រាជធានីភ្នំពេញ ៖ ដោយបានការអនុញ្ញាតពីលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០១១ លោកហ៊ុយ សារុន អភិបាលរងខណ្ឌមានជ័យ និងលោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានដឹកនាំមន្ត្រីជំនាញចុះលាងសំអាតស្ពានព្រះមុនីវង្សចាស់ដែលប្រឡាក់ដីដោយសារឈ្មួញរកស៊ីដឹកដីស្រក់កំពប់គរលើស្ពានជាបន្តបន្ទាប់កាលពីពេលកន្លងមក ។
មានប្រសាសន៍ក្នុងឱកាសនោះលោកហ៊ុយ សារុន អភិបាលរងខណ្ឌមានជ័យ បានឱ្យដឹងថា ថវិកាដែលចំណាយលើការលាងសំអាតស្ពានព្រះមុនីវង្ស គឺបានមកពីការចាប់ផាកពិន័យរថយន្តដឹកខ្សាច់ក្រួស និងថ្មដែលធ្វើចរាចរណ៍ឆ្លងកាត់ស្ពានព្រះមុនីវង្ស ហើយស្រក់ទឹកកំពប់ដីនៅលើស្ពានជាហេតុធ្វើឱ្យបាត់បង់សោភ័ណភាពស្ពាន និងបង្កឱ្យប៉ះពាល់ដល់បរិស្ថានសណ្តាប់ធ្នាប់អ្នកដំណើរឆ្លងកាត់លើស្ពានព្រះមុនីវង្ស ។
លោកហ៊ុយ សារុន បន្តថា សាលាខណ្ឌមានជ័យក៏បានបើកប្រតិបត្តិការចាប់រថយន្តដែលដឹកខ្សាច់ ថ្ម និងក្រួសឆ្លងកាត់ភូមិសាស្ត្រខណ្ឌមានជ័យ ពិសេសគឺស្ពានព្រះមុនីវង្សទាំងថ្មី-ចាស់ ដើម្បីត្រួតពិនិត្យលើច្បាប់ទម្លាប់ ។ ក្នុងករណីដែលអាជ្ញាធរខណ្ឌរកឃើញថា រថយន្តដែលធ្វើអាជីវកម្មដឹកជញ្ជូនដីគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេ គឺអាជ្ញាធរមូលដ្ឋាននឹងធ្វើការណែនាំឱ្យម្ចាស់រថយន្តធ្វើច្បាប់អាជីវកម្មឱ្យបានច្បាស់លាស់មុនពេលប្រកបការដឹកជញ្ជូន៕
ចែករំលែកព័តមាននេះ