ពិតទេ? សញ្ញាផ្សះផ្សារចំណងស្នេហ៍គ្នាឡើងវិញ រវាងលោកយ៉ែម សំអូន និងភរិយា
- ភ្នំពេញ
រាជធានីភ្នពេញ ៖ ថ្មីៗនេះមហាជន ជាពិសេស បណ្តាអ្នកលេងបណ្តា្ញសង្គមបាននាំគ្នាដាក់ការសង្ស័យថា ចំណងស្នេហ៍ជាប្តីប្រពន្ធរវាងតារាចម្រៀងលោកយ៉ែម សំអូន និងភរិយា គឺអ្នកនាង យ៉ាន់ លីនដា ទំនងជាបានផ្សះផ្សារគ្នាជាថ្មីឡើងវិញហើយ បន្ទាប់ពីអ្នកទាំងពីរបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។

ការសន្និដ្ឋានខាងលើនេះ បានកើតឡើងក្រោយគេបានឃើញលោក យ៉ែម សំអូន បង្ហោះរូបភាពបំពាក់ចិញ្ចៀនពេជ្រមួយវង់ទៅដល់អ្នកទាំងនាងយ៉ាន់ លីនដា ដែលទើបមកដល់ស្រុកខ្មែរ ដោយអមជាមួយនឹងសំណេរជាភាសាអង់គ្លេសមួយខ្លីបង្ហោះលើបណ្តាញសង្គមថា «first give after 9 year» មានន័យជាភាសាខ្មែរថា «ការផ្តល់ជូនជាលើកដំបូង បន្ទាប់ពីរយៈពេល៩ឆ្នាំ» យ៉ាងណា តាមរយៈរូបភាព និងសំណេរខាងលើនេះ បើទោះបីជាលោក យ៉ែម សំអូន មិនបានបង្ហាញមុខឲ្យបានច្បាស់ដោយត្រឹមបង្ហាញតែដៃជាមួយការបំពាក់ចិញ្ចៀននោះក៏ដោយ ប៉ុន្តែគេអាចសន្និដ្ឋានបានថា ដៃនោះប្រាកដណាស់ គឺជាដៃរបស់អ្នកនាង យ៉ាន់ លីនដា ខណៈពេលដែលសំណេររបស់លោកនោះក៏ស្របគ្នាទៅនឹងរយៈពេលដែលពួកគេបែកគ្នា ដែលគិតមកទល់នាពេលនេះ គឺប្រមាណ៩ឆ្នាំមកហើយ ។

ជាងនេះទៅទៀត អ្វីកាន់តែច្បាស់ទៀតនោះក៏មានប្រិយមិត្តខ្លះបានបញ្ចេញរូបភាពពិតចូលក្នុងខមមិនបង្ហាញឲ្យឃើញច្បាស់ថា អ្នកនាងយ៉ាន់ លីនដា ពិតជាបានពាក់ចិញ្ចៀនដែលលោក យ៉ែម សំអូន ផ្តល់ជូននោះពិតប្រាកដមែន ។

ទោះជាយ៉ាងណា ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ កោះសន្តិភាពមិនទាន់អាចស្វែងរកការបកស្រាយបន្ថែមពីលោក យ៉ែម សំអូន បាននៅឡើយទេ ខណៈពេលដែលការទាក់ទងមិនមានការឆ្លើយតប ប៉ុន្តែតាមរយៈការបង្ហោះរូបភាពខាងលើពីតារាចម្រៀងប្រុសរូបនេះ គេឃើញមានមហាជន ជាពិសេស បណ្តាមិត្តភក្តិក្នុងសិល្បៈដូចគ្នាបានចូលទៅខមមិនដោយម្នាក់ៗសម្តែងការអបអរសាទរចំពោះលោក និងភរិយាដែលបានផ្សះផ្សារគ្នាជាថ្មីឡើងវិញនាពេលនេះ ។

ជាការកត់សម្គាល់ លោកយ៉ែម សំអូន និងអ្នកនាងយ៉ាន់ លីនដា បានជួបរឿងរកាំរកូសគ្នារហូតឈានដល់ការបែកបាក់កាលពីអំឡុងឆ្នាំ២០១៥ ដោយក្នុងនោះ អ្នកនាងបាននាំយកកូនស្រីតែម្នាក់ចេញទៅរស់នៅជាមួយលើទឹកដីប្រទេសអូស្ត្រាលី ដោយបន្សល់ទុកកូនប្រុសម្នាក់ឲ្យរស់នៅជាមួយលោក យ៉ែម សំអូន នៅទឹកដីកម្ពុជា ។

ទោះជាយ៉ាងណា បើទោះបីជាចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានឈានដល់ផ្លូវបំបែកក៏ពិតមែន ប៉ុន្តែលោក យ៉ែម សំអូន នៅតែរក្សាការទាក់ទងជាមួយនឹងកូនស្រីមិនដាច់ ហើយជាបន្តបន្ទាប់អ្នកនាង យ៉ាន់ លីនដា ក៏តែងតែនាំកូនស្រីមកលេងស្រុកខ្មែរ និងបានជួបមុខលោក យ៉ែម សំអូន ដែលជាឪពុកផងដែរ ៕








ចែករំលែកព័តមាននេះ