នាវាដឹកជញ្ជូនជំនួយរបស់ប្រទេសសាយប្រើស (Cyprus) ពីដំបូងដៃប្រុងយកជំនួយ២៤០តោនទៅចែកជូនជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ប៉ុន្តែដោយសារមានហេតុការណ៍បាញ់ប្រហារទីភ្នាក់ងារមនុស្សធម៌អន្តរជាតិពីសំណាក់ទាហានអ៊ីស្រាអែលកាលពីយប់មិញ នាវាទាំងនេះត្រូវតែបង្ខំចិត្តបកក្រោយវិញហើយព្រោះស្ថានការណ៍មិនអំណោយផលទាល់តែសោះ។

ទីក្រុងយេរូសាឡឹម៖ ប្រទេសសាយប្រើសថ្លែងថានាវាដឹកជំនួយមនុស្សធម៌ដែលបានចាកចេញដំណើរកាលពីប៉ុន្មានថ្ងៃមុនជាមួយនឹងឥវ៉ាន់២៤០តោនបានទទួលបញ្ជាឱ្យបកក្រោយវិញជាបន្ទាន់។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលហាក់ដូចជាលេងធ្ងន់ដៃបន្តិចកាលពីយប់មិញ។ ពួកគេវាយប្រហារគ្មានរើសមុខ។ សូម្បីតែភ្នាក់ងារមនុស្សធម៌ក៏ពួកគេដាក់ដែរ។

គេដឹងថាបុគ្គលិករបស់អង្គការវើល សិនត្រល ឃីចឆឹនយ៉ាងតិច៧នាក់បានស្លាប់ដោយសារការបាញ់ប្រហារពីលើអាកាស រកតែមុខជនដៃដល់ពិតប្រាកដមិនឃើញផង។ នៅក្នុងចំណោមនោះក៏មានជនជាតិអូស្ត្រាលីម្នាក់ផងដែរ។ រដ្ឋាភិបាលអូស្ត្រាលីកំពុងកើតទុក្ខមិនសុខចិត្តចំពោះរឿងនេះទេ ហើយកំពុងស្នើសុំឱ្យអ៊ីស្រាអែលចាប់ជនដៃដល់យកទៅផ្ដន្ទាទោស។

អ្នកនាំពាក្យក្រសួងការបរទេសសាយប្រើសយល់ថាបុគ្គលិកផ្ដល់ជំនួយរបស់ខ្លួនក៏អាចមានជោគវាសនាដូចបុគ្គលិករបស់អង្គការវើល សិនត្រល ឃីចឆឹនផងដែរបើពួកគេនៅតែប្រថុយដឹកជំនួយចូលតំបន់ហ្កាហ្សា។ ដូច្នេះគួរដកខ្លួនថយឱ្យហើយនៅពេលដែលមិនទាន់ហួសពេល។ សូម្បីតែអង្គការដែលរងគ្រោះខាងលើនេះខំនិយាយប្រាប់ទាហានអ៊ីស្រាអែលរួចរាល់អស់ហើយអំពីពេលវេលា និងផ្លូវធ្វើដំណើររបស់ខ្លួន។ ប៉ុន្តែនៅទីបញ្ចប់ អង្គការនេះនៅតែរងការវាយប្រហារទាល់តែបាន។

ដោយយោងទៅលើការវាយប្រហារកាលពីយប់មិញនោះ, សាយប្រើសយល់ថាបុគ្គលិករបស់ខ្លួនមិនហ៊ានប្រថុយជីវិតទេបើលេងសុទ្ធតែម៉ាកៗហ្នឹង។ ម៉្លោះហើយ ទោះបីអ្នកណាអត់អីបរិភោគក៏អត់សិនទៅ។ គ្រាន់បើជាងឱ្យបុគ្គលិកផ្ដល់ជំនួយរបស់ខ្លួនទៅរកសេចក្ដីស្លាប់ទទេៗ។ បើមើលឃើញមនុស្សស្លាប់នឹងភ្នែកស្រស់ៗបែបនេះហើយ សាយប្រើសនៅតែជំរុញឱ្យបុគ្គលិករបស់ខ្លួនប្រថុយស្លាប់ទៀត រដ្ឋាភិបាលសាយប្រើសនឹងរងការស្ដីបន្ទោសខ្លាំង។ ពួកគេនឹងសោកស្ដាយអស់មួយជីវិត។

សាយប្រើសអះអាងថានៅក្នុងចំណោមជំនួយ២៤០តោននោះ បុគ្កលិករបស់ខ្លួនផ្ទេរបានប្រហែល១០០តោនក៏កើតមានហេតុការណ៍បាញ់ប្រហារនោះតែម្ដង។ ប្រទេសសាយប្រើសជាច្រកផ្លូវសំខាន់សម្រាប់ការដឹកជំនួយតាមសមុទ្រមេឌីទែរ៉ាណេទៅតំបន់ហ្កាហ្សាដោយមានចំណុចចាប់ផ្ដើមពីទីក្រុងកំពង់ផែឡាណាកា (Larnaca)។ នៅទីបញ្ចប់ កិច្ចខិតខំប្រឹងប្រែងទាំងប៉ុន្មានត្រូវរលាយសាបសូន្យដូចក្រមួនត្រូវថ្ងៃ។ បន្ទាប់ពីអង្គការវើល សិនត្រល ឃីចឆេនសម្រេចចិត្តផ្អាកការងារជាបណ្ដោះអាសន្ន អង្គការដទៃទៀតក៏ចាប់ផ្ដើមគិតគូរឡើងវិញ និងសូមការធានាសន្តិសុខឱ្យបានប្រាកដប្រជាពីអ៊ីស្រាអែល។

ក្រសួងការបរទេសសាយប្រើបញ្ជាក់ថាខ្លួនក៏ត្រូវតែផ្អាកសកម្មភាពដឹកជញ្ជូន និងផ្ដល់ជំនួយនៅតំបន់ហ្កាហ្សាផងដែរដើម្បីទី១-ផ្ដល់សេចក្ដីគោរពចំពោះជនរងគ្រោះ និងទី២-ពិនិត្យមើលឡើងវិញទៅលើការធានាសន្តិសុខនៅក្នុងការដឹកជញ្ជូនជំនួយ។ អ៊ីស្រាអែលសោកស្ដាយចំពោះការស្លាប់បុគ្គលិកមនុស្សធម៌ទាំងនោះ និងត្រៀមស៊ើបអង្កេតរកការពិតនៅពីក្រោយហេតុការណ៍នេះ។ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់ អ៊ីស្រាអែលមិនទាន់ទទួលស្គាល់ថានេះជាស្នាដៃរបស់ខ្លួននៅឡើយទេ៕
ប្រភព៖ Associated Press
https://www.theweek.in/wire-updates/international/2024/04/02/fgn47-cyprus-gaza-aid-ships.html

ចែករំលែកព័តមាននេះ