ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិន Xiaomi នឹងចាប់ផ្តើមលក់ឡានអគ្គិសនីលើកដំបូង នៅចុងខែនេះ

1 ខែ មុន

ចិន ៖ ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី ៥ របស់ប្រទេសចិន Xiaomi បានប្រកាសក្នុងការបង្ហោះលើ

ចិន ៖ ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី ៥ របស់ប្រទេសចិន Xiaomi បានប្រកាសក្នុងការបង្ហោះលើបណ្ដាញសង្គមយក្សចិន Weibo ថា ខ្លួននឹងចាប់ផ្តើមលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅចុងខែមីនានេះ ដែលជាការបោះជំហានជាលើកដំបូងទៅក្នុងឧស្សាហកម្មរថយន្ត ដែលមានការប្រកួតប្រជែងខ្លាំង។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

តម្លៃរថយន្ត Xiaomi ត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសនៅថ្ងៃទី២៨ ខែមីនា។ ក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនមានហាងចំនួន៥៩ទីតាំង នៅក្នុងទីក្រុងចំនួន ២៩ នៅទូទាំងប្រទេសចិន ដើម្បីទទួលការបញ្ជាទិញ។ ការប្រកាសដ៏ភ្ញាក់ផ្អើលនេះកើតឡើងនៅពេលសង្រ្គាមតម្លៃកាន់តែតានតឹងឡើងរវាងក្រុមហ៊ុនចិន BYD និងក្រុមហ៊ុនអាម៉េរិក Tesla ដែលជាទីផ្សាររថយន្តអគ្គសនីដ៏ធំបំផុតរបស់ពិភពលោក។

នៅក្នុងការបង្ហាញរថយន្តអគ្គិសនី Speed Ultra 7 ឬ SU7 កាលពីឆ្នាំមុន លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានថ្លែងថា ក្រុមហ៊ុនមានគោលបំណងក្លាយជាក្រុមហ៊ុនផលិតរថយន្តមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំង៥ នៅលើពិភពលោក។

ក្រុមហ៊ុន Xiaomi បានលើកឡើងថា ខ្លួននឹងវិនិយោគលើទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារអាម៉េរិក នៅក្នុងអាជីវកម្មរថយន្តអគ្គសនីរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយលោក Lei Jun បានអះអាងថា SU7 គឺជាបច្ចេកវិទ្យាទំនើប «Super Electric Motor» ដែលមានសមត្ថភាពបង្កើនល្បឿនលឿនជាងរថយន្ត Tesla និង Porsche របស់អាល្លឺម៉ង់ លើម៉ូដែលមួយចំនួន។

ក្រុមហ៊ុន Xiaomi ក៏សង្ឃឹមថា ប្រព័ន្ធប្រតិបត្តិការរួមគ្នារបស់រថយន្តជាមួយទូរសព្ទ និងឧបករណ៍ផ្សេងទៀតនឹងទាក់ទាញអតិថិជនដែលមានស្រាប់ ហើយវាគឺជាផ្នែកមួយនៃអនាគតថ្មី ដែលចូល​មក​ក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន ដើម្បីទទួលបានការយល់ព្រមពីអាជ្ញាធរ ខណៈមន្ត្រីកំពុងព្យាយាមទប់ស្កាត់ការកើនឡើងនៃអ្នកប្រកួតប្រជែងថ្មី។ ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានកើនឡើង ១០% បន្ថែមទៀតនៅក្នុងទីក្រុង​ហុងកុង បន្ទាប់ពីការប្រកាសនេះ។

SU7 នឹងត្រូវបានផលិតដោយអង្គភាពរបស់ក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន BAIC Group នៅរោងចក្រក្នុងទីក្រុងប៉េកាំង ដែលអាចផលិតរថយន្តបានដល់ទៅ ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ការចេញលក់ Xiaomi Automobile កើតឡើងចំពេលសង្រ្គាមតម្លៃនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ចិនកាន់តែខ្លាំង។

ក្រុមហ៊ុន Tesla ដែលដឹកនាំដោយមហាសេដ្ឋីអាម៉េរិក Elon Musk បានកាត់បន្ថយតម្លៃរថយន្តរបស់ខ្លួន នៅក្នុងប្រទេសចិនរាប់ពាន់ដុល្លារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំពេលដែលគូប្រជែងក្នុងស្រុកដូចជា BYD បានកាត់បន្ថយតម្លៃផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ