រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ និងញ៉ាំងឱ្យពិធីនេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្ដល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈ ដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្គ្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០ព្រឹក ដល់ម៉ោង២០:០០យប់ ។
នៅក្នុងសង្ក្រាន្តនេះ មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែងចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន អញ្ជើញមកចូលរួមកម្សាន្តសប្បាយនៅសង្គ្រាន្តវត្តភ្នំឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕








ចែករំលែកព័តមាននេះ