រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ នាឱកាសបុណ្យចូលឆ្នាំខ្មែរ
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤…
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤…
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ បានចុះពិនិត្យមើលការរៀបចំកែលម្អ សោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ ៩ជាន់ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែង ដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងខេត្ត ជាពិសេសអភិវឌ្ឍតំបន់រម្មណីយដ្ឋាន ទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើង ដែលជាកត្តាមួយ ចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ។
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាពរមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ អោយកាន់តែល្អប្រឡើងឡើង លោកជំទាវ បានណែនាំអោយយុវជន ស.ស.យ.កខេត្ត សហការជាមួយមន្ត្រីជំនាញ បន្តធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋា រចនាសម័ន្ធ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដី ដ៏តូចច្រឡឹង នៃខេត្តត្បូងពេជ្រមួយនេះ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ទាំងអស់ ដែលមកកម្សាន្តតាមរម្មណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ ។
សូមបញ្ជាក់ថា ៖ រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត បានស្ថាបនារួចរាល់នូវផ្លូវបេតុងអាមេ ប្រវែងជាង៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕
ចែករំលែកព័តមាននេះ