ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានធ្វើមេជញ្ជីងថ្លឹងឡានលើសទម្ងន់ដូចបានកេរធ្លាក់ពីលើមេឃ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បែកធ្លាយ​រឿង​លោក សោម សុធា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​គ្រប់​ប្រភេទ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុង​សង្កាត់​កណ្តោលដុំ…

ខេត្តកំពង់ស្ពឺ ៖ បែកធ្លាយ​រឿង​លោក សោម សុធា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​គ្រប់​ប្រភេទ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ថា បាន​ទទួល​លុយ​ប្រចាំខែ ពី​ក្រុម​រថយន្ត​ដឹក​លើស​ទម្ងន់ ដោយ​បើកដៃ​ឲ្យ​រថយន្ត​ទាំងនោះ​មិន​ចូល​ថ្លឹង​ទម្ងន់​ហើយ​បើក​បង្ហួស​ស្ថានីយ​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក សោម សុធា អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​គ្រប់គ្រង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ខេត្តកំពង់ស្ពឺ ជា​រៀងរាល់ថ្ងៃ កំពុង​តែ​កើប​លុយរាប់​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ៗ ។ ដោយសារ​តែ​លោក សោម សុធា កំពុង​តែ​ប្រើ​អំណាច​ទៅ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​កត់សម្គាល់​ផ្លា​ក​លេខ ហើយ​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ទាំង​អស់នោះ​ត្រូវ​បង់លុយ​ក្បាល​ឡាន​វិញ តែ​ក៏​មាន​ខ្លះ​បង់​ប្រចាំខែ​ក៏​មាន​ដូច​បាន​កេរ​ធ្លាក់​ពីលើ​មេឃ ។

ដោយឡែក ក្រុម​ម្ចាស់​រថយន្ត​មួយ​ចំនួន​ដែល​មាន​រថយន្ត​រត់​ឆ្លងកាត់​ជញ្ជីង​កណ្ដាល​ដុំ​នេះ​បាន​និយាយ​ថា រាប់​ពី​រាល់ថ្ងៃ​ហាក់បីដូចជា រកស៊ី​ចិញ្ចឹម​គ្រួសារ​គេ​ដូច្នោះ​ដែរ ព្រោះថា បើ​មិន​បង់លុយ​ទេ​ច្បាស់​ជា​រកស៊ី​លែង​បាន​ហើយ ដូច​ពាក្យ​ថា ចូល​ស្ទឹង​តាម​បទ ។

ពាក់ព័ន្ធ​នឹង​ប្រភព​ខាងលើ​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក​សោម​សុធា ប្រធាន​ស្ថានីយ ដើម្បី​សុំ​ការ​ពន្យល់​បកស្រាយ​ដោយ​លោក​បាន​ប្រាប់​ថា ជាប់រវល់​សូម​ទំនាក់ទំនង​ជាមួយ​អនុប្រធាន​ស្ថានីយ​វិញ​នោះ គឺ​លោក អ៊ា​ម ជោតិ​វិ​ត្យា ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​លោក អ៊ា​ម ជោតិ​វិ​ត្យា អនុប្រធាន​ស្ថានីយ បាន​ប្រាប់​ថា​ជា​គោល​ការ​ជញ្ជីង រាល់​រថយន្ត​ដឹក​លើស​ទម្ងន់​លើក​ទី​១ ធ្វើ​កិច្ចសន្យា​តាម​បច្ចេកទេស​ត្រូវ​ពិន័យ​ពួក​គាត់ ប៉ុន្តែ​ពេល​ខ្លះ​ពួក​គាត់​មិន​ស្តាប់​ដែរ ។ លោក​បាន​ប្រៀបធៀប​ថា ជញ្ជីង​ប្រើ​ល្បឿន​ផ្សេង ប៉ុន្តែ​ជញ្ជីង​នៅ​កណ្តោលដុំ ប្រសិនបើ​ម្ចាស់​រថយន្ត និង​ក្រុមហ៊ុន​មិន​សុខចិត្ត រឿង​ទម្ងន់​អាច​ថ្លឹង​ម្តងទៀត ហើយ​ថតរូប​ទុក​ទៅ ។

ពាក់ព័ន្ធ​ទៅ​នឹង​សំណួរ​ដែល​ថា ក្រុម​លោក​បាន​ទទួល​ប្រាក់​ប្រចាំខែ និង​រាប់​ក្បាល​ឡាន​ដែល​ដឹក​លើស​ទម្ងន់​ពី​ក្រុម​រថយន្ត​ដែល​មិន​ចូល​ថ្លឹង ។ លោក​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ «​អត់​ដែល​បាន​ទទួល​ការ​បង់លុយ​ជា​ក្បាល​ឡាន ឬ​ជា​ខែ​ជា​អី​នោះ​ទេ ឱ្យ​តែ​ការ​ណែនាំ ចំពោះ​រថយន្ត​សណ្ដោង ភ្លៅ​៥ ទម្ងន់​៤០​តោន មាន​ឡាន​ខ្លះ​អាច​ដឹក​លើស​ដល់ ៤៥​តោន​ក៏​មាន ពេល​ខ្លះ​ដោយសារ​តែ​មានការ​យោគយល់​ក៏​ចេះ​តែ​សម្របសម្រួល​គ្នា​ថ្លៃ​បាយ​ម្ហូប​ទៅ​តាម​ស្ថានការណ៍​ជាក់ស្ដែង និង​អនុគ្រោះ​ទៅ ។

ចំណែក​ឡាន​តូច ដែល​លើស​ពី​បី​តោន បើ​ចរចា​សុំ​ការ​អនុគ្រោះ ពេល​ខ្លះ​ពួក​គាត់ ជូន​លុយ​តិចតួច ចេះ​តែ​យោគយល់ ជួនកាល​អ្នកខ្លះ​មិន​ឱ្យ​ក៏​មាន ។ ទាក់ទិន​ទៅ​នឹង​ការ​លើក​ឡើង​ថា មានការ​សម្លុត​គំរាម​នោះ ទទួលស្គាល់​ជួនកាល​មន្ត្រី​ខ្លះ​សម្លុត​គំរាម​តៃកុង​រថយន្ត​ក៏​មាន ។ លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ច្បាប់​ចែង​ថា លើស​១០០​គីឡូ ត្រូវ​តែ​ផាកពិន័យ​ហើយ ។

លោក អ៊ា​ម ជោតិ​វិ​ត្យា បន្ត​ថា នៅ​ស្ថានីយ​មាន​ដាក់​កា​មេ​រា​ទាំង​ក្នុង និង​ក្រៅ ។ ចំណែក​រថយន្ត​ដែល​ដឹក​លើស​១០​តោន ៥​តោន ពិន័យ​១​លាន​រៀល ។ លោក​ទទួលស្គាល់​ថា មាន​រថយន្ត​ខ្លះ​រត់គេច​ជញ្ជីង​មែន ម្តងម្កាល ប៉ុន្តែ​មិន​ញឹកញាប់​នោះ​ទេ ។ នៅ​ទីនោះ​មាន​សមត្ថកិច្ច​ចម្រុះ ការពារ​សុវត្ថិភាព​តែ​ប៉ុណ្ណោះ ។

មានការ​លើក​ឡើង​ផង​ដែរ​ថា បញ្ហា​អស់ទាំង​នេះ គួរ​ណាស់​តែ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ចាត់​បញ្ជូន​ក្រុម​ជំនាញ​ឲ្យ​មក​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ក្រុម​មន្ត្រី​នៅ​ស្ថានីយ​ជញ្ជីង​កណ្ដោល​ដុំ​នេះ​ម្ដង​ហើយ បើ​បណ្តែតបណ្ដោយ​តទៅ​ទៀត ទាំង​ប្រធាន និង​អនុប្រធាន​ច្បាស់​ជា​បានចិត្ត ហើយ​បន្ត​ជិះសេះ​លែងដៃ​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ