ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​សឹ.ក​ភូមា​គ្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើ​ស​រើស​អ្នក​តំណាង​រាស្ត្រ

1 ខែ មុន

ទី​ក្រុង​រ៉ង់ហ្គូន៖ ​របប​សឹក​ភូមា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​មីន​អុង​ឡាំង​បង្ហើប​ឱ្យ​ដឹង​ពី​​​​គម្រោង​រៀប​ចំ​ការ​​បោះ​ឆ្នោត​ជ្រើ​ស​រើស​អ្នក​តំណាង​រាស្ត្រ​​នា​ពេល​ខាង​មុខ។​​​ សំខាន់ឱ្យ​តែ​ប្រទេស​ជាតិ​មាន​​សន្តិ​ភាព និង​ស្ថិរ​ភាព​​ជា​មុន​សិន​។ ម៉្យាង​ទៀត​​ ​​ការ​បោះឆ្នោត​លើក​នេះ​ប្រហែល​ជា​​​​មិន​អាច​រៀប​ចំ​​ឡើង​ឱ្យ​​បាន​ទូលំ​ទូលាយ​ទូទាំង​ប្រទេស​បាន​ទេ​​។ ខាង​លើ​នេះ​ជា​ប្រសាសន៍​របស់​នាយ​ឧត្ដម​សេនីយ៍​មីន​អុង​ឡាំង​។ នៅ​ពេល​នេះ​ របប​សឹក​ត្រូវរ៉ាប់​រង​វាយ​ប្រយុទ្ធ​ទល់​នឹង​ពួក​បះ​បោរ​ពី​គ្រ​ប់​មុខ​ព្រួញ។ របប​សឹក​ដែល​ប​ន្ត​កាន់​អំណាច​ជាង​បី​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ខែ​កុម្ភៈឆ្នាំ​២០២១​​នៅ​តែ​ចិញ្ចឹម​ចិត្ត​ថា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​គន្លង​ប្រជា​ធិបតេយ្យ​ដើម្បី​កាន់​អំណាច​ឱ្យ​បាន​ពេញ​មុខ​ពេញ​មាត់…

ទី​ក្រុង​រ៉ង់ហ្គូន៖ ​របប​សឹក​ភូមា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​មីន​អុង​ឡាំង​បង្ហើប​ឱ្យ​ដឹង​ពី​​​​គម្រោង​រៀប​ចំ​ការ​​បោះ​ឆ្នោត​ជ្រើ​ស​រើស​អ្នក​តំណាង​រាស្ត្រ​​នា​ពេល​ខាង​មុខ។​​​ សំខាន់ឱ្យ​តែ​ប្រទេស​ជាតិ​មាន​​សន្តិ​ភាព និង​ស្ថិរ​ភាព​​ជា​មុន​សិន​។ ម៉្យាង​ទៀត​​ ​​ការ​បោះឆ្នោត​លើក​នេះ​ប្រហែល​ជា​​​​មិន​អាច​រៀប​ចំ​​ឡើង​ឱ្យ​​បាន​ទូលំ​ទូលាយ​ទូទាំង​ប្រទេស​បាន​ទេ​​។ ខាង​លើ​នេះ​ជា​ប្រសាសន៍​របស់​នាយ​ឧត្ដម​សេនីយ៍​មីន​អុង​ឡាំង​។ នៅ​ពេល​នេះ​ របប​សឹក​ត្រូវរ៉ាប់​រង​វាយ​ប្រយុទ្ធ​ទល់​នឹង​ពួក​បះ​បោរ​ពី​គ្រ​ប់​មុខ​ព្រួញ។

របប​សឹក​ដែល​ប​ន្ត​កាន់​អំណាច​ជាង​បី​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ខែ​កុម្ភៈឆ្នាំ​២០២១​​នៅ​តែ​ចិញ្ចឹម​ចិត្ត​ថា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​គន្លង​ប្រជា​ធិបតេយ្យ​ដើម្បី​កាន់​អំណាច​ឱ្យ​បាន​ពេញ​មុខ​ពេញ​មាត់ និង​ទទួលស្គាល់​ពី​​សហ​គមន៍​អន្តរ​ជាតិ​។ ជា​ពិសេស​ទទួល​ស្គាល់​ពី​សំណាក់​ក្រុម​ប្រទេស​សេរី​និយម និង​ប្រជា​ធិប​តេយ្យ​និយម។​

ឧត្ដម​សេនីយ៍​មីន​អុង​ឡាំង​ទំនង​ជា​ទទួលស្គាល់​ថា​របប​ដឹក​នាំ​របស់​លោក​មិន​ប្រជា​ធិបតេយ្យ​ទេ​ព្រោះ​​នៅ​ក្នុង​អ្វី​ដែល​លោក​ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​តាស់ (TASS) លោក​ថ្លែង​ថា​លោក​មាន​ផែន​ការ​នាំ​ប្រទេស​ជាតិ​វិល​ទៅ​រក​គន្លង​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រែ​សម្រួល​បទ​សម្ភាស​ដែល​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​នៅ​ប្រទេស​ភូមា​។​

សព្វ​ថ្ងៃ​នេះ ថ្នាក់​ដឹក​នាំ​កំពូល​ៗ​​នៃ​របប​សឹក​មីន​អុង​ឡាំង​ប្រឈម​​នឹង​បញ្ហា​​ក្ដៅ​គគុក​មិន​ធ្លាប់​មាន​ចាប់​តាំង​ប្រទេស​នេះ​ទទួល​បាន​ឯក​រាជ្យ​ពី​អាណា​និគម​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៦២​។ ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​២០២១ ក្រុម​ប្រឆាំង​ហែ​បាតុកម្ម​តវ៉ា​។ ប៉ុន្តែ​នៅ​ពេល​តវ៉ា​យូរ​ៗ​ទៅ​ត្រូវ​ក្រុម​យោធា​បង្ក្រាប​ខ្លាំង​ពេក​ ពួកគេ​​ងាក​ទៅ​ប្រឆាំង​​លោក​មីន​អុង​ឡាំង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​វិញ​ម្ដង​។ ពួក​គេ​​​រួម​កម្លាំង​គ្នា​ជា​មួយ​ពួក​បះ​បោរ និង​ពួក​ឧទ្ទាម​ដែល​តស៊ូ​រាប់​ទស​វត្ស​មក​ហើយ​ដូច​ជា​ចលនា​អារ៉ាខាន់, ពួក​កុល​សម្ព័ន្ធ​ការ៉េន និង​ពួក​បំបែក​ទឹក​ដី​នៅ​រដ្ឋ​សាន (Shan)។ ពួក​គេ​ឱ្យ​ឈ្មោះ​ថា​សម្ព័ន្ធ​ភាត​រ​ភាព​ត្រី​ភាគី​ (Three Brotherhood)។​

​គេ​គិត​ថា​លោ​កមីន​អុង​ឡាំង​មិន​អាច​នៅ​សុខ​ៗ​បញ្ចេញ​សារ​នយោបាយ​បែប​នេះ​ចេញ​មក​ទេ​។ លោក​ប្រាកដ​ជា​ទទួល​រង​សម្ពាធ​នយោបាយ​ សេដ្ឋ​កិច្ច​ និង​យោធា​ជា​មិន​ខាន​។ នៅ​ក្នុង​បទ​សម្ភាស​នោះ​ លោក​មីន​អុង​ឡាំង​ថ្លែង​ថា​បើ​​​ប្រទេស​ជាតិ​មាន​សន្តិភាព និង​ស្ថិរ​ភាព, យើង (របប​សឹក) ​មាន​គម្រោង​រៀ​ប​ចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​តំបន់​ដែល​យើ​ងគិត​ថា​អាច​ធ្វើ​ទៅ​បាន​។ លោក​ថ្លែង​​ថា​បើ​មិន​អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​​ឱ្យ​បាន​ទូទាំង​ប្រទេសទេ​ យើង​អាច​រៀបចំ​បាន​ប៉ុណ្ណា​​យក​ប៉ុណ្ណឹង​។

របប​សឹក​របស់​លោក​បាន​បន្ត​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​គ្រា​អាសន្ន​ជា​ច្រើន​ដង​ហើយ​ ដោយ​អនុវត្ត​រៀង​រាល់​៦​ខែ​ម្ដង​។ លោក​ថ្លែង​ថា​ត្រូវ​តែ​អនុ​វត្ត​វិធី​នេះ (ដាក់​ក្នុង​គ្រា​អាសន្ន) ដោយ​ខាន​ពុំ​បាន​ដើម្បី​ស្ដារ​ស្ថិរ​ភាព​ជាតិ​ និង​វាយ​កម្ទេច​ពួក​ប្រឆាំង​ដែល​លោក​ចាត់​ទុក​ជា​ពួក​ភេរវកម្ម​។ របប​សឹក​បាន​ដាក់​ពង្រាយ​កាំភ្លើង​ធំ​ និង​យន្ត​ហោះ​ចម្បាំង​ដើម្បី​បង្ក្រាប​ពួក​ទាហាន​ប្រឆាំង​ដែល​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​​រដ្ឋាភិបាល​ស្រមោល​​របស់​អ្នក​គាំទ្រ​លោក​ស្រី​ស៊ូជី និង​ជា​មួយ​​ពួក​បះ​បោរ​ជន​ជាតិ​ភាគ​តិច​។

យោ​ងតាម​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​, ​ការ​ប្រយុទ្ធ​គ្នា​​​​​​ចាប់​តាំង​ពី​ក្រោយ​​រដ្ឋ​ប្រហារ​ឆ្នាំ​២០២១​​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ជាង​២លាន ៣​សែន​នាក់​រត់​ចោល​ផ្ទះ​សម្បែង​​​ដើម្បី​គេច​ចេញ​ពី​សង្គ្រាម។ ក្រុម​អ្នក​រិះ​គន់​ និង​ក្រុម​បស្ចិម​ប្រទេស​យល់​ថាគម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ឱ្យ​ល្អ​​មើល​ប៉ុណ្ណោះ​ព្រោះ​​បក្ស​នយោបាយ​​ជាង​៤០​ត្រូវ​បាន​​រំលាយ​ចោល ឬ​ហាម​​​ធ្វើ​​​នយោបាយ​។ ដូច្នេះ គ្មានគណ​​បក្ស​នយោបាយ​​ពិត​ប្រាកដ​​​​​ប្រកួត​ប្រជែង​​ជា​មួយ​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​ទេ​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/myanmars-next-election-may-not-be-nationwide-junta-chief-says-2024-03-25/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ