កសិករជនជាតិថៃម្នាក់ប្រកាសដាក់លក់សត្វក្របី១ក្បាលដែលមានមាឌធំដំបងអស្ចារ្យក្នុងតម្លៃ៥០លានបាត ស្មើនឹង១,៤៥លានដុល្លារ។ តម្លៃនេះស្មើនឹងវីឡាដ៏ធំស្កឹមស្កៃមានអាងហែលទឹកដែលគេប្រកាសដាក់លក់នៅលើកោះភូកេត។ ប៉ុន្តែកសិកររូបនេះយល់ថាពួកគេអាចងាកមកចាប់អារម្មណ៍តម្លៃក្របីដ៏ធំបំផុតមួយក្បាលរបស់ថៃ។
ក្របីនេះឈ្មោះពេជ្រ ឡាំខង (Petch Lamkhong) អាយុ៣ឆ្នាំ ៥ខែ ដែលទិញពីកសិកដ្ឋាន១នៅខេត្តពិសាននុលោក (Phisanulok)។ វាមានទម្ងន់សរុប១,៤តោន។ គេបានយកវាទៅចូលរួមពិធីប្រកួតប្រជែងយកតំណែងជើងឯកកាលពីម្សិលមិញ។ នៅក្នុងពិធីប្រកួងនេះ, គេកំណត់យកក្របីដែលមានទម្ងន់ចាប់ពី១តោនឡើងទៅ។ នៅក្នុងទីលានប្រកួតនោះ, សត្វក្របីដទៃទៀតមានមាឌល្អិតៗ បើប្រៀបធៀបជាមួយពេជ្រ ឡាំខង ដែលមានមាឌធំដំបង និងខ្ពស់ជាងម្ចាស់របស់វាទៅទៀត។

លោកសម្បត្តិ ថាមេលា (Sombat Thamelae) ដែលជាម្ចាស់ក្របីពេជ្រ ឡាំថង ប្រាប់ថាគាត់បានទិញក្របីនេះតម្លៃ៧លានបាតពីកសិដ្ឋាននៅខេត្តបឹងកាន កាលពីពាក់កណ្ដាលឆ្នាំ២០២២។ គាត់ធ្លាប់យកក្របីនេះទៅចូលរួមប្រកួតប្រជែងជាហូរហែ និងឈ្នះពានរង្វាន់ជាច្រើនដង។ គាត់ប្រាប់ថាពេជ្រ ឡាំខងគឺជាមុខមាត់របស់គាត់។ គាត់អាចរកប្រាក់ចំណូលបានរាប់លានបាតពីការលក់មេជីវិតរបស់ពេជ្រ ឡាំខងទៅឱ្យអ្នកបង្កាត់ពូជក្របី។

បើទុកជាគ្មាននរណាហ៊ានទិញពេជ ឡាំថងនៅក្នុងតម្លៃដែលលោកកំណត់នេះ ក៏គាត់មិនជាប្រញាប់ប្រញាល់លក់ក្របី១ក្បាលនេះដែរ។ គាត់មានក្របីជាច្រើនក្បាលទៀតដែលអាចវ៉ៃចេញជាបន្តបន្ទាប់។ ម៉្យាងទៀត បើលក់មិនទាន់ដាច់ក៏ល្អម៉្យាងដែរ។ គាត់អាចទុកក្របីនេះលម្អកសិដ្ឋានរបស់គាត់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ ប៉ុន្តែបើមានគេចាប់អារម្មណ៍ខ្លាំងចង់ទិញក្របីពេជ្រ ឡាំខងនេះ គាត់សូមដាច់ថ្លៃត្រឹម៥០លានបាត។ បើដូច្នេះមែន, វានឹងក្លាយជាក្របីដែលថ្លៃជាងគេនៅប្រទេសថៃ។
កាលពីខែមករា ឆ្នាំ២០២៣, កសិករម្នាក់នៅខេត្តកាឡាស៊ីន(Kalasin) បានបង្កការភ្ញាក់ផ្អើលពេញសារព័ត៌មាន។ កាលនោះគាត់ប្រកាសថាអាចរកប្រាក់ចំណូលបាន១ខែ១លានបាតពីការលក់មេជីវិតក្របីបារបស់គាត់ឈ្មោះប៊ីកប៊ីលាន(Big Billion) ។ នោះក៏ជាក្របីពូជល្អដ៏មានតម្លៃថ្លៃផងដែរ។ វាមានតម្លៃសាមសិបលានបាត។

គួរកត់សម្គាល់ថាអ្នកដែលរកស៊ីបង្កាត់ពូជក្របីនៅប្រទេសថៃហ៊ានទិញមេជីវិតរបស់ក្របីបានៅក្នុងតម្លៃថ្លៃៗ។ កាលពីខែមីនា ឆ្នាំ២០២២, ក្របីឃ្លៀច១ក្បាលលក់តម្លៃ២,៥លានបាត ឬស្មើនឹងជាង៧ម៉ឺនដុល្លារនៅក្នុងពិធីប្រកួតប្រជែងរកក្របីណាមានមាឌធំជាងគេលើកទី១០នៅខេត្តឧទ័យធានី៕
ប្រភព៖ The Thaiger
https://thethaiger.com/news/national/farmer-in-thailand-puts-buffalo-up-for-sale-for-us1-5-million
ចែករំលែកព័តមាននេះ