ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ​៖ កម្មវិធី​នយោបាយ​របស់​គណ​បក្ស​ស្តី​ពី​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស​វិជ្ជាជីវៈ​ដល់​យុវជន​ក្រីក្រ គឺជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ជីវភាព​ឱ្យ​កាន់តែ​ធូរធារ

8 ខែ មុន
  • ភ្នំពេញ

ឯកឧត្តម ហេង សួរ សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​រាជធានីខេត្តនៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែមីនា ឆ្នាំ​២០២៤ ​នេះ…

ឯកឧត្តម ហេង សួរ សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​រាជធានីខេត្តនៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែមីនា ឆ្នាំ​២០២៤ ​នេះ បាន​អះអាង​បញ្ជាក់​ដល់​យុវជន​គណបក្ស​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូ​ទាំង​ប្រទេស​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស គឺជា​យន្តការ​គន្លឹះ​យ៉ាង​សំខាន់ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​មាន​ជីវភាព​កាន់តែ​ប្រើ​សើរ​ដែល​សមាជិក​បក្ស​ទាំង​អស់​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត ​។

ការ​លើក​ឡើង​នេះ គឺ​នៅ​ពេល​ដែល​ឯកឧត្តម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​ «កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» ទៅ​ដល់​យុវជន​គណបក្ស​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូ​ទាំង​ប្រទេស​ប្រមាណ​៣២០​នាក់​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជារាជធានី​ភ្នំពេញ​។

ឯកឧត្តម បាន​សង្កត់ធ្ងន់​ថា ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​របស់​គណបក្ស​ដ៏​សំខាន់​នេះ គឺជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​ ព្រោះ​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​នឹង​មាន​ជំនាញ​បច្ចេកទេស​ជាក់លាក់​ច្បាស់លាស់​ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​បាន​សមរម្យ​ ក្នុង​រយៈពេល​ខ្លី​រហ័ស ហើយ​ម្យ៉ាងទៀត វិស័យ​ឯកជន​និង​អ្នក​វិនិយោគ​ទទួល​បាន​កម្លាំង​ពលកម្ម​ជំនាញ​ក្នុង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ដែល​ជា​អ្វី​ដែល​វិស័យ​ឯកជន​ចង់បាន​។​ដូចនេះ គោលនយោបាយ​របស់​គណ​បក្ស​ជា​នយោបាយ​ដ៏​ត្រឹមត្រូវ និង​ចំ​កាលៈទេសៈ​។

បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម ហេង សួរ​ ដដែល ដើម្បី​ឱ្យ​កម្មវិធី​បណ្តុះបណ្តាល​នេះ​កាន់តែ​ងាយស្រួល និង​ទូលំទូលាយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​កំណត់​ឱ្យ​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​ទាំងអស់​ត្រូវ​តែ​មានកម្ម​វិធី​បត់បែន ទន់ភ្លន់ និង​ច្រើន​ជម្រើស​ដែល​អាច​បណ្តុះបណ្តាល​នៅ​វេន​យប់ និង​វេន​ថ្ងៃ​សៅរ៍​-​អាទិត្យ​ដើម្បី​បង្កើត​ឱកាស​យ៉ាង​ទូលាយ​សម្រាប់​យុវជន​ក្រុម​គោលដៅ​អាច​មក​សិក្សា​វគ្គ​បណ្តុះបណ្តាល​ដ៏​សំខាន់​នេះ​។

ឯកឧត្តម ហេង សួរ ក៏​បាន​រំលឹក​ពី​សារបាន​ដែល​ជាដើម​ចម​នៃ​ការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ដាក់​ចេញ​កាលពី​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣​ឆ្នាំ​មុន​។

ដើម្បី​ឱ្យ​យុវជន​គណបក្ស​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​ជ្រួតជ្រាប​កាន់តែ​ច្បាស់ ឯកឧត្តម បាន​គូសបញ្ជាក់​ដោយ​ពន្យល់​លំអិត​ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដែល​ជា​គន្លឹះ​សម្រាប់​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​គោលដៅ​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​សិក្សា​រៀនសូត្រ​ជំនាញ​ជាក់លាក់​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ថែម ខណៈ​ដែល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ធានា​ក្នុង​ការ​ស្វែងរក​ការងារ​ជូន​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ថែម​ទៀត​ផង​។

ជាមួយនឹង​កម្មវិធី​នយោបាយ​ដ៏​ល្អ​បែប​ន របស់​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម ហេង សួរ បាន​មើលឃើញ​ថា ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​ហានិភ័យ នឹង​មាន​ជីវភាព​កាន់តែ​ប្រសើរ និង​រីក​ចម្រើន​ដោយសារ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ​គ្រប់ពេលវេលា​ក្រោម​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជា​ជ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម
ណែ​ត អនុប្រធាន​គណបក្ស និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ