ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រំលឹក​វៀតណាម​ពី​ការ​ចាប់​ដៃ​គ្នា​កសាង​ជោគ​វាសនា​អនាគត​តែ​មួយ

1 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ ​​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋ​សភា​វៀតណាម​ លោក​វឿងឌិញវេ ទៅ​ទី​ក្រុង​ប៉េកាំង​ ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង បាន​រំលឹក​​ពី​បំណង​ប្រាថ្នា​របស់​លោក​ចង់​​ឃើញ​​​ប្រទេស​ទាំង​២​ចាប់​ដៃ​គ្នា​កសាង​​អ្វី​ដែល​លោក​ហៅ​ថា​​​ «ជោគ​វាសនា​-​អនា​គត​រួម​គ្នា​តែ​មួយ​ – shared…

ទី​ក្រុង​ប៉េកាំង៖ ​​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋ​សភា​វៀតណាម​ លោក​វឿងឌិញវេ ទៅ​ទី​ក្រុង​ប៉េកាំង​ ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង បាន​រំលឹក​​ពី​បំណង​ប្រាថ្នា​របស់​លោក​ចង់​​ឃើញ​​​ប្រទេស​ទាំង​២​ចាប់​ដៃ​គ្នា​កសាង​​អ្វី​ដែល​លោក​ហៅ​ថា​​​ «ជោគ​វាសនា​-​អនា​គត​រួម​គ្នា​តែ​មួយ​ – shared future»។ ប្រធាន​រដ្ឋ​សភា​វៀត​ណាម​​​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ស៊ី​ជីន​ពីង​នៅ​វិមាន​ប្រជា​ជន​ចិន​។ លោក​ស៊ី​បាន​ស្នើ​សុំ​ឱ្យ​​ប្រទេស​ទាំង​២​បង្កើន​​កិច្ច​សហ​ប្រតិបត្តិ​ការកាន់​តែ​ស្អិត​ល្មួត​លើ​ផ្នែក​ពាណិជ្ជ​កម្ម និង​គម្រោង​អភិវឌ្ឍ​នានា​​។​

ទស្សន​កិច្ច​របស់​លោក​វឿង​ឌិញវេ​លើក​នេះ​មាន​រយៈ​ពេល​​មួយ​សប្ដាហ៍​។ លោក​សង្ឃឹម​ថា​ប្រទេស​ចិន​នឹងចូល​រួម​ចំណែក​សំខាន់​នៅ​ក្នុង​ការ​ថែ​រក្សា​សន្តិ​ភាព កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ក្រប​ខណ្ឌ​ពិភព​លោក​។ នេះ​បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​វៀតណាម​។ ​តំណែង​ប្រធាន​រដ្ឋ​សភា​វៀតណាម​​ក៏​មាន​ឥទ្ធិ​ពល​​ខ្លាំង​គួរ​សម​ផង​ដែរ​។

តំណែង​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​តំណែង​សំខាន់​ៗ​បួន​គឺ​ប្រធាន​រដ្ឋ​សភា​ អគ្គលេខា​ធិការ​បក្ស នាយក​រដ្ឋ​មន្ត្រី និង​ប្រធានា​ធិបតី​។ គ្រាន់​តែ​ថា​នៅ​ក្នុង​ចំណោម​នេះ​អគ្គ​លេខា​ធិការ​បក្ស​មាន​អំណាច​ខ្លាំង​ជាង​គេ​។ សព្វ​ថ្ងៃ​នេះ ​ចិន​ជា​ដៃ​គូ​ពាណិជ្ជ​​កម្ម​ធំ​ជាង​គេ​របស់​វៀតណាម​ ហើយ​ចិន​ក៏​ជា​ប្រទេស​នាំ​ចូល​វត្ថុ​ធាតុ​ដើម​សំខាន់​ៗ​ពី​វៀតណាម​ដើម្បី​​បម្រើ​ឱ្យ​​រោង​ចក្រ-​ឧស្សាហ​កម្ម​របស់​ចិន​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ ប្រទេស​កុម្មុយនិស្ត​ទាំង​២​នេះ​ក៏​បន្ត​មាន​ជម្លោះ​បូរណ​ភាព​ទឹក​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​។ ទំនាស់​ចាប់​ផ្ដើម​ពុះ​កញ្ជ្រោល​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ​។ គ្រាន់​តែថា​​ពី​សម្បក​ក្រៅ​​គេ​ចេះ​តែ​សម្ដែង​ផ្នែក​នយោបាយ​ឱ្យ​តែ​ល្អ​មើល​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ធាតុ​ពិត​ប្រទេស​ទាំង​២​មិន​អាច​ទុក​ចិត្ត​គ្នា​ទេ​។ ជា​ពិសេស​ វៀតណាម​ពិបាក​នឹង​ទុក​ចិត្ត​ចិន​ដោយ​សារ​តែ​រឿង​រ៉ាវ​ពី​អតីត​កាល​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​ប្រទេស​ទាំង​២​​សុខ​ចិត្ត​​ទុក​រឿង​ចម្រូង​ចម្រាស​មួយ​ឡែក​សិន​ដើម្បី​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ជាតិ​ឱ្យ​រីក​ចម្រើន​។ សូម​រំលឹក​ថា​កាល​ពី​ខែធ្នូ ឆ្នាំ​២០២៣ ប្រធានា​ធិបតី​ចិន​ធ្លាប់​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ហាណូយ ​​និង​បាន​ចូល​រួម​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សំខាន់​ៗ​ជា​ច្រើន​។ កាល​ណោះ​ប្រទេស​ទាំង​២​​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​កសាង​សហគមន៍​ដែល​មាន​ជោគ​វាសនា​-​អនា​គត​រួម​គ្នា​តែ​មួយ​។

នៅ​ថ្ងៃ​ក្នុង​កិច្ច​ជំនួប​កាល​ពី​ព្រឹក​មិញ​នេះ​ផង​ដែរ​ ប្រធាន​រដ្ឋ​សភា​វៀតណាម​ លោក​វឿង​ឌិញ​វេ​ បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ទាំង​២​បង្កើត​កិច្ច​ព្រម​ព្រៀង​ពិសេស​ថ្មី​ដើម្បី​អភិវឌ្ឍ​ពាណិជ្ជ​កម្ម។​ ​ចំណុច​មួយ​ទៀត​លោក​ស្នើ​សុំ​ឱ្យ​​ដាក់​បញ្ចូល​វៀតណាម​ទៅ​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ដ៏​ធំទូលាយ​របស់​ប្រទេស​​ចិន។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​វៀតណាម​៕​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/vietnam-national-assembly-chairman-meets-chinas-president-xi-beijing-2024-04-08/ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ