ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃពិចារណាលើការបង្កើតកាស៊ីណូស្របច្បាប់ ដើម្បីបង្កើនចំនួនភ្ញៀវបរទេស

1 ខែ មុន

ប្រទេសថៃ ៖ ការសិក្សាមួយដែលដាក់ជូនសភាតំណាងរាស្ត្រថៃ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

ប្រទេសថៃ ៖ ការសិក្សាមួយដែលដាក់ជូនសភាតំណាងរាស្ត្រថៃ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា ប្រទេសថៃកំពុងពិចារណាលើការបង្កើតកាស៊ីណូស្របច្បាប់ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ ដ្បិតសំណើនេះមិនទទួលជោគជ័យ កាលពីពេលកន្លងមក ដោយសារការមិនពេញចិត្តជាសាធារណៈ។

ការលេងល្បែងស្របច្បាប់តែមួយគត់ ដែលត្រូវបានអនុញ្ញាតនៅក្នុងប្រទេសថៃ គឺការប្រណាំងសេះ និងឆ្នោតជាតិ ដែលគ្រប់គ្រងដោយរដ្ឋផ្ទាល់។ ប៉ុន្តែបើតាមការសិក្សារបស់គណៈកម្មាធិការរដ្ឋា​ភិ​បាល និងសមាជិករដ្ឋសភាគណបក្សប្រឆាំងមានសមាជិក៦០នាក់ បានអះអាងថា យ៉ាងហោចណាស់ប្រជាជនថៃ ១០% បានញៀននឹងល្បែងភ្នាល់។

មនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះជឿថា ទីផ្សារកាស៊ីណូស្របច្បាប់ក្នុងប្រទេសថៃ នឹងទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរក្រៅប្រទេស ដោយផ្តល់នូវការប្រកួតប្រជែងខ្លាំងជាមួយនឹងទីក្រុងម៉ាកាវ ដែលជាមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភពលោក ហើយក៏ជាកន្លែងតែមួយគត់នៅក្នុងប្រទេសចិន ដែលប្រជាពលរដ្ឋអាចលេងល្បែងស៊ីសងដោយស្របច្បាប់នៅក្នុងកាស៊ីណូ។

ភាពស្របច្បាប់នៃល្បែងស៊ីសងត្រូវបានពិភាក្សានាពេលកន្លងមក នៅក្នុងប្រទេសថៃ ប៉ុន្តែគ្មានសញ្ញាឈានទៅមុខណាមួយនោះទេ ដោយសារតែការប្រឆាំងយ៉ាងខ្លាំងជាសាធារណៈ។ នៅក្នុងការស្ទង់មតិឆ្នាំ ២០២១ មាន ៤៦.៥១% បានជំទាស់នឹងការលេងល្បែងស៊ីសងស្របច្បាប់ ដោយសារតែបញ្ហាសីលធម៌ ក៏ដូចជាឧក្រិដ្ឋកម្ម ខណៈដែល ២១.២៥% បានគាំទ្រ។ រដ្ឋសភាមុនបានអនុម័តការសិក្សាស្រដៀងគ្នានេះ កាលពីឆ្នាំមុន ប៉ុន្តែរដ្ឋសភាត្រូវបានរំលាយ មុនពេលគណៈរដ្ឋមន្ត្រីពិចារណាលើរឿងនេះ។

លោក Sorawong Thienthong អគ្គលេខាធិការបក្សភឿថៃ បានប្រាប់ទីភ្នាក់សារព័ត៌មាន Reuters ថា ក្រោមសំណើក្នុងការសិក្សាបានបង្ហាញថា ក្រុមហ៊ុនឯកជននឹងផ្តល់ការចំណាយលើការសាងសង់ និងប្រតិបត្តិការកន្លែងកម្សាន្តដែលមានកាស៊ីណូ ខណៈដែលរដ្ឋាភិបាលថៃ នឹងទទួលខុសត្រូវលើការយកពន្ធ និងបទប្បញ្ញត្តិ។

លោកបានបន្តទៀតថា ក្រុមហ៊ុនថៃ និងបរទេស ដែលមានបទពិសោធនៅលើឧស្សាហកម្មនេះ នឹងទទួលខុសត្រូវលើការវិនិយោគភាគច្រើន ហើយការវិនិយោគអប្បបរមាប៉ាន់ស្មានសម្រាប់អគារមជ្ឈមណ្ឌលដ៏ធំមួយ នឹងមានចំនួន ១០០ពាន់លានបាត ដែលស្មើនឹង ២.៧៩ពាន់លានដុល្លារអាម៉េរិក។

សេចក្ដីព្រាងច្បាប់ស្ដីអំពីគំនិតនៃឧស្សាហកម្មកាស៊ីណូ ត្រូវបានដាក់បញ្ចូលក្នុងការសិក្សាដែលនឹងត្រូវការការអនុម័តពីសភា មុនពេលត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីពិចារណា។ នៅមិនទាន់មានការបញ្ជាក់ចំនួនកន្លែងកម្សាន្ត ឬទីតាំងរបស់ពួកគេនៅឡើយទេ ប៉ុន្តែគណៈកម្មាធិការបានផ្តល់អនុសាសន៍ថា អគារមជ្ឈមណ្ឌលដ៏ធំមួយគួរតែស្ថិតនៅក្នុងគោលដៅទេសចរណ៍សំខាន់ ហើយមានចម្ងាយ១០០គីឡូម៉ែត្រពីអាកាសយានដ្ឋាន។

លោក Sorawong ក៏បានបន្ថែមទៀតថា ការសិក្សាអាចត្រូវបានពិចារណាសម្រាប់ការអនុម័តពីសភា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយគ្រប់គ្នាចង់បញ្ចប់ច្បាប់នេះ ហើយចាប់ផ្ដើមការលក់អាជ្ញា​បណ្ណទៅឱ្យអ្នកវិនិយោគក្នុងរាជកាលរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ