ខេត្តប៉ៃលិន ៖ ដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារប្រចាំថ្ងៃ ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងខេត្តប៉ៃលិនបានចាប់យកមុខរបរមួយនេះ ជាការងារបន្ទាប់បន្សំ ក្រោយពេលទំនេរពីការងារធ្វើចំការរបស់ខ្លួន ដោយពួកគាត់ បានទៅស៊ីឈ្នួលកាប់ដើមដំឡូងមីឱ្យគេ ដើម្បីយកថវិកាទិញម្ហូបអាហារប្រចាំថ្ងៃ ។
បើតាមការរៀបរាប់ពីស្ត្រីម្នាក់ ឈ្មោះ សម្ភស្ស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងឈ្មោះ យឹម សុផាត ភេទប្រុស បានឱ្យភ្នាក់ងារយើងដឹងថា ៖ បន្ទាប់ពីពួកគាត់ ប្រមូលផលពោត និងដំឡូងមី នៅក្នុងងចំការរបស់ខ្លួនរួចរាល់ ពួកគាត់និងអ្នកភូមិមួយចំនួនទៀត បានឆ្លៀតពេលទំនេរ ទៅធ្វើការស៊ីឈ្នួលកាប់ដើមដំឡូងមីឱ្យគេ នៅក្បែរៗភូមិ សម្រាប់យកថវិកាទៅផ្គត់ផ្គង់ទិញម្ហូបអាហារប្រចាំថ្ងៃ ខណ:មិនមានការងារអ្វីច្រើនក្រៅពីនេះទេ។
ពួកគាត់បន្តទៀតថា ការកាប់ដើមដំឡូងមីនេះ ត្រូវចងជាបាច់ៗ ដាក់ទុកនឹងដីចំការ ដើម្បីឱ្យម្ចាស់ចំការយកទៅដាំបន្តនៅកន្លែងផ្សេងទៀត ឬគេទុកដើម្បីយកទៅលក់ឱ្យប្រជាកសិករដូចគ្នា ទិញយកទៅដាំក្នុងចំការរបស់ខ្លួនផងដែរ។ ការស៊ីឈ្នួលកាប់ដើមដំឡូងមីនេះ ក្នុង១បាច់ ដែលមានដើមដំឡូងមីប្រមាណចំនួន២៥ដើម ទទួលបានប្រាក់កម្រៃពីម្ចាស់ចំការ ចំនួន៣០០រៀល ហើយក្នុង១ថ្ងៃ ពួកគាត់ម្នាក់ៗ អាចកាប់ដើមដំឡូងមីបានចំនួន៩០ទៅ១០០បាច់ ដែលគិតជាថវិកាទទួលបានចាប់ពី២៩,០០០ ទៅ៣០,០០០រៀល។ តែជួនកាល ពួកគាត់ខិតខំប្រឹងប្រែងកាប់ផងចងបាច់ផងតាំងពីព្រឹករហូតដល់ពេលល្ងាច ក៏កាប់បានលើសពីនេះ និងទទួលបានថវិកាច្រើនផងដែរ។ តែដោយសាររដូវនេះក្តៅខ្លាំង ពួកគាត់ឈប់សម្រាកច្រើនជាងការប្រឹងប្រែងកាប់ដើមដំឡូងមី ព្រោះត្រូវការថែទាំសុខភាព ជៀសវាងការកើតជំងឺផងដែរ ។
ពួកគាត់បញ្ជាក់ទៀតថា ម្ចាស់ចំការខាងលើ ទុកដើមដំឡូងមីនេះ ដើម្បីកាប់លក់ឱ្យប្រជាពលរដ្ឋទិញយកទៅដាំនៅចំការរបស់គេ ហើយនៅសល់ខ្លះៗ ម្ចាស់ចំការខាងលើ គេទុកដាំនៅក្នុងចំការខ្លួនសារជាថ្មីឡើងវិញ ព្រោះនៅឆ្នាំ២០២៤នេះ គេសង្កេតឃើញតម្លៃទីផ្សារមើមដំឡូងមី មានការហក់ខ្ពស់ឡើងគួរឱ្យកត់សម្គាល់។ ចំណែកអ្នកខ្លះទៀត អត់មានដីចំការនឹងគេ ក៏សុខចិត្តជួលដីចំការអ្នកដទៃធ្វើ ក្រែងបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព និងសងជំពាក់បំណុលគេ ៕
ចែករំលែកព័តមាននេះ