រាជធានីភ្នំពេញ ៖ ប្រាកដណាស់ គិតទៅលោក សាពូន មីដាដា បាននឹងកំពុងប្រឡូកក្នុងវិថីសិល្បៈជាង២០ឆ្នាំប្លាយដែលអំឡុងទស្សវត្សឆ្នាំ២០១០ លោកត្រូវបានគេមើលឃើញថា ក្តោបបានទីផ្សារចម្រៀងពេញដៃតាមរយៈសមត្ថភាពតែងនិពន្ធបទចម្រៀង បទភ្លេង និងសមត្ថភាពលេងហ្គីតាផងនោះ ។
ធ្លាប់តែល្បីឈ្មោះខ្លាំងរហូតតម្លៃខ្លួនខ្ពស់កប់ពពក តើលោកនឹងមានការគាំទ្រទេ ប្រសិនបើតារាចម្រៀងលោក សាពូន មីដាដាចូលសិល្បៈវិញនោះ?
ចម្លើយពិបាកស្មានដល់ តែអ្វីដែលមើលឃើញនឹងភ្នែកទីផ្សារសិល្បៈរបស់តារារូបនេះ គឺអាចនិយាយបានថា ពិបាកពណ៌នា ។ ប្រាកដណាស់ លោកសាពូន មីដាដា អតីតតារាចម្រៀងរបស់ផលិតកម្មហង្សមាស ប្រិយមិត្តអាចនឹងបានស្គាល់ច្បាស់ ក្រោយលោកបានដើរលើជីវិតលើវិថីសិល្បៈរាប់សិបឆ្នាំដែលជីវិតលោកឡើងចុះដូចទឹកសមុទ្រជោរនាច ។
តើជីវិត២០ឆ្នាំប្លាយជាមួយសិល្បៈមានរឿងរ៉ាវអ្វីខ្លះ ដែលធ្វើអោយលោករសាត់អណ្តែងគ្មានកោះត្រើយ និងឡើងចុះលឿនដូច្នេះ? ជាពិសេស ជំនាន់លោកល្បីខ្លាំង គឺតម្លៃច្រៀងមួយមិនធម្មតាឡើយ ដោយកាលពីពេលនោះបទល្បីៗជាច្រើនរបស់លោកបកស្រាយ គឺផ្ទុះការគាំទ្រសឹងគ្រប់បទ។ ថ្មីៗនេះ ម្ចាស់បទ«ជាប់បាក់ឌុបចប់ស្នេហ៍»បានបង្ហោះសំណេរលើបណ្តាញសង្គមួយឃ្លាធ្វើអោយមហាជនចង់អោយលោកវិលចូលសិល្បៈជាថ្មីដោយបានលើកឡើងថា « ទាំងលេងភ្លេងទាំងនិពន្ធទាំងច្រៀងលើវិថីក្នុងវិស័យសិល្បៈគឺជាង២០ឆ្នាំហើយ» ។
តាមរយៈសំណេរ និងរូបភាពអាឡាប៊ុមចម្រៀងរបស់លោកកាលពីកន្លងទៅនោះ ធ្វើអោយមហាជននឹកដល់រសជាតិសម្លេងរបស់លោកជាខ្លាំង ដោយមានមហាជនខ្លះលើកឡើងថា «ចង់ឮចម្រៀងថ្មីរបស់បងម្ដងទៀត Idol »។
មហាជនខ្លះទៀត ក៏នឹកដល់អនុស្សាវរីយ៍ជំនាន់ណុងថា «កាលនោះបងល្បីណាស់ ខ្ញុំទៅ ខ្វៀលក្របីឡើងចុងស្តៅច្រៀងបទបងរហូត »។ និងមហាជនខ្លះទៀតលើកឡើងថា « តាំងពីដើមមកដល់បច្ចុប្បន្ននេះខ្ញុំនៅតែស្ដាប់ចម្រៀងបង បងមានសមត្ថភាពមានសំឡេងពិរោះជាខ្លួនឯង បន្តទៅមុខទៀតបងកុំបោះបង់ស្ដាយសំឡេងនិងសមត្ថភាពបង » និងខ្លះទៀតលើកឡើងថា « កាលនឹងខ្ញុំចូលចិត្តស្តាប់ណាស់ គ្មានលុយទិញម៉ាញ៉េCD ចាក់ក៏ដេកចាំស្តាប់តាមវិទ្យុដែរ »។ ជាការពិត តើអាចទេ? ក្រោយប្រជាប្រិយភាពលោក សាពូន មីដាដានៅមានតែសន្ទុះ បើងាកទៅអតីតកាលជាង២០ឆ្នាំមុនវិញឃើញថា ម្ចាស់បទ«ប្តូរសាលាប្តូរចិត្ត»ល្បីល្បាយខ្លាំងដល់ចំណុចកំពូលនោះ ។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោក សាពូន មីដាដា និយាយថា « ខ្ញុំមិនដែលឈប់ពីសិល្បៈទេ គ្រាន់តែរយាលៗពេលវេលាប៉ុណ្ណោះ កាលណាវេលាសមស្រប ខ្ញុំនឹងប្រឡូកអោយកាន់តែប្រសើរឡើង សូមអរគុណច្រើនបំផុតចំពោះការគាំទ្រខ្ញុំតាំងពីដំបូងរហូតដល់ឥឡូវ ទោះសរសើរក្តី ឬការប្រើប្រាស់ពាក្យល្អឬមិនល្អក្តី»។
លោក សាពូន មីដាដា បន្តថា ពេលវេលាដំបូងដែលលោកចូលសិល្បៈ គឺតាំងពីលោកចេញពីស្រុកកំណើតមកទីក្រុងគឺចូលរៀនសិល្បៈរាំច្រៀងនៅសាលាវត្តកោះ ជាមួយ អ្នកគ្រូ គង់ សារី ក្នុងឆ្នាំ៩០ជាង លុះដល់ឆ្នាំ៩៥ដល់ឆ្នាំ៩៦ ចូលរៀនភ្លេង គ្រូដំបូង លោកគ្រូ ងិន សុខក្រវ៉ា បន្ទាប់មកលើកដៃសំពះសុំរៀន ជាមួយលោកគ្រូៗជាច្រើនទៀតរហូតដល់ឆ្នាំបន្ទាប់ៗក៏អាចលេងភ្លេងរកកម្រៃចិញ្ចឹមជីវិតបានខ្លះៗរួចផុតពីជីវិតក្រីក្រតោកយ៉ាក និងរៀនជាមួយគ្រូចុងក្រោយគឺ លោកគ្រូ ម៉ម សុគន្ធា បទដែលច្រៀងដំបូងនាឆ្នាំ២០០៤គឺ បទ ដើម្បីអ្វីទៅអូន?
ជីវិតប្រឡូកក្នុងសិល្បៈ ជាង២០ឆ្នាំលើតូរតន្ត្រីចម្រៀង បានផ្តល់មកខ្ញុំនូវបទពិសោធន៍ស្ទើរគ្រប់រស់ជាតិទៅហើយជាពិសេសគឺរឿងស្នេហា ស្រស់បំព្រងផង ស្រពោនផង។ ហើយពាក់ព័ន្ធនឹងបទពិសោធន៍ចំការប្រឡូកក្នុងវិស័យចម្រៀង គឺថាច្រៀងអោយច្បាស់ពាក្យ អោយត្រូវទាំងចង្វាក់ និងតុងភ្លេង ដាក់មនោសញ្ចេតនាអោយត្រូវតាមលក្ខណះបទ ជាពិសេសព្យាយាមរកអោយឃើញនូវសម្លេងខ្លួនពិត (ច្រៀងបទគេបាន តែព្យាយាមកុំច្រៀងត្រាប់តាមគេ) ។
ជីវិតរបស់តារាចម្រៀងរូបនេះ ត្រូវបានធ្លាក់ចុះដល់ចំណុចសូន្យបាត់ការគាំទ្រ បាត់មុខពីសិល្បៈ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ លើកឡើងថា សាពូន មីដាដា បាត់ការគាំទ្រព្រោះផុងខ្លួនក្នុងឆាកនយោបាយ ខ្លះថា មកពីលោកប្រើប្រាស់ពាក្យពេចន៍ជេរអ្នកនយោបាយមកពីគណបក្សប្រឆាំងខ្លាំងពេក។ ខ្លះថា មូលហេតុនេះ ឬមូលហេតុផ្សេងៗជាច្រើន ។
យ៉ាងណាមិញ នៅពេលមានការចោទសួរ ថាតើកាលដែលលោកធ្លាប់តែល្បីខ្លាំង ហើយធ្លាក់ដល់ចំណុចនេះវិញ? បងអាចទំលាយមូលហេតុបានទេ? លោក សាពូន មីដាដាថា ការល្បីឬធ្លាក់ ការឡើងឬចុះ ការចុះឬឡើង គ្រាន់តែការសន្មត់ប៉ុណ្ណោះ គ្មានអ្វីទៀងទាត់ឡើយលោកិយ៌នេះ ( គ្រប់យ៉ាងជាអន្តតា យើងពុំគួរប្រកាន់មាំ និងជាប់ជំពាក់នូវរឿងទាំងនេះឡើយ) ។
គួរបញ្ជាក់ដែរថា តម្លៃខ្លួនរបស់លោក សាពូនមីដាដា ពេលក្នុងកំពុងប្រឡូកក្នុងសិល្បៈដំបូងៗដែលមានការគាំទ្រខ្លាំងនោះ លោកថា« តម្លៃខ្លួនច្រៀង២០ឆ្នាំមុន ច្រៀងខនសឺតបានតម្លៃ ៩៥០ដុល្លារ លុះក្រោយៗមកទទួលបានរហូតដល់៣៥០០ដុល្លារ ដែលលោកបានប្រឡូកជាង ២០ប្លាយមកនេះ»។
សូមរម្លឹកផងដែរថា កាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក សាពូន មីដាដា អតីតតារាចម្រៀងខ្មែរ បានចេញសារសុំទោសជាសាធារណៈទៅកាន់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកបានធ្វើការបង្ហោះសារលើហ្វេសប៊ុករៀបរាប់ពីចំនួនទឹកលុយដែលលោកធ្លាប់បានទទួលដ៏ច្រើនលើសលុបពីសម្តេចតេជោ ហ៊ុន សែន។
លោក សាពូន មីដាដារៀបរាប់នៅក្នុងសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនាពេលនោះថា តាមពិតលោកទទួលបានលុយតែជាង៤០ម៉ឺនដុល្លារប៉ុណ្ណោះ ពោលផ្ទុយពីអ្វីដែលលោកធ្លាប់បានលើកឡើងកន្លងមកថា ធ្លាប់ទទួលលុយពីសម្តេចតេជោ ហ៊ុន សែន ថាមានជាង៦,៧លានដុល្លារអាមេរិក។
តាមលោក សាពូន មីដាដា ការចេញមកបកស្រាយនាពេលនេះ គឺដើម្បីកុំឱ្យមានការភ័ន្តច្រឡំ និងមានមន្ទិលសង្ស័យដល់មហាជនបន្តទៀត។ គួរបញ្ជាក់ថា ដើមហេតុដែលធ្វើឱ្យអតីតតារាចម្រៀងរូបនេះចេញមកបកស្រាយម្តងទៀតដោយសារតែ កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៤ លោកបានរៀបរាប់ច្បាស់ៗថា កាលពី១១ឆ្នាំមុន លោកធ្លាប់ទទួលបានលុយចំនួនជាង ៦,៧លានដុល្លារ ផ្ទះវីឡា ឡាន ខ្សែក ព្រមទាំងពេជ្រ១២ការ៉ាត់ពីលោកសម្តេចតេជោ ហ៊ុន សែន ។
តែនៅប៉ុន្មានម៉ោងក្រោយការបង្ហោះសំណេរនេះចេញ ស្រាប់តែសម្តេចតេជោ ហ៊ុន សែនបានចេញមកឆ្លើយតបតាមហ្វេសប៊ុកវិញដោយបានច្រានចោលរាល់អ្វីដែលលោកសាពូន មីដាដាបានលើកឡើង។ សសម្តេចតេជោបានទទួលស្គាល់ថា សម្តេចពិតជាធ្លាប់ផ្តល់លុយទៅឱ្យគ្រួសាររបស់លោក សាពូន មីដាដាកាលពី១១ឆ្នាំមុនប្រមាណជា៣០ម៉ឺនដុល្លារសម្រាប់ទិញផ្ទះ៕
ចែករំលែកព័តមាននេះ