ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​កំពុង​តាមដាន​គុណភាព​ទឹក​ក្នុង​ខេត្តស្ទឹងត្រែង បន្ទាប់​ពី​អាស៊ី​ដ​៣០​តោន ហូរ​ចូល​ទន្លេមេគង្គ នៅ​ឡាវ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែមេសា​នេះ បាន​ប្រកាស​ថា ក្រុម​មន្ដ្រី​បច្ចេកទេស​របស់​ក្រសួង បាន​និង​កំពុង​តាមដាន​ស្ថានភាព​គុណភាព​ទឹក​នៅ​ទន្លេមេគង្គ ពិសេស​នៅ​តំបន់​រ៉ា​ម​សារ ក្នុង​ខេត្តស្ទឹងត្រែង…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែមេសា​នេះ បាន​ប្រកាស​ថា ក្រុម​មន្ដ្រី​បច្ចេកទេស​របស់​ក្រសួង បាន​និង​កំពុង​តាមដាន​ស្ថានភាព​គុណភាព​ទឹក​នៅ​ទន្លេមេគង្គ ពិសេស​នៅ​តំបន់​រ៉ា​ម​សារ ក្នុង​ខេត្តស្ទឹងត្រែង ករណី​ឧបទ្ទវហេតុ នៃ​ការ​ក្រឡាប់​រថយន្ត​ដឹក​អាស៊ីត​ស៊ុ​ល​ហ្វូ​រិច ប្រមាណ​៣០​តោន នៅ​ក្នុង​ប្រទេស​ឡាវ ។

ក្រសួងបរិស្ថាន ជម្រាប​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ កន្លង​មកនេះ មាន​ឧបទ្ទវហេតុ នៃ​ការ​ក្រឡាប់​រថយន្ត​ដឹក​អាស៊ីត​ស៊ុ​ល​ហ្វូ​រិច (Sulfuric Acid) នៅ​ភូមិ​ភូ​សាង​ខាំ ក្នុង​ខេត្ត​ហ្លួង​ប្រា​បាង ប្រទេស​ឡាវ ដែល​បណ្តាល​ឱ្យ​មានការ​លេច​ធ្លាយ​អាស៊ីត​ស៊ុ​ល​ហ្វូ​រិច ប្រមាណ​ជា​៣០​តោន ធ្លាក់​ចូល​ស្ទឹង​ណា​ម​ខាន់ ដែល​ស្ទឹង​នេះ ហូរ​ចូល​ទន្លេមេគង្គ ត្រង់​ចំណុច​ទីក្រុង​ហ្លួង​ប្រា​បាង ហើយ​មាន​ចម្ងាយ​ប្រមាណ ១,៣៧០ គីឡូម៉ែត្រ​ពី​ព្រំប្រទល់​កម្ពុជា​-​ឡាវ ។

ក្រសួង​បញ្ជាក់​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​ឧបទ្ទវ​ហេតុនេះ ក្រសួងបរិស្ថាន បាន​ធ្វើការ​យកចិត្តទុកដាក់​ក្នុង​អាទិភាព​ខ្ពស់ ដោយ​បាន​ចាត់​ក្រុមការងារ​ជំនាញ ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​គុណភាព​ទឹកទន្លេ​មេគង្គ​នៅ​តាម​តំបន់ ព្រំដែន​ជាប់​ប្រទេស​ឡាវ និង​យក​សំណាក​ទឹក​មក​ធ្វើការ​វិភាគ​តាមដាន​ជា​ប្រចាំ និង​បាន​ចាត់​មន្ត្រី​នៅ​ប្រចាំការ តាមដាន​ស្ថានភាព​គុណភាព​ទឹក​នៅ​ទន្លេមេគង្គ ពិសេស​នៅ​តំបន់​រ៉ា​ម​សារ ក្នុង​ខេត្តស្ទឹងត្រែង ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តាម​យន្តការ ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដើម្បី​តាមដាន និង​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ នឹង​ករណី​ខាងលើ​នេះ និង​ធ្វើការ​ជូនដំណឹង​ជា​សាធារណៈ​ចំពោះ​កា​រវិ​វត្ត​ណាមួយ​ពី​ស្ថានភាព​គុណភាព​ទឹក ទន្លេមេគង្គ​ជា​បន្ត​ទៀត ។

សូម​រម្លឹក​ដែរ​ថា «​ក្រសួង​ធនធានទឹក​កម្ពុជា ជូនដំណឹង​បន្ទាប់​ពី​អាស៊ី​ដ​៣០​តោន ហូរ​ចូល​ទន្លេមេគង្គ ក្នុង​ប្រទេស​ឡាវ​» ក្រសួង​ធនធានទឹក និង​ឧតុនិយម​របស់​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តីជូនដំណឹង អំពី​ឧ​បទ្ទ​ហេតុ នៃ​ការ​លេច​ធ្លាយ​សារធាតុ​គីមី ចូល​ក្នុង​ស្ទឹង​ណា​ម ខាន់ ដៃទន្លេ​មេគង្គ ក្នុង​ប្រទេស​ឡាវ​។ ដោយ​កម្ពុជា​បាន​ទទួល នូវ​ព័ត៌មាន​បឋម​ពី​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ ជម្រាប​មក​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ អំពី​ឧ​បទ្ទ​ហេតុ នៃ​ការ​លេច​ធ្លោយ​ចូល​ក្នុង​ស្ទឹង​ណា ខាន់ (Nam Khan River) ស្ថិត​នៅ​ក្នុង​ក្រុង​ហ្លួង​ប្រា​បាង នៃ​ខេត្ត​ហ្លួង​ប្រា​បាង ប្រទេស​ឡាវ ដែល​បណ្តាល​មក​ពី​ឧ​បទ្ទ​ហេតុ​នៃ​ការ​ក្រឡាប់​រថយន្ត ដឹក​សារធាតុ​គីមី នៅ​ភូមិ​ភូ​សាង​ខាំ ក្នុង​ខេត្ត​ហ្លួង​ប្រា​បាង កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បន្ត​ថា ស្ទឹង​ណា​ម ខាន់ ជា​ដៃទន្លេ​មេគង្គ ហូរ​ចាក់​ចូល​ទន្លេមេគង្គ ត្រង់​ចំណុច​ទីក្រុង​ហ្លួង​ប្រា​បាង ហើយ​មាន​ចម្ងាយ​ពី​ព្រំប្រទល់​កម្ពុជា​-​ឡាវ ដល់ទី​នោះ​ប្រមាណ ១,៣៧០​គម ខាងលើ​ក្រុង​ប៉ាក់​សេ ប្រមាណ ១,២២០​គម និង​ខាងលើ​រដ្ឋធានី​វៀងចន្ទន៍ ប្រមាណ ៥០០​គម​។ នៅ​ខាងក្រោម​ទីក្រុង​ហ្លួង​ប្រា​បាង ចម្ងាយ​ប្រមាណ ១២០​គម មាន​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​បូ​រី នៅ​លើ​ដង​ទន្លេមេគង្គ ។

តាម​ការ​ជូនដំណឹង​ពី​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ សារធាតុ​គីមី ដែល​កំពប់​នោះ គឺ​អាស៊ី​ដ​ស៊ុ​ល​ផួ​រិច ដែល​មាន​បរិមាណ​សរុប​ប្រហែល ៣០​តោន តែ​ហូរ​ចូល​ក្នុង​ទឹក មិន​ទាំងអស់​ទេ​។ ករណី​នេះ នាយកដ្ឋាន​បរិស្ថាន​ឡាវ បាន​សហការ​ជាមួយ​ការិយាល័យ​ក្រុង​ហ្លួង​ប្រា​បាង អនុវត្ត​វិធានការ​ត្រួតពិនិត្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ខាងលើ​នេះ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​ថា ដោយសារ​ការ​ចាត់វិធានការ​របស់​អាជ្ញាធរ និង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​របស់​ឡាវ និង​ដោយ​ផ្អែក​លើ​លទ្ធផល នៃ​ការ​ចុះ​ពិនិត្យ​អង្កេត​ជាក់ស្តែង ដោយ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​ឡាវ នា​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៤ បង្ហាញ​ថា ពុំ​មាន​ផល​ប៉ះពាល់​ដល់​គុណភាព នៃ​ស្ទឹង​ណា​ម ខាន់ និង​ទន្លេមេគង្គ ដែល​បង្ក​ឡើង​ដោយ​ឧ​បទ្ទ​ហេតុ នៃ​ការ​ក្រឡាប់​រថយន្ត​ដឹក​សារធាតុ​គីមី​នោះ​ទេ​។ លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ បាន​និង​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​តាមដាន​វាយតម្លៃ​ជា​បន្ត ដើម្បី​ធានា​ដល់​កិច្ចការពារបរិស្ថាន និង​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​អំពី​ផល​ប៉ះពាល់ ដែល​អាច​កើត​មាន​ពី​ករណី​ឧ​បទ្ទ​ហេតុ​ខាងលើ មក​លើ​គុណភាព​ទឹកទន្លេ​មេគង្គ ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើការ​ជូនដំណឹង​បន្ថែម ក្នុង​ករណី​ចំ​បាច់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ