ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលទេសចរណ៍ក្រុងកំពតជាច្រើនកំពុង​ត្រៀមទទួលបងប្អូន​ថ្ងៃ​ចូលឆ្នាំខ្មែរខាងមុខ

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ…

ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ (ស្ពានចាស់) និងស្ពានថ្មី ការដ្ឋានស្ថាបនារូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោតផងដែរ ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចបានដាក់ចេញនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើក​កម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភ័ណ​ភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលំអបន្ថែមនៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ។

ខេត្តកំពតក្រៅហេដ្ឋារចនានាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្តក៏មានគម្រោងកែលំអសោភ័ណភាពក្រុងជាច្រើន ដោយបែងចែកទៅតាមដំណាក់កាលនីមួយៗ ធ្វើឱ្យក្រុងកំពតប្រែមុខមាត់ថ្មី ។ រហូតមកបច្ចុប្បន្ន រដ្ឋបាលខេត្តបាននិងកំពុងខិតខំដុតដៃដុតជើង ក្នុងការសម្រេចគម្រោងពង្រីកសួនកម្សាន្ត​ត្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាង​មុខ ។ ពិសេស រដ្ឋបាលខេត្តក៏កំពុងតែជំរុញឱ្យក្រុមការងារស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ និងស្ពាន់ថ្មីត្រូវចាប់ផ្តើមរៀបចំកែលម្អឱ្យបានស្អាត ហើយបើអាចឱ្យភ្ញៀវទេសចរចូលកម្សាន្តបាន ពេលចូលឆ្នាំថ្មីខាងមុខនេះរិតតែប្រសើរ ។

ឯកឧត្តមបានបញ្ជាក់ថា គម្រោងស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់ និងស្ពានថ្មីដែលមានប្រវែងជាង៦០០ម៉ែត្រ ត្រូវរៀបចំឱ្យមានផ្លូវ សួនកម្សាន្ត ចំណតរថយន្ត និងឆ្នេរខ្សាច់ងូតទឹកលេងកម្សាន្ត និងលេងកីឡាលើទឹកផ្សេងៗ ដោយសារទឹកព្រែកកំពង់បាយដ៏ស្អាតនិង ជាទឹករស់ មានប្រភពមកពីតំបន់ទំបន់វារីអគ្គិសនី​កម្ចាយផងដែរ ។

ឯកឧត្តមបានបន្ថែមថា តំបន់ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់និងស្ពាន់ថ្មីជាបេះដូងនៃក្រុងកំពត ទៅថ្ងៃខាងមុខពេលមានព្រឹត្តិការណ៍ធំៗនឹងត្រូវរៀបចំនៅទីនេះ ម្យ៉ាងទៀតពេលឆ្នេរនេះស្ថាបនារួចរាល់១០០% ភ្ញៀវទេសចរមកលេងនៅតែក្នុងក្រុងកំពតក៏សប្បាយដែរ ព្រោះមានទូកទេស​ចរណ៍ មានសួនច្បារមាត់ព្រែកជាង១គីឡូម៉ែត្រសម្រាប់អង្គុយលម្ហែមើលថ្ងៃលិចមានរូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រសម្រាប់ថតរូបអនុស្សាវរីយ៍​​មានឆ្នេរខ្សាច់ងូតទឹកកម្សាន្ត និងសកម្មភាពកីឡាលើទឹកជាដើម។

ឯកឧត្តមបានបង្ហាញក្ដីរំពឹងដែរថា សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ទេស​ចរនឹងមកលេងខេត្តកំពតច្រើនជាងឆ្នាំមុនៗ ខណៈដែលសមិទ្ធផលទេសចរណ៍ជាច្រើន បាននិងកំពុងត្រៀមរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តសប្បាយនៅខេត្តកំពតហើយនោះ៕

អត្ថបទសរសេរ ដោយ