ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក្រុង​ថ្លែង​ថា​រុស្ស៊ី​មិន​គួរ​រក​រឿង​អ៊ុយ​ក្រែន​ទេ​ករណី​ភេរវកម្ម​នៅ​ម៉ូស្គូ

1 ខែ មុន

ទី​ក្រុង​ប៉ារីស៖ នៅ​ពេល​រុស្ស៊ី​​កំពុង​សង្គ្រឺត​ធ្មេញ​ដាក់​អ៊ុយ​ក្រែន​ជាប់​ក្រោយ​ហេតុ​ការណ៍​បាញ់​ប្រហារ​នៅ​កន្លែង​ប្រគំ​តន្ត្រី​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដែល​សម្លាប់​មនុស្ស​១៣៧​នាក់ និង​របួស​ជាង​១០០​នាក់​ លោកម៉ាក្រុង​ ប្រធានា​ធិបតី​បារាំង​ ចេញមក​បញ្ជាក់​ឡើង​វិញ​ថា​រុស្ស៊ី​មិន​ត្រូវ​ខឹង​គោ​វាយ​រទេះ​ ឬ​​​ស្វា​ស៊ីបាយ​លាប​មាត់​ពពែ​ទេ​ នាំ​ឱ្យ​អ្នក​មិន​ដឹង​អី​ក្លាយ​ជា​ជន​រង​គ្រោះ​។ យោង​តាម​លោក​ម៉ាក្រុង​, លទ្ធ​ផល​​ស្រាវ​ជ្រាវ​បង្ហាញ​ថា​កំហុស​គ្រប់​យ៉ាង​មក​តែ​ពី​ក្រុម​អាយ​ស៊ីស​ទាំង​អស់​។…

ទី​ក្រុង​ប៉ារីស៖ នៅ​ពេល​រុស្ស៊ី​​កំពុង​សង្គ្រឺត​ធ្មេញ​ដាក់​អ៊ុយ​ក្រែន​ជាប់​ក្រោយ​ហេតុ​ការណ៍​បាញ់​ប្រហារ​នៅ​កន្លែង​ប្រគំ​តន្ត្រី​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដែល​សម្លាប់​មនុស្ស​១៣៧​នាក់ និង​របួស​ជាង​១០០​នាក់​ លោកម៉ាក្រុង​ ប្រធានា​ធិបតី​បារាំង​ ចេញមក​បញ្ជាក់​ឡើង​វិញ​ថា​រុស្ស៊ី​មិន​ត្រូវ​ខឹង​គោ​វាយ​រទេះ​ ឬ​​​ស្វា​ស៊ីបាយ​លាប​មាត់​ពពែ​ទេ​ នាំ​ឱ្យ​អ្នក​មិន​ដឹង​អី​ក្លាយ​ជា​ជន​រង​គ្រោះ​។

យោង​តាម​លោក​ម៉ាក្រុង​, លទ្ធ​ផល​​ស្រាវ​ជ្រាវ​បង្ហាញ​ថា​កំហុស​គ្រប់​យ៉ាង​មក​តែ​ពី​ក្រុម​អាយ​ស៊ីស​ទាំង​អស់​។ ពួកគេ​ជា​អ្នក​បញ្ជា្​ឱ្យ​បាញ់​ប្រហារ​​​។ ដូច្នេះ កុំ​ទៅ​រក​រឿង​អ៊ុយ​ក្រែន​។ គ្នា​មិន​ដឹង​អី​ទេ​។ ​លោក​យល់​ថា​បើ​រុស្ស៊ី​នៅ​តែ​ចង់​រក​រឿង​អ៊ុយ​ក្រែន​ទៀត​​ ​​មាន​ន័យថា​ពួកគេ​ប្រកាន់​​​​ចរិត​​មានះ​​ និង​បំផ្លាញ​ខ្លួន​ឯង​។ ការ​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​រុស្ស៊ី​នៅ​តែ​មិន​ព្រម​ទទួល​យក​ការ​បក​ស្រាយ​របស់​ប្រទេស​ខ្លះ​ដូច​ជា​អាមេរិក​ដែល​ថា​ក្រុម​​​អាយ​ស៊ីស​​​ជា​អ្នក​រៀប​ចំ​គម្រោង​វាយ​ប្រហារ​។

អាមេរិក​ធ្លាប់​ប្រាប់​ការណ៍​សម្ងាត់​​​ទៅ​រុស្ស៊ី​តាំង​ពី​ដើម​ខែ​មីនា​។ ប៉ុន្តែ​រុស្ស៊ី​យល់​ថា​អាមេរិក​ចង់​កាន់​ជើង​អ៊ុយ​ក្រែន និង​បិទ​បាំង​ទង្វើ​របស់​អ៊ុយ​ក្រែន​​បាន​ជា​និយាយ​បែប​នេះ​។ លោក​ម៉ាក្រុង​ថ្លែង​​ថា​​ក្រុម​អាយ​ស៊ីស​​ខ្លួន​ឯង​ជា​អ្នក​ប្រកាស​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​​​។ ម៉្យាង​ទៀត​ នៅ​ពេល​យើង​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​សម្ងាត់​ឃើញ​ថា​ពិត​ជា​ស្នា​ដៃ​របស់​ពួកគេ​មែន​។ បើ​បក​ស្រាយ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​រុស្ស៊ី​ស្ដាប់​មិន​បាន ហើយ​នៅ​តែ​​ចង់​ជះ​កំហឹង​ដាក់​អ៊ុយ​ក្រែន​ទៀត​ មាន​ន័យ​ថា​រុស្ស៊ី​មាន​ចិត្ត​មានះ​។

​លោក​​ពូទីន​មិនដែលទទួល​ស្គាល់​ថា​​​ជន​សង្ស័យ​ដែល​ចាប់​បាន​ជា​បក្ស​ពួក​របស់​ក្រុម​អាយ​ស៊ីស ឬ​មាន​ទំនាក់​ទំនង​ជា​មួយ​អាយ​ស៊ីស​ទេ​។​ ប៉ុន្តែ​លោក​​និយាយ​ថា​ពួក​នេះ​ប្រុង​រត់​គេច​ខ្លួន​​ទៅ​​​អ៊ុយ​ក្រែន ខណៈ​ដែល​ពួក​អ៊ុយក្រែន​រង់​ចាំ​ទទួល​ពួក​គេ​។ ប៉ុន្តែ​សំណាង​ល្អ ​សមត្ថ​កិច្ច​រុស្ស៊ី​ស្ទាក់​ចាប់​បានតាម​ផ្លូវ​​។ អ៊ុយ​ក្រែន​​ធ្លាប់​​បដិសេធ​រួច​ហើយ​​ថា​ខ្លួន​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ​​។ លោក​ហ្សេឡិនស្គី​យល់​ថា​លោក​ពូទីន​កំពុង​យក​បញ្ហា​នេះ​ធ្វើ​ជា​លេស​ដើម្បី​វាយ​ប្រហារ​អ៊ុយ​ក្រែន​កាន់​តែ​ខ្លាំង​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ដាក់​ជា​​ការ​សង្ស័យ​ថា​តើ​អាច​ជឿ​បាន​ដែរ​ឬ​ទេ​ដែល​អាមេរិក​បក​ស្រាយ​ថា​ក្រុម​អាយ​ស៊ីស​ជា​អ្នក​វាយ​ប្រហារ​។ ​លោក​ម៉ាក្រុង​ថ្លែង​ថា​បក្ស​ពួក​របស់​អាយ​ស៊ីស​នៅ​អាហ្វ​ហ្កានីស្ថាន​ដែល​មាន​ឈ្មោះ​ថា​អាយ​ស៊ីស​ខេ​ (ISIS-K) ធ្លាប់​មាន​គម្រោង​វាយ​ប្រហារ​ប្រទេស​បារាំង​។ ក្រុម​នេះ​មាន​ផែន​ការ​វាយ​ប្រហារ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នៅ​លើ​ទឹក​ដី​របស់​យើង​។ ​​រដ្ឋាភិបាល​បារាំង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដល់​កម្រិត​ខ្ពស់​បំផុត​​បន្ទាប់​ពី​ដឹង​ថា​ពួក​គេ​​វាយ​ប្រហារ​ទី​ក្រុង​ម៉ូស្គូ។

លោក​ម៉ាក្រុង​ថ្លែង​ថា​យើង​បាន​បោះ​ដៃ​ទៅ​រុស្ស៊ី​ និង​ប្រទេស​ជា​ដៃ​គូ​នៅ​ក្នុង​តំបន់​​​​ដើម្បី​បង្កើន​កិច្ច​សហ​​​ការ​គ្នា​ខាង​ផ្នែក​​​ស៊ើប​ការណ៍​សម្ងាត់​។ ធ្វើ​បែប​នេះ​ទើប​ងាយ​ស្រួល​ចាប់​ជន​ដៃ​ដល់​បាន​ឆាប់​រហ័ស​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​អាច​ប្រយុទ្ធ​ប្រឆាំង​នឹងក្រុម​ភេរវកម្ម​នេះ​យ៉ាង​មាន​ប្រសិទ្ធ​ភាព ​ខណៈ​ដែល​ពួក​គេ​បន្ត​រៀប​គម្រោង​វាយ​ប្រហារ​ប្រទេស​មួយ​ចំនួន​ទៀត​។

គួរ​កត់​សម្គាល់​ថា​ប្រសាសន៍​របស់​លោក​ម៉ាក្រុង​ធ្វើ​ឡើង​នៅ​ក្នុង​ស្ថាន​ភាព​ដែល​រុស្ស៊ី​កំពុង​ជាប់​ដៃ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ ពួក​បស្ចិម​ប្រទេស​​​កំពុង​ជួយ​អ៊ុយ​ក្រែន​ដើម្បី​ទប់​ទល់​នឹង​រុស្ស៊ី។ ពេល​ខ្លះ​ លោក​ម៉ាក្រុង​បង្ហើប​ពី​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​ថែម​ទៀត​។ ដូច្នេះ រុស្ស៊ី​​​ពិបាក​នឹង​ប្រកាស​​គាំទ្រ​ជា​ផ្លូវ​ការ​នូវ​ព័ត៌​មាន​ដែល​ផ្ដល់​ដោយ​ក្រុម​បស្ចិម​ប្រទេស​។ យ៉ាង​ហោច​ណាស់​ រុស្ស៊ី​មាន​កូន​ចិត្ត​មួយ​គិត​ថា​ហេតុ​អ្វី​ពួកគេ​ធ្វើ​ល្អ​ដាក់​រុស្ស៊ី​បើ​ភាគី​ទាំង​ពី​កំពុង​តែ​មើល​មុខ​គ្នា​មិន​សូវ​ចំ​បែប​នេះ?

ប្រភព៖ Reuters
https://www.reuters.com/world/europe/macron-it-would-be-cynical-counterproductive-russia-pin-moscow-attack-ukraine-2024-03-25/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ