ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញា.ក់​សា.ច់​នឹង​ក្របី​ឃ្លៀច​១​ក្បាល​របស់​ថៃ​លក់​បាន​កន្លះ​លាន​ដុល្លារ

1 ខែ មុន

ទី​ក្រុង​បាងកក៖ ក្របី​ឃ្លៀច​មួយ​ក្បាល​​របស់​ប្រទេស​ថៃ​​​បាន​បំបែក​កំណត់​ត្រា​ពិភព​លោកនៅ​ពេល​មាន​គេ​ហ៊ាន​​​ដេញ​ថ្លៃ​ខ្ពស់​កប់​ពពក​ដើម្បី​ព្យាយាម​ទិញ​ក្របី​នេះ​ឱ្យ​បាន​។​​ ក្របី​ឈ្មោះ​កូមឿង​ពេជ្រ​ (Ko Muang Phet) ​មាន​ម្ចាស់​ឈ្មោះ​ដាំ​រ៉ុងស័ក្ដិ​ មរកត​ (Damrongsak Morakot)…

ទី​ក្រុង​បាងកក៖ ក្របី​ឃ្លៀច​មួយ​ក្បាល​​របស់​ប្រទេស​ថៃ​​​បាន​បំបែក​កំណត់​ត្រា​ពិភព​លោកនៅ​ពេល​មាន​គេ​ហ៊ាន​​​ដេញ​ថ្លៃ​ខ្ពស់​កប់​ពពក​ដើម្បី​ព្យាយាម​ទិញ​ក្របី​នេះ​ឱ្យ​បាន​។​​ ក្របី​ឈ្មោះ​កូមឿង​ពេជ្រ​ (Ko Muang Phet) ​មាន​ម្ចាស់​ឈ្មោះ​ដាំ​រ៉ុងស័ក្ដិ​ មរកត​ (Damrongsak Morakot) រស់​នៅ​ខេត្ត​ពេជ្រ​បុរី (Phetchburi) ​បាន​បង្ក​ការភ្ញាក់​ផ្អើល និង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​មាន​អ្នក​ហ៊ាន​ទិញ​យក​ក្របី​នៅ​ក្នុង​តម្លៃ​១៨​លាន​បាត​ ឬ​កន្លះ​លាន​ដុល្លារ។​ ស្ដាប់​មួយ​ភ្លែត​​គ្មាន​នរណា​ជឿ​ទេ​។​

ក្របី​នេះ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដោយ​សារ​វា​មាន​រូប​រាង​ឡូយ​អស្ចារ្យ​ និង​មាន​មាឌ​​ធំ​ដំបង​។ ក្របី​ប្រភេទ​នេះ​មាន​លក្ខណៈ​ពិសេស​មួយ​គឺ​គេ​យក​មេជីវិត​របស់​វា​ទៅ​បង្កាត់​ពូជ​។ ដូច្នេះ គេ​មិន​មែន​ទិញ​វា​យក​ទៅ​ព្យួរ​ស្រែ​ទេ​។​ កាល​ណា​បង្កាត់​ពូជ​ជា​មួយ​ក្របី​នេះ សឹង​តែ​ថា​៩០%​នឹង​បង្កាត់​​បាន​កូន​​ក្របី​ឃ្លៀច​។ មាន​ន័យ​ថា​នៅ​ក្នុង​ចំណោម​កូន​ក្របី​១០​ក្បាល​មាន​៩​ក្បាល​ដែល​អាច​នឹង​ជា​ក្របី​ឃ្លៀច​។​ ដូច្នេះ ក្របី​នេះ​ក្លាយ​ជា​​របស់​ដ៏​មាន​តម្លៃ​សម្រាប់​វិស័យ​បង្កាត់​ពូជ​សត្វ​ក្របី​នៅ​ប្រទេស​ថៃ​។​​

ក្រៅ​ពី​មាន​កេរ្តិ៍​ឈ្មោះ​ល្បី ក្របី​ឈ្មោះ​កូមឿង​ពេជ្រ​ក៏​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ចំណោម​វិស័យ​កម្សាន្ត​ផង​ដែរ​។ គេ​យក​វា​ទៅ​ថត​កុន​សម្ដែង​ជា​តួ​អង្គ​ក្របី​អៃ​ក្លាវ (Ai Khlaow) នៅ​ក្នុង​​ខ្សែ​ភាព​យន្ត​រឿង​​ម៉ុន​រ៉ាក់​លូក​ថាង (Mon Rak Luk Thung)។ ​ស្ថិត​នៅ​ក្នុង​វ័យ​​៥​ឆ្នាំ​ កម្ពស់​១៨០​សង់​ទី​ម៉ែត្រ​ កូមឿង​ពេជ្រ​ត្រូវ​គេ​ប្រសិទ្ធ​នាម​​ថា​ជា​ក្របី​យក្ស​របស់​ថៃ​ដែល​ជល់​មិន​ដែល​ចាញ់​គេ​​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ប៉ុន្តែ​ឥឡូវ​នេះ គេ​លែង​យក​វា​ទៅ​ជល់​ជា​មួយ​ក្របី​ផ្សេង​​ទៀត​ហើយ​។ គេ​​ទុក​តែ​សម្រាប់​បង្កាត់​ពូជ​តែ​មួយ​មុខ​គត់​។

ថ្មី​ៗ​នេះ កសិដ្ឋាន​បង្កាត់​ពូជ​ក្របី​ឈ្មោះ​វណ្ណៈ​សុវណ្ណ​ (Wanasuwan Farm) នៅ​ខេត្ត​ឆៀង​រ៉ាយ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​រំពេច​នៅ​ពេល​កសិដ្ឋាន​នេះ​ហ៊ាន​ដេញ​ថ្លៃ​យក​ក្របី​ឈ្មោះ​កូមឿង​ពេជ្រ​ក្នុង​តម្លៃ​១៨​លាន​បាត​។ នេះ​ជា​តម្លៃ​ដ៏​ខ្ពស់​​​មិន​ធ្លាប់​មាន​នៅ​ប្រទេស​ថៃ​។ ពិធី​ដេញ​ថ្លៃ​នោះ​រៀប​ចំ​ឡើ​ងនៅ​ក្នុង​មហោ​ស្រព​ក្របី​ថៃ​លើក​ទី​១២​នៅ​ខេត្ត​ឧទ័យ​ធានី (Uthai Thani)។​

លោក​ដាំ​រ៉ុង​ស័ក្ដិ​​ថ្លែង​ថា​ដោយ​សារ​តែ​គាត់​ចង់​ស្រាវ​ជ្រាវ​អំពី​សក្ដា​នុពល​នៃ​ក្របី​របស់​ថៃ​ ដូច​នេះ​ធ្វើ​ឱ្យ​គាត់​ភប់​ប្រសព្វ​នឹង​ក្របី​កូ​មឿង​ពេជ្រ​នេះ​តែ​ម្ដង​ទៅ។​ គំនិត​ចាប់​ផ្ដើម​ដំបូង​របស់​គាត់​គឺ​ទិញ​យក​មក​ចិញ្ចឹម​នូវ​ក្របី​ធម្ម​តា​សិន​។ ក្រោយ​មក​ទៀត គាត់​ក៏​ចាប់​ផ្ដើម​​សាង​សង់​​​​កសិដ្ឋាន​បង្កាត់​ក្របី​ដែល​មាន​ម៉ាក​យី​ហោ​មរកត​ហ្វាម​ (Morakot Farm) ចំនួន​៨​កន្លែង​​នៅ​ស្រុក​ថា​យ៉ាង​ (Tha Yang) ខេត្ត​ពេជ្រ​បុរី។ ចាប់​ពី​ពេល​នោះ​មក​ គាត់​អាច​រក​ប្រាក់​ចំណូល​បាន​៨​លាន​បាត​ក្នុង​មួយ​ឆ្នាំ​ៗ​។​

ក្របី​ឈ្មោះ​កូមឿង​ពេជ្រ​ដែល​គាត់​ចិញ្ចឹម​​បី​បាច់​ដោយ​យក​ចិត្ត​ទុក​ដាក់​ប្រៀប​បាន​នឹង​កូន​បង្កើត​របស់​គាត់​នៅ​ទី​បំផុត​បាន​ក្លាយ​​ជា​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃ​ប្រចាំ​កសិដ្ឋាន​របស់​គាត់​។ លោក​​ដាំ​រ៉ុង​ស័ក្ដិ​​​​អាច​នឹង​លក់​ក្របី​សំណព្វ​ចិត្ត​របស់​គាត់​ទាំង​ក្ដី​អាឡោះ​អាល័យ​​។ ម៉្លោះហើយ​គាត់​សង្ឃឹម​ថា​​អ្នក​ដែល​ទិញ​ក្របី​ពី​គាត់​ទៅ​នឹង​ខិត​ខំ​លើក​ស្ទួយ​ការ​បង្កាត់​ពូជ​ក្របី​ឃ្លៀច​នៅ​ប្រទេស​ថៃ​​ឱ្យ​កាន់​តែ​រីក​ចម្រើន​។ គាត់​​ស្រមៃ​ថា​ទៅ​ថ្ងៃ​មុខ​ប្រទេស​ថៃ​អាច​នឹង​បំផុស​ឱ្យ​ពិភព​លោក​​​ស្គាល់​ពី​ក្របី​ឃ្លៀច​របស់​​ខ្លួន​​៕

ប្រភព៖ The Nation Thailand
https://www.nationthailand.com/blogs/thailand/general/40036357

អត្ថ​បទ​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នេះ
កសិករ​ថៃ​ប្រកាស​លក់​ក្របី​សំណព្វ​ចិត្ត​របស់​គាត់​តម្លៃ​ជាង​១​លាន​ដុល្លារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ