ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ថៃ​ស្វាគមន៍​វត្ត​មាន​ក្រ​បី​ឃ្លៀច​យក្ស​តម្លៃ​កន្លះ​លាន​ដុល្លារ

1 ខែ មុន

ថ្មី​ៗ​នេះ សត្វ​ក្របី​ឃ្លៀច​របស់ថៃ​​តម្លៃ​កន្លះ​លាន​ដុល្លារ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​​។ ល្បី​ខ្លាំង​មែន​ទែន​សូម្បី​តែ​នាយក​រដ្ឋ​មន្ត្រី​​ថៃ​ លោក​សេដ្ឋា​ថាក់​វិស៊ីន ក៏​បាន​​​​អញ្ជើញ​ទៅ​មើល​ក្របី​​នេះ​ដោយ​ផ្ទាល់​​ផង​ដែរ​។ នៅ​ប្រទេស​ថៃ​ ត្រឹម​តែ​​ក្របី​ខ្មៅ​ធម្ម​តា​ក៏​មាន​តម្លៃ​បាត់​ទៅ​ហើយ​​​នៅ​ក្នុង​ចំណោម​ប្រជា​កសិករ​ថៃ​​ដែល​ភ្ជួរ​ស្រែ​នឹង​ក្របី​មួយ​ក្បាល​។ បើ​ជា​ក្របី​ឃ្លៀច​​មាន​មាឌ​ធំ​ថែម​ទៀត​រឹត​តែ​ល្បី​​។​ ទីក្រុង​បាងកក​៖ ថ្មី​ៗ​នេះ…

ថ្មី​ៗ​នេះ សត្វ​ក្របី​ឃ្លៀច​របស់ថៃ​​តម្លៃ​កន្លះ​លាន​ដុល្លារ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​​។ ល្បី​ខ្លាំង​មែន​ទែន​សូម្បី​តែ​នាយក​រដ្ឋ​មន្ត្រី​​ថៃ​ លោក​សេដ្ឋា​ថាក់​វិស៊ីន ក៏​បាន​​​​អញ្ជើញ​ទៅ​មើល​ក្របី​​នេះ​ដោយ​ផ្ទាល់​​ផង​ដែរ​។ នៅ​ប្រទេស​ថៃ​ ត្រឹម​តែ​​ក្របី​ខ្មៅ​ធម្ម​តា​ក៏​មាន​តម្លៃ​បាត់​ទៅ​ហើយ​​​នៅ​ក្នុង​ចំណោម​ប្រជា​កសិករ​ថៃ​​ដែល​ភ្ជួរ​ស្រែ​នឹង​ក្របី​មួយ​ក្បាល​។ បើ​ជា​ក្របី​ឃ្លៀច​​មាន​មាឌ​ធំ​ថែម​ទៀត​រឹត​តែ​ល្បី​​។​


ទីក្រុង​បាងកក​៖ ថ្មី​ៗ​នេះ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​សេដ្ឋា ថាក់​វិស៊ីន​ ស្វាគមន៍​សត្វ​ក្របី​ឃ្លៀច​ឈ្មោះ​កូ​មឿង​ពេជ្រដែល​គេ​ដឹក​ទៅ​ដល់​បរិវេណ​វិមាន​រដ្ឋាភិបាល​នៅ​ទី​ក្រុង​បាងកក​។ ក្របី​មួយ​ក្បាល​​នេះ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ចំណោម​កសិករ​ថៃ និង​មជ្ឈ​ដ្ឋាន​អ្នក​និយម​ចូល​ចិត្ត​ជួញ​-ដូរ​ក្របី​ថ្លៃ​ៗ​សម្រាប់​បង្កាត់​ពូជ។ ក្របី​នេះ​ត្រូវ​សារ​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ត្រូវ​រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ដឹក​ចូល​ទៅក្នុង​បរិវេណ​វិមាន​រដ្ឋាភិបាល​ដើម្បី​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​នាយក​រដ្ឋ​មន្ត្រី​ដោយ​ផ្ទាល់​។

កូមឿងពេជ្រ​ជា​ក្របី​រាង​ខ្ពស់​ស្រឡះ​កម្ពស់​១៨០​សង់​ទី​ម៉ែត្រ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពេជ្រ​បុរី មាន​ទម្ងន់​១,៤​តោន​ មាន​ន័យ​ថា​ជា​ក្របី​ឃ្លៀច​យក្ស​ដែល​ធំ​លើស​ក្របី​ឃ្លៀច​ទូទៅ​រហូត​ដល់​បី​ដង​។ កូមឿង​ពេជ្រ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​។ ​វា​ធ្លាប់​ត្រូវ​គេ​យក​ទៅ​ថត​ខ្សែ​ភាព​យន្ត​ដែល​ចាក់​ផ្សាយ​តាម​ទូរ​ទស្សន៍​។ លោក​សេដ្ឋា​ ថាក់​វិស៊ីន​​ក៏​មិន​ណយ​ប៉ុន្មាន​ដែរ​អាច​ស៊ី​សង​គ្នា​ជា​មួយ​​ក្របី​ឃ្លៀច​នេះ ព្រោះ​លោក​មាន​កម្ពស់​​១៩២​សង់​ទី​ម៉ែត្រ​។ លោក​បាន​យក​ច្រមុះ​ទៅ​ញល់​នឹង​ច្រមុះ​កូមឿង​ពេជ្រ​នៅ​មុខ​វិមាន​រដ្ឋាភិបាល​។​

លោក​សេដ្ឋា​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ លោក​មិន​​ដែល​នឹក​ស្មាន​ថា​ប្រទេស​ថៃ​មាន​ក្របី​ដ៏​ស្រស់​ឆើត​ឆាយ​ដល់​ថ្នាក់​នេះ​។ លោក​និយាយ​បណ្ដើរ​យក​ដៃ​ចាប់​កាន់​ស្នែង​របស់​ក្របី​ឃ្លៀច​នេះ​បណ្ដើរ​។ លោក​ដាក់​ជា​សំណួរ​ថា​តើ​មាន​ក្របី​ណា​ដែល​ល្អ​ដូច​ក្របី​នេះ​ទៀត​? នៅ​ប្រទេស​ថៃ​ ត្រឹម​តែ​ក្របី​ឃ្លៀច​ធម្ម​តា​ក៏​ផ្ទុះ​ការ​ចាប់​អារម្មណ៍​បាត់​ទៅ​ហើយ​ព្រោះ​វា​ជា​ប្រភេទ​សត្វ​កម្រ​។ យូរ​ៗ​ទើប​មាន​ក្របី​ឃ្លៀច​មួយ​។ ក្រៅ​ពី​នេះ​សុទ្ធ​តែ​ក្របី​ខ្មៅ​ស្ទើរ​តែ​ទាំង​អស់​។​

រឹត​តែ​ពិសេស​ទៅ​ទៀត​នោះ ក្របី​នេះ​មិន​ត្រឹម​តែ​ឃ្លៀច​ទេ ប៉ុន្តែ​មាន​មាឌ​ធំ​ដំបង​។ ដូច្នេះ គេ​អាច​ចាត់​ទុក​​ជា​ក្របី​ឃ្លៀច​យក្ស​។​ នៅ​ប្រទេស​ថៃ​ដោយ​សារ​ជា​ប្រទេស​កសិកម្ម​ ដូច្នេះ ក្របីដែល​មាន​មាឌធំ​ដំបង​បែប​នេះ​ត្រូវ​គេ​ឱ្យ​តម្លៃ​ខ្លាំង​។ កាល​ពី​ឆ្នាំ​២០២៣ កសិករ​ម្នាក់​រស់​នៅ​ខេត្ត​ពិសា​នុលោក​ (Phitsanulok) លក់​ក្របី​សំណព្វ​ចិត្ត​របស់​គាត់​មួយ​ក្បាល​ទម្ងន់​១,៤​តោន​បាន​ជាង​​​១​លាន​ ៤​សែន​ដុល្លារ​ (១,៤៥​លាន)។

លោក​សេដ្ឋា​បង្ហោះ​នៅ​លើ​ទ្វីត​ថឺ​ថា «​សមាគមអ្នក​ចិញ្ចឹម​ក្របី​ថៃ» ​បាន​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ជួយ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ (promote) សត្វ​ក្របី​ផង​ដោយ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​អំណាច​ទន់​ (soft power) តាម​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ គ្រាន់​តែ​ទទួល​ដំណឹង​នេះ​ភ្លាម ម្ចាស់​ក្របី​ឃ្លៀច​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។​​

​លោក​សេដ្ឋា​ថ្លែង​ថា​គាត់​ចង់​ឱ្យ​មនុស្ស​ទូទៅ​ស្គាល់​ក្របី​កាន់​តែ​ច្រើន​ថែម​ទៀត​។ ប្រជា​រាស្ត្រ​ថៃ​ធ្លាប់​​មាន​ជីវិត​ផ្សារ​ភ្ជាប់​នឹង​កសិកម្ម និង​​​​សត្វ​ក្របី​។ ប៉ុន្តែ​បែប​ផែន​រស់​នៅ​នា​ពេល​បច្ចុប្បន្ន​ធ្វើ​ឱ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​សត្វ​ក្របី​។ លោក​សន្យា​ថា​​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ អាជ្ញា​ធរ​នឹង​នាំ​​យក​សត្វ​ក្របី​ឃ្លៀច​យក្ស​នេះទៅ​តំបន់​ពេញ​និយម​របស់អ្នក​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​ដើម្បី​ឱ្យ​ពួក​គេ​បាន​ទស្សនា​៕​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/thai-pm-meets-us500000-buffalo-albino-soft-power-4208106

អត្ថ​បទ​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​​នេះ
ញា.ក់​សា.ច់​នឹង​ក្របី​ឃ្លៀច​១​ក្បាល​របស់​ថៃ​លក់​បាន​កន្លះ​លាន​ដុល្លារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ