ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​កំពុង​មមាញឹក​រៀបចំ​តុបតែង​សង្ក្រាន្ត​វត្ត​ភ្នំ សម្រេច​បាន​៦០​ភាគរយ​ហើយ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៤​នេះ ការ​រៀបចំ​តុបតែង​លម្អ​សោភ័ណ​ភាព​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ គឺ​សម្រេច​បាន​ជាង​៦០​ភាគរយ​ហើយ ដើម្បី​ត្រៀម​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៤​នេះ ការ​រៀបចំ​តុបតែង​លម្អ​សោភ័ណ​ភាព​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ គឺ​សម្រេច​បាន​ជាង​៦០​ភាគរយ​ហើយ ដើម្បី​ត្រៀម​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ។

លោកស្រី ណ​ម ណា​រី​ម ប្រធាន​ស្តីទី មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យ​កោះសន្តិភាព​ដឹង​ថា ការ​រៀបចំ​តុបតែង​លម្អ នៅ​ជុំវិញ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដែល​ជាទី​តាំង​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ សម្រាប់​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ក៏​ដូច​ជា​ផ្តល់​ភាព​សប្បាយ រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ សម្រេច​បាន​ជាង​៦០​ភាគរយ​ហើយ ខណៈ​នៅ​សេសសល់​ប្រមាណ ជា​៣០​ភាគរយ​ទៀត នឹង​ព​ន្លឿ​ន​ឱ្យ​រួចរាល់​នៅ​ថ្ងៃ​ទី​១២ ឬ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៤ ។

លោកស្រី បន្ថែម​ថា នៅ​ក្នុង​ទីតាំង​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​បាន​រៀបចំ​ស្តង់​ចំនួន​៤ ដើម្បី​បង្ហាញ អំពី​អត្តសញ្ញាណ​ជាតិ ក៏​ដូច​ជា​ការ​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ និង​សមិទ្ធផល​ការងារ​របស់​មន្ទីរ​វប្បធម៌ ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក ទៅ​កាន់​ប្រជាជន​ខ្មែរ​ដែល​គាត់​បាន​មក​លេង​កម្សាន្ត នៅ​ក្នុង​រមណីយ ដ្ឋា​ន​ប្រវត្តិសាស្ត្រ​នេះ នឹង​បាន​ជ្រួតជ្រាប​កាន់តែ​ច្បាស់​អំពី​សិល្បៈ វប្បធម៌​ខ្មែរ ។
លោកស្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន អាច​មក​ចូលរួម​លេង​កម្សាន្ត ក្នុង​សង្ក្រាន្ដ​វត្ត​ភ្នំ ឱ្យ​បាន​ច្រើន​កុះករ ក្រោម​ម្លប់​សន្តិភាព ដ៏​ត្រជាក់ត្រជុំ ដែល​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ២០:០០ យប់ និង​តាម​ថ្ងៃ​នីមួយ​ៗ​។ ដោយនៅ​ក្នុង​ពិធី​សង្ក្រាន្ត​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និង​កម្សាន្ត​សប្បាយ​ជា​ច្រើន​ដូច​ជា កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្តែង​សិល្បៈ របាំ​ប្រពៃណី របាំ​បុរាណ ល្បែង​ប្រជាប្រិយ​ជាតិ (​ទាញ​ព្រ័ត បោះអង្គញ់ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង និង​ដណ្តើម​ស្លឹកឈើ​) ប្រគំ​តន្ត្រីបុរាណ​-​សម័យ រាំ​លេង​កម្សាន្ត តាំង​បង្ហាញ​គំនូរ​បុរាណ និង វត្ថុ​សិល្បៈ​វប្បធម៌ ។

លោកស្រី បញ្ជាក់​ថា «​សូម​ចូលរួម​លេង​កម្សាន្ត​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​សិរី​មង្គល​របស់​យើង​នេះ ឱ្យ​សប្បាយ​រីករាយ ទាំងអស់​គ្នា​។ ហើយ​ទន្ទឹម​នឹង​ការ​លេង​សប្បាយ​នេះ សូមកុំ​នាំ​គ្នា​លេង​សប្បាយ​រហូត​កើត​ទៅ ជា​បញ្ហា​ណាមួយ​ក្នុង​កត្តា​ផ្សេង​ៗ អ៊ីចឹង​ការ​លេង​គ្រប់ ដូច​ជា​ល្បែង​ប្រជាប្រិយ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត គឺ​ដោយ​ការ​ទទួលខុសត្រូវ​។ ហើយ​អ្វី​ដែល​សំខាន់​នោះ សុំ​ឱ្យ​យុវវ័យ​ទាំងអស់ ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​យុវវ័យ គឺជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ អីចឹង​យើង​ជ្រើសរើស​យក​ការ ដែល​យើង​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ចូល​ឆ្នាំ​ខ្មែរ ការ​សប្បាយ​រីករាយ ក៏​ដូច​ជា​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ជា​ជាង​ការ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន​ជាដើម​» ។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុមការងារ​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ ដែល​កំពុង​តែ​មមាញឹក​រៀបចំ​រូប​នាគ​ធ្វើ​ពី​ឫស្សី លាប​ពណ៌​មាស យ៉ាង​ស្រស់​ស្អាត នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ។

សូម​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​វិធានការ​យ៉ាង​ម៉ត់ចត់ ក្នុង​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​ទីតាំង​សង្ក្រាន្ត​វត្ត​ភ្នំ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ជាមួយនឹង​ការ​ដាក់​កម្លាំង​ល្បាត និង​ដាក់​គោលដៅ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពិនិត្យ​ជាតិ​អាល់កុល​ផង​ដែរ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​នេះ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អ្នកទេសចរ​ជាតិ អន្តរជាតិ​បាន​ចូលរួម​លេង កម្សាន្ត​នៅ​ទីតាំង​រមណីយដ្ឋាន​វត្ត​ភ្នំ​នេះ​ដោយ​ភាព​សប្បាយ​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ