ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! រថភ្លើងបុ.កជាមួយឡានក្រុង មនុស្សរបួសធ្ងន់-ស្រាល៤៦នាក់ឯណោះ

4 អាទិត្យ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មនុស្ស៤៦នាក់ ក្នុងនោះមានស្រី២៥នាក់ បានរងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់រថភ្លើងបុកជាមួយរថយន្ដក្រុង ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវដែក ត្រង់ចំណុចផ្លូវទៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់…

ខេត្តពោធិ៍សាត់ ៖ មនុស្ស៤៦នាក់ ក្នុងនោះមានស្រី២៥នាក់ បានរងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់រថភ្លើងបុកជាមួយរថយន្ដក្រុង ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវដែក ត្រង់ចំណុចផ្លូវទៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដក្រុងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រីឯរថភ្លើងធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង ។ នៅក្នុងរថយន្ដក្រុងមានអ្នកជិះទាំងស្រីទាំងប្រុសនិងក្មេងៗ សរុប៤៦នាក់មកពីខេត្តកោះកុង ក្នុងគោលបំណងទៅលេងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ។ ពេលដែលរថយន្តកំពុងធ្វើដំណើរនោះ អ្នកនៅខាងក្នុងបាននាំគ្នាស្រែកច្រៀងយ៉ាងសប្បាយរីករាយ ។

ស្រាប់តែទៅដល់ចំណុចកើតហេតុ ខណៈពេលរថយន្ដក្រុងទើបតែឡើងលើផ្លូវដែកក៏ត្រូវរថភ្លើងបុកចំពាក់កណ្ដាលយ៉ាងពេញទំហឹង រុញទៅមុខប្រហែល២០ម ក៏រលត់ម៉ាស៊ីនតែម្ដង ។ គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្ដក្រុង នៅភូមិបំណក់ឃុំឈើតុំស្រុកក្រគរនេះ បណ្ដាលឲ្យរងរបួស ធ្ងន់ចំនួន០៥នាក់ ក្នុងនោះ អ្នកបើកបររថភ្លើងម្នាក់បាក់កជើងខាងឆ្វេង និងរបួសស្រាលចំនួន៤១ នាក់ ។

ជនរងគ្រោះចំនួន១៨នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍ សាត់ ។ បន្ទាប់ពីដឹងដំណឹងនេះភ្លាម លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទៅសួរសុខទុកជនរងគ្រោះជាបន្ទាន់ ហើយបានប្រាប់ជនរងគ្រោះទាំងអស់ កុំឲ្យមានការព្រួយបារម្ភអ្វីឲ្យសោះ ព្រោះនៅទីនេះមានបរិក្ខានិងគ្រូពេទ្យចំណានៗព្យាបាលជូនបងប្អូនដោយយកចិត្តទុកដាក់បំផុត ហើយលោកអភិបាលខេត្តក៏បានជូនថវិកាដល់ជនរងគ្រោះទាំង១៨នាក់ ដែលកំពុងសម្រាកព្យា បាលនោះ ក្នុងម្នាក់ៗ២០ម៉ឺនរៀលផងដែរ ។

មតិមហាជនបានរិះគន់ខ្លាំងៗថា នៅចំណុចផ្លូវរថភ្លើងភូមិបំណក់ឃុំឈើតុំនោះ ពេលរថភ្លើងឆ្លង កាត់ម្ដងៗ មិនមានអ្នកឈរឲ្យសញ្ញា ឬទាញបារ៉ាសបិទនោះទេ ដូច្នេះហើយទើបមានគ្រោះ ថ្នាក់រថភ្លើងបុករថ យន្ដជាញឹកញាប់ណាស់ ។ តើនេះជាកំហុសរបស់អ្នកណាលោកអើយ ?

អត្ថបទសរសេរ ដោយ