ខេត្តតាកែវ ៖ តាមប្រភពបែកធ្លាយពីក្រុមអ្នករកស៊ីនាំត្រីប្រហុកមកពីប្រទេសវៀតណាម ចូលភូមិសាស្ត្រទឹកដីខេត្តតាកែវ និងចែកចាយបន្តបញ្ជាក់ថា ពួកគាត់ត្រូវតែបង់លុយ យ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុងមួយរថយន្តសាំយ៉ុងទៅឲ្យលោក ជា សំបូរ ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្រាប់អ្នកដែលរកស៊ីដឹកត្រីប្រហុកម្តងម្កាល តែបើអ្នកដឹកប្រចាំ ថ្ងៃ ដូចជា ឈ្មោះ ងៀ គឺបង់ទៅលោកស្នងការរងតែ១០ម៉ឺនរៀលទេ ក្នុងមួយរថយន្តសាំយ៉ុង ។
ប្រភពដដែលបន្តថា ឈ្មោះ ងៀ ដឹកមក១ថ្ងៃៗ១០តោនទាំងថ្ងៃម៉ោង១២ដល់ផ្ទះចែកចាយហើយ គឺមិនខ្លាចសមត្ថកិច្ច ឬជំនាញណានោះឡើយ គឺគាត់អាងលោក ជា សំបូរ ជាអ្នកកាង ។ ហើយដែលបែករឿង គឺកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកស្នងការរងខាងលើបានចាប់រថយន្តដឹកត្រីប្រហុកមួយគ្រឿងទាមទារលុយ៦,៨០០,០០០៛(ប្រាំមួយលានប៉ែតសិបម៉ឺន) តែមិនត្រូវរ៉ូវគ្នាទើបធ្លាយរឿងយ៉ាងនេះទៅ។
ជុំវិញការលើកឡើងខាងលើនេះ លោក ជា សំបូរ ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា លោកមិនពាក់ព័ន្ធដូចករណីដែលលើកឡើងខាងលើនេះទេ គឺលោកបានបដិសេធនូវការចោទនេះ។
ដោយឡែក ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺដែរថា ក្រោយមានការចុះផ្សាយមានឈ្មួញនាំចូលត្រីប្រហុកពីវៀតណាមចូលភូមិសាស្ត្រខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាមន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះសហការជាមួយមន្ត្រីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ(កបប) ស្រាវជ្រាវតាមដានជាប្រចាំ ជាពិសេសនៅតាមច្រកព្រំដែននានា ក្នុងភូមិសាស្ត្រស្រុកគិរីវង់ ស្រុកបូរីជលសារ ស្រុកអង្គរបូរី ស្រុកកោះអណ្តែត និងស្រុកទ្រាំង ដើម្បីត្រួតពិនិត្យរកបទល្មើសខាងលើ ក៏ដូចជា ធ្វើការតេស្តស្វែងរកសារធាតុហាមឃាត់ ដែលដាក់លើម្ហូបអាហារនាំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ ។
អាជ្ញាធរខេត្តធ្លាប់ដុតចោលរាប់តោនម្តងមកហើយ ដោយសារប្រហុកមានជាតិគីមី ។ បើតាមឈ្មួញដឹកប្រហុកនិយាយថា គ្មានប្រហុកណាដែលមិនដាក់គីមីទេ បើមិនដាក់ប្រាកដជាដង្កូវចោះមិនខាន ។ ពួកគេថា បានទៅចាប់ដុតចោលម្តង មកពីនិយាយថ្លៃគ្នាមិនត្រូវ ។ លុះក្រោយមកមានការចចារគ្នាទើបមិនចាប់ ។
ឯរឿងបង់ប្រាក់ដូចនិយាយគ្នាចេញខាងលើនេះ វាជារឿងសុខសាន្តរបស់ឈ្មួញ ទោះគ្មានគីមី ក៏ត្រូវតែចំនាយដែរ ដើម្បីសុខ ។ ពួកគេថា គ្មានមួយណាមុខអត់លុយឡើយ សុទ្ធតែលុយ …ហេ!ហេ!
ព័ត៌មានបន្ថែមមានផ្សាយនៅកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ