ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ណែនាំ​ឲ្យ​ពង្រឹង​វិន័យ បន្ទាប់​មាន​កុមារ និង​យុវវ័យ​មួយ​ចំនួន រាំ​តាម​ស៊ី​ផ្លេ​រថយន្ដ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​ពង្រឹង​វិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព របស់​សិស្សានុសិស្ស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​ពង្រឹង​វិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព របស់​សិស្សានុសិស្ស នៅ​តាម​គ្រឹះស្ថានសិក្សា​បន្ទាប់​ពី​មាន​កុមារ និង​យុវជន​មួយ​ចំនួន បាន​រាំ​លេង​តាម​ចង្វាក់​ស៊ី​ផ្លេ​រថយន្ដ អាច​បណ្ដាល​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ នា​ថ្ងៃ​ទី​២១ មីនា​ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​ការ​បង្ហោះ​ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម​នានា កុមារ និង​យុវជន​មួយ​ចំនួន បាន​រាំ​លេង​តាម​ចង្វាក់​ស៊ី​ផ្លែ​បែប​ភ្លេង​របស់​រថយន្ត​ធំ​ៗ នៅ​តាម​ដងផ្លូវ​សាធារណៈ ដែល​សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​អាច​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ នៅ​តាម​ដងផ្លូវ​សាធារណៈ ឬ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ក្រសួង​អប់រំ បាន​បន្ដ​ថា ក្នុង​គោលបំណង​ពង្រឹង​វិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​តាម​ដងផ្លូវ​សាធារណៈ ជា​ពិសេស​សុវត្ថិភាព របស់​សិស្សានុសិស្ស នៅ​តាម​គ្រឹះស្ថានសិក្សា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នក​អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​វិន័យ និង​បញ្ញា​ប​ការ​អប់រំ​សីលធម៌ ចរិយា​ធម៌ និង​ឥរិយាបថ​ក្នុង​សង្គម ដល់​សិស្សានុសិស្ស ក្នុង​ម៉ោង​សិក្សា​ជា​ប្រចាំ ។

សូម​ជម្រាប​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​បទបញ្ជា​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អាជ្ញាធរ​រាជធានី​-​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ធ្វើការ​សហការ​គ្នា​ត្រួតពិនិត្យ និង​ធ្វើការ​ណែនាំ​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស​ស៊ី​ផ្លេ​រថយន្ត ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ ។

ការ​ចេញ​បទបញ្ជា​របស់​សម្តេច​ធិ​បតី​បាន​ធ្វើ​ឡើង ក្រោយ​ពី​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស ក្មួយ​ៗ​យុវជន និង​កុមារ ធ្វើ​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ​ទៅ​តាម​ចង្វាក់​ស៊ី​ផ្លេ​បែប​ភ្លេង​របស់​រថយន្ត​ធំ​ៗ​ដែល​សកម្មភាព​រាំ​លេង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​បង្ក​ហានិភ័យ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ជា​ពិសេស អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ក្មួយ​ៗ​តែ​ម្តង ។

ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​ចាត់វិធានការ​ដោយ​បាន​ធ្វើការ​ណែនាំ​ឱ្យ​អ្នកបើកបរ​រថយន្ត​ធំ​ដោះ​ស៊ី​ផ្លេ​ខុស​លក្ខណៈ​បច្ចេកទេស​ចេញ និង​ធ្វើការ​ផ្លាស់​ប្តូរ​ស៊ី​ផ្លេ​វិញ ព្រមទាំង​ណែនាំ​ដល់​ក្មួយ​ៗ​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ ។ ប៉ុន្តែ​វិធានការ​នេះ ហាក់​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការ​ណែនាំ និង​ចាត់វិធានការ​ឱ្យ​បាន​តឹង​រឹង ដើម្បី​ទប់ស្កាត់​សកម្មភាព​អនាធិបតេយ្យ​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នេះ សម្តេច​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ព្រមទាំង​ប្អូន​ៗ និង​ក្មួយ​ៗ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ធំ​ៗ ត្រូវ​ដាក់​ស៊ី​ផ្លេ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ណែនាំ និង​ចៀសវាង​ការ​ប្រើប្រាស់​ស៊ី​ផ្លេ​ដែល​នាំ​ឱ្យ​មានការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​ធ្វើ​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស ក្មួយ​ៗ​ឲ្យ​បញ្ឈប់​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ​តាម​ចង្វាក់​ស៊ី​ផ្លេ​ភ្លេង​របស់​រថយន្ត​ធំ​ៗ ជៀសវាង​គ្រោះថ្នាក់ និង​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ ។ ហើយ​ក៏​សូម​អាណាព្យាបាល​ចូលរួម​សហការ និង​ធ្វើការ​ណែនាំ​ដល់​ក្មួយ​ៗ​ឱ្យ​បញ្ឈប់​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ