ទីក្រុងយេរូសាឡឹម៖ កាលពីយប់មិញ អ៊ីស្រាអែលបើកការវាយប្រហារធំៗជាច្រើនកន្លែង និងសម្លាប់មនុស្សជាច្រើននាក់រួមទាំងបុគ្គលិកផ្ដល់ជំនួយមនុស្សធម៌ផងដែរ។ នៅក្នុងករណីមួយ អ៊ីស្រាអែលបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់ស្ថានកុងស៊ុលអ៊ីរ៉ង់នៅប្រទេសស៊ីរី បណ្ដាលឱ្យស្លាប់មេបញ្ជាការជាន់ខ្ពស់នៃឆ្មាំបដិវត្តអ៊ីរ៉ង់ម្នាក់ និងឧត្ដមសេនីយ៍យោធារបស់អ៊ីរ៉ង់ម្នាក់។
ចំណែកនៅតំបន់ហ្កាហ្សា អ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកទៅលើមូលដ្ឋានដែលជាប់សង្ស័យថាជារបស់ក្រុមហាម៉ាស់ ឬជាសម្ព័ន្ធមិត្តរបស់ហាម៉ាស់។ ប៉ុន្តែកាលពីយប់មិញ អ៊ីស្រាអែលបានប្រព្រឹត្តខុសធ្ងន់ណាស់ ទម្លាក់គ្រាប់បែកចំក្បួនរថយន្តដឹកបុគ្គលិករបស់អង្គការមនុស្សធម៌ឈ្មោះវើល.សិនត្រល.ឃីតឆឹន (World Central Kitchen) បណ្ដាលឱ្យស្លាប់យ៉ាងតិច៧នាក់។
ជាដំបូង យើងងាកទៅចាប់អារម្មណ៍ព្រឹត្តិការណ៍នៅអ៊ីរ៉ង់ និងស៊ីរី។ រដ្ឋាភិបាលអ៊ីរ៉ង់ និងស៊ីរីប្រកាសថ្កោលទោសជាទម្ងន់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលនៅទីក្រុងដាម៉ាស់។ ទីនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។ កងទ័ពអ៊ីស្រាអែលមុនដំបូងមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយទេ។ ប៉ុន្តែក្រោយមកទទួលស្គាល់ថាប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្លួនពិតជាបានវាយប្រហារគោលដៅរាប់រយកន្លែងនៅប្រទេសស៊ីរី។
អ៊ីស្រាអែលអះអាងថាទីនេះជាមូលដ្ឋានរបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ឬកងកម្លាំងប្រដាប់អាវុធដែលទទួលការឧបត្ថម្ភគាំទ្រពីឆ្មាំបដិវត្តអ៊ីរ៉ង់។ គេគិតថាការវាយប្រហារកាលពីយប់មិញនោះអាចនឹងធ្វើឱ្យសង្គ្រាមនៅតំបន់ហ្កាហ្សាមិនមែនថយចុះទេ ប៉ុន្តែផ្ទុះឡើងកាន់តែខ្លាំង។ ហេងស៊យនេះក៏ជាអ្វីដែលអ៊ីស្រាអែលប្រាថ្នាចង់បានផងដែរ។ បើមិនអីចឹងទេអ៊ីស្រាអែលអាចនឹងបន្ធូរដៃខ្លះហើយ។ មិនមែនវាយប្រហារចេញទៅគ្រប់មុខព្រួញបែបនេះទេ។
នេះអាចជាយុទ្ធសាស្ត្របញ្ឆោតពស់ឱ្យចេញពីរូង ឬយុទ្ធសាស្ត្រអូសទាញអ្នកដទៃឱ្យចូលពាក់ព័ន្ធនឹងជម្លោះនៅហ្កាហ្សា។ អ្នកខ្លះគិតថាអ៊ីស្រាអែលកំពុងធ្វើតេស្តចង់ដឹងថាតើអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់អាចស៊ូទ្រាំដល់កម្រិតណាមិនហក់ចូលក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់។ អ៊ីស្រាអែលចង់ដាក់សម្ពាធកាន់តែខ្លាំងលើក្រុមបច្ចាមិត្ត។ ចំពោះការបាញ់ប្រហារចូលទឹកដីស៊ីរីកាលពីយប់មិញនោះ កងទ័ពស៊ីរីបាញ់ទម្លាក់គ្រាប់មីស៊ីលរបស់អ៊ីស្រាអែលបាន១ចំនួនដែរ ប៉ុន្តែមិនទាំងអស់ទេ។
គ្រាប់មីស៊ីលខ្លះនៅតែអាចឆ្លងកាត់ខែលការពារដែនអាកាស ហើយអាចវាយប្រហារបានចំគោលដៅល្អណាស់។ ក្រសួងការពារជាតិស៊ីរីថ្លែងថាគ្រាប់មីស៊ីលអ៊ីស្រាអែលបាញ់ខ្ទេចអគារមួយខ្នង។ ដូច្នេះ មនុស្សទាំងអស់នៅក្នុងអគារនោះគ្មាននរណាម្នាក់រួចខ្លួនទេ បើមិនស្លាប់ ក៏រងរបួសដែរ។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរីប្រាប់ថាយន្តហោះអែហ្វសាមប្រាំ (F-35) របស់អ៊ីស្រាអែលចង់វាយប្រហារអគារស្នាក់នៅរបស់គាត់, ស្ថានកុងស៊ុល និងទីស្នាក់ការរបស់សេនានុព័ន្ធយោធាប្រចាំស្ថានទូតអ៊ីរ៉ង់នៅស៊ីរីថែមទៀត ហើយបានសម្លាប់មនុស្សពី៥ទៅ៧នាក់។ សូម្បីតែក្រុមអ្នកការទូតមួយចំនួនក៏បានស្លាប់ផងដែរ។
ងាកមកមើលព្រឹត្តិការណ៍នៅតំបន់ហ្កាហ្សាវិញម្ដង។ អង្គការមនុស្សធម៌ឈ្មោះ WCK កើតទុក្ខមិនសុខចិត្តចំពោះករណីទម្លាក់គ្រាប់បែកទៅលើរថយន្តដឹកជញ្ជូនបុគ្គលិករបស់ខ្លួន។ អ៊ីស្រាអែលអាចនឹងវាយប្រហារច្រឡំ ឬយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែគេដឹងថាបុគ្គលិកមនុស្សធម៌យ៉ាងតិច៧នាក់បានស្លាប់។ ក្នុងនោះក៏មានបុគ្គលិកជាជនជាតិអូស្ត្រាលីម្នាក់ផងដែរ។ ឥឡូវនេះ រដ្ឋាភិបាលអូស្ត្រាលីទាមទារឱ្យជនដៃដល់ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់។
អង្គការ WCK ថ្លែងថាមុនពេលកើតហេតុ, ខ្លួនបានដឹកស្បៀងអាហារមួយរយតោនយកទៅរក្សាទុកនៅក្នុងឃ្លាំង។ នៅពេលរថយន្តដឹកបុគ្គលិកត្រឡប់មកវិញក៏ត្រូវអ៊ីស្រាអែលទម្លាក់គ្រាប់បែកពីលើតែម្ដង។ ដូច្នេះ អង្គការសម្រេចចិត្តផ្អាកការងារជាបន្ទាន់។ អង្គការបញ្ជាក់ថាខ្លួនបានជម្រាបអ៊ីស្រាអែលរួចហើយអំពីផ្លូវធ្វើដំណើររបស់បុគ្គលិកខ្លួន។ ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាពួកគេចូលចិត្តវាយប្រហារដូច្នេះ។ អ៊ីស្រាអែលកំពុងពិនិត្យមើលឡើងវិញទៅលើករណីនេះដើម្បីស្វែងរកការពិត៕
ប្រភព៖ BBC
https://www.bbc.com/news/world-middle-east-68708923
ចែករំលែកព័តមាននេះ