ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្លាំង​កម្ពុជា​ ៖ ពី​នាយទាហានទៅនាយក​រដ្ឋមន្ត្រី និង​ឆ្ពោះ​មក​កាន់​ប្រធាន​ព្រឹ​ទ្ធ​សភា

5 ខែ មុន
  • ភ្នំពេញ

ចាប់កំណើត​ចេញពី​គ្រួសារ​កសិករ​នៅ​ខេត្តកំពង់ចាម កាលពី​ឆ្នាំ​១៩៥១ គ្មាន​នរណា​នឹក​ស្មាន​ឡើយ​ថា កុមារ ហ៊ុន សែន នឹង​ក្លាយជា​មេដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​បំផុត និង​យូរ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក មុន​ពេល​ដែល​សម្តេច​បាន​លាលែង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃខែ​កក្កដា…

ចាប់កំណើត​ចេញពី​គ្រួសារ​កសិករ​នៅ​ខេត្តកំពង់ចាម កាលពី​ឆ្នាំ​១៩៥១ គ្មាន​នរណា​នឹក​ស្មាន​ឡើយ​ថា កុមារ ហ៊ុន សែន នឹង​ក្លាយជា​មេដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​បំផុត និង​យូរ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក មុន​ពេល​ដែល​សម្តេច​បាន​លាលែង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃខែ​កក្កដា ឆ្នាំ​២០២៣ ។ បន្ថែម​លើ​នេះ​ចាប់ពី​ថ្ងៃ​ទី​៣ ខែមេសា ទៅ​បន្ទាប់​ពី​ការ​ដំណើរការ​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ សម្តេច​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​សម្តេច និង​ប្រទេស​ជាតិ គឺ​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​ដែល​ជា​ស្ថាប័ន​ច្បាប់​កំពូល​មួយ​របស់​កម្ពុជា ។

តើ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធសភា​នេះ​ដោយ​របៀប​ណា? នេះ​ជា​អ្វី​ដែល​ស្ថិត ក្រោម​ការ​តាមដាន​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។ ព្រឹទ្ធសភា​អាណត្តិ​ទី​ប្រាំ​នឹង​ចាប់ផ្តើម​បើក​ដំណើរការ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ក្រោម​រាជ​ធិ​បតី​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ។ បន្ទាប់​មក​ហើយ​ព្រឹទ្ធសភា​ដែល​មាន សមាជិក​ចំនួន​៦២​នាក់ ក្រោម​ការ​ដឹកនាំ​របស់​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ក៏​នឹង បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​អោយ ដឹង រួច​ហើយ​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​ព្រឹទ្ធសភា ។ ដោយ​ពិនិត្យ មើល​អំពី​អាសនៈ​ដ៏​លើសលុប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ព្រឹទ្ធសភា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា​យ៉ាង​ប្រាកដ ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​បាន​៥៥ អាសនៈ នៅ​ក្នុង​ព្រឹទ្ធសភា​តាម​រយៈ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​៣​អាសនៈ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​៥៨ អាសនៈ នៅ​ក្នុង​ព្រឹទ្ធសភា ។ សមាជិក​ព្រឹទ្ធសភា​៤​រូប​ទៀត គឺ​២ រូប​បាន​មក​ពី​ការ​បោះ​ឆ្នោត​នៅ​រដ្ឋសភា និង​២​រូប​ទៀត ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ ។

កាលពី​ថ្ងៃ​ទី ១ ខែមេសា ឆ្នាំ ២០២៤ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ជម្រាបលា​ផង​ដែរ ពី​សមាជិក​រដ្ឋសភា បន្ទាប់​ពី​សម្តេច​បាន​បំពេញការងារ​អស់​សឹង​ពាក់កណ្តាល​ជីវិត នយោបាយ​របស់​សម្តេច ។ ការ​ចាកចេញ​នោះ គឺ​ដើម្បី​បំពេញ​តាម​ផ្លូវច្បាប់​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​សម្តេច មក​កាន់​ព្រឹទ្ធសភា និង​ប្រធាន​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​មួយ​នេះ ។

ក្នុង​មុខ​តំណែង​ប្រធាន​ព្រឹទ្ធសភា​នេះ សម្តេច​តេ ជោ​ហ៊ុន សែន ក៏​នឹង​អាច​ក្លាយជា​ប្រមុខរដ្ឋ​ស្តីទី​ផង​ដែរ​ក្នុង​ពេល​ព្រះរាជ​អវត្តមាន​របស់​ព្រះមហាក្សត្រ​ក្នុង​ប្រទេស​កម្ពុជា ។ ដូច្នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ត្រូវ​ស្ថិត​ក្រោម​ក្រសែភ្នែក​តាមដាន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដូច​ពេល​ដែល​សម្តេច​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ ២០២៣ ។

សម្តេច តេ​ជោ ហ៊ុន សែន បាន​ចាប់ផ្តើម​អាជីព​ជា​នាយទាហាន​ខ្មែរក្រហម ហើយ​ក្រោយមក​បាន​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​បង្កើត​កម្លាំង​ផ្តួលរំលំ​របប​ខ្មែរក្រហម​ដ៏​ប្រល័យ​ពូជ​សាន៍ ។ ក្រោយមក សម្តេច​ទទួល​បានការ​ទទួលស្គាល់​យ៉ាង​ឆាបរហ័ស​សម្រាប់​ជំនាញ​ដឹកនាំ និង​ការ​យកចិត្តទុកដាក់ បម្រើ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ។ ចំណង់​ចំណូលចិត្ត​របស់​សម្តេច​សម្រាប់​សេវា​សាធារណៈ​បាន​នាំ​ឱ្យ​សម្តេច​ក្លាយជា​នាយក​រដ្ឋមន្ត្រី ឬ​មេដឹកនាំ​រដ្ឋាភិបាល ចាប់ពី​ឆ្នាំ​១៩៨៥ ដល់​២០២៣ ដោយ​សម្តេច​បាន​ធ្វើការ​ដោយ​មិន​នឿយហត់ ដើម្បី​សន្តិភាព​ស្ថេ​រ​ភាព​នយោបាយ និង​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​ការ​អភិវឌ្ឍ​ប្រទេស ។

សម្តេច​បាន​ធ្វើការ ដើម្បី​អនុវត្ត​គោលនយោបាយ​ដែល​ជំរុញ សន្តិភាព កំណើនសេដ្ឋកិច្ច ការ​អភិវឌ្ឍ សង្គម និង​ស្ថិរភាព​នយោបាយ ។ ការ​ដឹកនាំ​របស់​សម្តេច​ត្រូវ​បាន​កត់សម្គាល់​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​តម្រូវការ​របស់​ប្រជាជន និង​ជំរុញ​ឱ្យ​មាន​ឯកភាព និង​វឌ្ឍនភាព​ក្នុង​ប្រទេស​។

ក្នុង​ពេល​ជា​មេដឹកនាំ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន បាន​កំចាត់​អង្គការ​ចាត់តាំង​ខ្មែរក្រហម និង​ធ្វើ​អោយ ប្រទេស​ជាតិ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​គួរ​អោយ​កត់សម្គាល់​ដូច​សព្វ​ថ្ងៃនេះ ។ សម្តេច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បិតា​សន្តិភាព និង​ការ​អភិវឌ្ឍន៍ ។ «​គ្មាន​ហ៊ុន​សែន គឺ​គ្មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​» នេះ​គឺជា​អ្វី​ដែល​គេ​បានលឺ​ចេញពី​មាត់​អ្នកគាំទ្រ​របស់​សម្តេច និង​ប្រជាជន​កម្ពុជា​ជា​ច្រើន​រាប់​មិន​អស់ ។

ក្នុង​នាម​ជា​មេដឹកនាំ​រដ្ឋាភិបាល​កន្លង​មក គេ​ធ្វើការ​កត់​សម្គាល់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើប្រាស់​ទាំង​យុទ្ធសាស្ត្រ​ទន់ភ្លន់ និង​កណ្តាប់ដៃ​ដែក ដើម្បី​ធានា​ថា ប្រទេស​ជាតិ​កម្ពុជា​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ ។ ជាមួយនឹង​ស្ទីល​ដឹកនាំ​បែប​នេះ សម្តេច​ពេល​ខ្លះ​ក៏​ត្រូវ​បាន​សារព័ត៌មាន​បរទេស​រិះគន់​ទៅ​លើ​ចំណាត់ការ​កណ្តាប់ដៃ​ដែក​របស់​សម្តេច​ចំពោះ​អ្នកនយោបាយ​ប្រឆាំង ។ ស្ទីល​ដឹកនាំ​របស់​សម្តេច​បាន​ធ្វើ​អោយ​សម្តេច​មាន​រហស្សនាម​ថា ជា​«​បុរស​ខ្លាំង​» របស់​កម្ពុជា​។

ក្រោយ​ពី​បម្រើ​ការងារ​ជា​អ្នកដឹកនាំ​រដ្ឋាភិបាល​អស់​រយៈពេល​ជិត​៤ ទស្សវត្សរ៍ សម្តេច​ហ៊ុន សែន នឹង ត្រូវ​បោះ​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ ។ ក្នុង​តួនាទី​ថ្មី​នេះ សម្តេច​ស្ថិត​ក្រោម​ការ​តាមដាន​ជា​ថ្មី​ក្រោម​ក្រសែភ្នែក​ជាតិ និង​អន្តរជាតិ ។ ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​សម្តេច​តេ​ជោ នឹង បង្ហាញ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សម្តេច​ក្នុង​ការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេស​កម្ពុជា ។

គេ​រំពឹង​ថា ក្នុង​នាម​ជា​មេដឹកនាំ​ព្រឹទ្ធសភា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​បំផុសគំនិត​អ្នក​ដទៃ​ដោយ​ឆន្ទៈ​បម្រើ​ប្រជាពលរដ្ឋ និង​ការ​លះបង់​ឥត​ងាករេ ដើម្បី​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ