ខេត្តកោះកុង ៖ គិតត្រឹមរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ បន្ទាប់ពីសមត្ថកិច្ចបង្ហោះព័ត៌មានសួររកសាច់ញាតិសពដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះបានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។

បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ នេះ បានទៅធ្វើការងារនៅក្នុងស្កាយបាមួយកន្លែងឯរាជធានីភ្នំពេញ ផ្នែកសឺវ៉ីស ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា កាលពីរសៀលថ្ងៃទី២១ មីនា នេះ បងស្រីជនរងគ្រោះបានសុំសមត្ថកិច្ចនិងអញ្ជើញអាចារ្យមកធ្វើពិធីបូជាសពជនរងគ្រោះនៅនឹងកន្លែងផ្លូវឃើញសាកសពនោះតែម្តង ដើម្បីយកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯលំនៅឋាន ។

គួររំលឹកថា កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៤ កំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកំលាំងការិយាល័យបច្ចេកទេសកំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនិងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសព នៅចំនុចក្បែរផ្លូវលេខជាតិលេខ៤៨ ស្ថិតនៅភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានអ្នកធ្វើដំណើររាយការណ៍ថាមានសាកសពត្រូវបានជនល្មើសវាយបែកក្បាលផ្នែកខាងមុខហើយញាត់ចូលវាលីជ័រព័ណទឹកក្រូចហើយយកមកបោះប្លុងចោលនៅចំនុចខាងលើប្រហែលរយៈពេល០៣ថ្ងៃមកហើយ ។

ក្នុងខណៈពេលកំលាំងចម្រុះចុះពិនិត្យសាកសពនោះឃើញថា សាកសពមិនស្គាល់អត្តសញ្ញាណ អ្វីទាំងអស់ ប៉ុន្តែដឹងថា មានភេទប្រុសជនជាតិខ្មែរ នឹងនៅលើដើមដៃឆ្វេងមានចាក់សាក់ជាអក្សរខ្មែរថា (ចងចាំ) ដោយសរសេរលេខខ្មែរនៅខាងក្រោម០៥.០៩.២១ ហើយសាកសព មានសភាពហើមធុំក្លិនមាននិងដង្កូវចុះ ។

ករណីនេះ កំលាំងជំនាញសន្និដ្ឋានបានថា ជាករណីឃាតកម្ម ។ ក្រោយពីពិនិត្យសាកសព សមត្ថកិច្ចចប់សព្វគ្រប់ កំលាំងយើងបានប្រគល់សាកសពជូនអធិការដ្ឋាននគរបាលស្រុកបូទុមសាគរចាត់ចែងបញ្ចុះនៅក្នុងមូលដ្ឋានរនោះតែម្តង និងស្រាវជ្រាវរកសាច់ញាត្តិ និងជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី។



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ