ខេត្តបាត់ដំបង៖ មានករណីឆេះរថយន្តមួយគ្រឿងសល់តែគ្រោងឆ្អឹង ខណៈកំពុងបើកបរនៅលើផ្លូវសុខៗនោះ ហើយអ្នកបើកបរវិញនោះ ក៏បានរត់បាត់ស្រមោលឈឹង ។

យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលបានឱ្យដឹងថា នៅទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ វេលាម៉ោង១២ថ្ងៃត្រង់ ស្ថិតត្រង់ចំណុចផ្លូវវាងក្រុងជិតទីតាំងផ្សារគ្លូប៊ល ហៅស៍ ក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះរថយន្តធុនតូចចំនួនមួយគ្រឿងកំពុងបើកបរលើផ្លូវម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AZ.6970 ហើយអ្នកបើកបរបានរត់ចោលរថយន្ត ។

ប្រភពបន្តថា នៅក្នុងហេតុការណ៍ឆេះរថយន្តខាងលើ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីប្រព័ន្ធភ្លើងក្នុងរថយន្តបណ្តាលឲ្យឆាបឆេះតែម្តង ។ ភ្លាមៗ កងកម្លាំងនគរបាលបង្ការពន្លត់
អគ្គិភ័យ និងសង្គ្រោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះទេ ដោយមានរថយន្តរបស់ស្ថានីយប្រេងឥន្ធនៈតេលាចេញជួយអន្តរាគមន៍ពន្លត់ ។
តែអកុសល រថយន្តត្រូវបានឆេះខ្ទេចខ្ទីរសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ។






ចែករំលែកព័តមាននេះ