនតោន៖ លោកបៃដិនបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា យ៉ាងកក់ក្ដៅបំផុតនៅសេតវិមានដើម្បីពិភាក្សាអំពីការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនដែលរីកធំធាត់ជាលំដាប់នៅឥណ្ឌូ-ប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង។ ប្រទេសទាំង២អាមេរិកនិងជប៉ុនចង់អភិវឌ្ឍទំនាក់ទំនងខាងវិស័យការពារជាតិ និងសន្តិសុខជាតិឱ្យកាន់តែស៊ីជម្រៅ។

ប្រទេសជប៉ុនជាសម្ព័ន្ធមិត្តចាស់វស្សា និងដ៏សំខាន់មួយរបស់ប្រទេសអាមេរិកនៅទ្វីបអាស៊ី ហើយក៏ជាប្រទេសវិនិយោគផ្ទាល់ច្រើនបំផុតសម្រាប់ប្រទេសអាមេរិកផងដែរ (FDI)។ គេរំពឹងថាជប៉ុននឹងពង្រីកតួនាទីរបស់ខ្លួនមួយកម្រិតទៀតបន្ទាប់ពីប្រទេសនេះបានកែសម្រួលប្រព័ន្ធច្បាប់ជាតិរបស់ខ្លួនមួយចំនួនត្រឹមតែរយៈពេលមួយទសវត្សកន្លងទៅនេះ។ ជាពិសេស រដ្ឋធម្មនុញ្ញរបស់ជប៉ុនដែលមានចរិតសន្តិភាពនិយមត្រូវរដ្ឋាភិបាលធ្វើវិសោធនកម្មស្របទៅតាមសភាពការណ៍ពិភពលោក។

តាមគម្រោង, លោកគីស៊ីដានឹងឡើងថ្លែងសុន្ទរកថានៅក្នុងសភាអាមេរិកនៅយប់ថ្ងៃព្រហស្បតិ៍ ហើយនឹងចូលរួមកិច្ចប្រជុំកំពូលត្រីភាគីជាមួយលោកបៃដិន និងប្រធានាធិបតីហ្វ៊ីលីពីន លោកម៉ាកូស ដើម្បីជជែកគ្នាអំពីសកម្មភាពរបស់កងទ័ពជើងទឹកចិននៅលើដែនសមុទ្រមានជម្លោះ។

អាមេរិក និងជប៉ុនបានចុះកិច្ចព្រមព្រៀងចំនួន៧០ជាមួយគ្នានៅក្នុងកិច្ចសហការខាងវិស័យការពារជាតិ។ ក្នុងនោះក៏មានការអភិវឌ្ឍទំនាក់ទំនងយោធាដល់កម្រិតដាក់បញ្ជាការដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីជប៉ុនតែម្ដងដើម្បីងាយស្រួលបើមានអាសន្នអន្ធក្រ ឬចម្បាំងរាំងជល់កើតឡើង អាមេរិកអាចធ្វើអន្តរាគមន៍ភ្លាមៗ។

ក្រៅពីនេះ គេរំពឹងថាលោកបៃដិន និងលោកគីស៊ីដានឹងប្រកាសដាក់ចេញវិធានការមួយចំនួនដើម្បីអនុញ្ញាតឱ្យបើករោងចក្រផលិតគ្រឿងបរិក្ខារយោធានៅប្រទេសជប៉ុនតែម្ដង។ មជ្ឈដ្ឋានខ្លះចាត់ទុកនេះជាការអភិវឌ្ឍឈានឡើងនូវកិច្ចសហប្រតិបត្តិការយោធាដល់កម្រិតខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកជេកស៊ូលីវេន (Jake Sullivan) ថ្លែងថាទស្សនកិច្ចរបស់លោកគីស៊ីដាឆ្លុះបញ្ចាំងពីមហិច្ឆតាដ៏ខ្ពស់របស់សម្ព័ន្ធមិត្ត។

មន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថានាពេលដ៏ខ្លីខាងមុខនេះ ជប៉ុននឹងក្លាយជាដៃគូកម្រិតពិភពលោកយ៉ាងពេញទីរបស់ប្រទេសអាមេរិក។ ដូច្នេះ ឥទ្ធិពលរបស់ជប៉ុនហួសពីក្របខណ្ឌតំបន់ទៅទៀត។ ពោលគឺហក់ចូលទៅក្នុងក្របខណ្ឌអឺរ៉ុប និងមជ្ឈិមបូព៌ា។ មន្ត្រីរូបនេះថ្លែងថាប្រទេសចិនកំពុងព្យាយាមដាក់ឱ្យជប៉ុន និងហ្វ៊ីលីពីននៅឯកោ។ ដូច្នេះ ដើម្បីជាការវាយបក, លោកបៃដិនត្រូវតែរៀបចំកិច្ចជំនួបកំពូលត្រីភាគីជាប្រញាប់ដើម្បីដាក់ឱ្យប្រទេសចិននៅឯកោ។

អ្នកវិភាគយល់ថាជំនួបកំពូលលើកនេះអាចជួយលើកមុខមាត់របស់លោកគីស៊ីដាឡើងវិញបន្ទាប់ពីលោកធ្លាក់ចុះប្រជាប្រិយភាពបន្តិចនៅក្នុងឆាកនយោបាយជាតិ។ ឥឡូវនេះ អ្វីដែលជាក្ដីកង្វល់របស់រដ្ឋាភិបាលជប៉ុនគឺលទ្ធភាពនៃការជាប់ឆ្នោតសាជាថ្មីរបស់លោកដូណាល់ត្រាំនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាចុងឆ្នាំ២០២៤។ គេបារម្ភថាស្ថានការណ៍នៅក្នុងតំបន់អាចនឹងប្រែប្រួលបើលោកត្រាំឈ្នះឆ្នោត ហើយឈានទៅដល់កិច្ចព្រមព្រៀងអ្វីមួយជាមួយប្រទេសចិន៕
ប្រភព៖ Reuters និង VOA



ចែករំលែកព័តមាននេះ