រាជធានីភ្នំពេញ ៖ តើបានបុណ្យដែរឬទេ បើខ្ចីលុយគេធ្វើបុណ្យ? រឿងខ្ចីប្រាក់គេមកធ្វើបុណ្យ បានបុណ្យពេញបរិបូណ៌ វាទាល់តែធ្វើបុណ្យរួចហើយ ដើររកលុយសងគេវិញឲ្យរួច ឲ្យគ្រប់ចំនួនទើបបានបុណ្យពេញបរិបូណ៌។ តែបើបំភ្លេចបំណុលគេចោល អ្នកខ្ចីនោះមិនត្រឹមតែមិនបានបុណ្យទេ ថែមទាំងបានបាបមកវិញផង ព្រោះជាប់ត្រង់សិក្ខាបទទី៤នៃនិច្ចសីលគឺកុហកបោកប្រាស់គេធ្វើបុណ្យ ។

តាមអត្ថកថា នៅក្នុងគម្ពីរមង្គលសូត្រ បានពន្យល់អំពីបាបនិងបុណ្យនេះច្បាស់លាស់ណាស់ គឺលោកបានបែងចែកដាច់ស្រឡះ អ្នកធ្វើអាក្រក់បានបាប ឯអ្នកប្រព្រឹត្តល្អបានបុណ្យ នេះជាសច្ចធម៌ ។ មានន័យថា អ្នកសុំខ្ចីលុយគេធ្វើបុណ្យវាជាចេតនា ជាតួបុណ្យហើយ តែកាលណាធ្វើរួចហើយ ត្រូវខំរកប្រាក់មកសងគេវិញឱ្យគ្រប់ចំនួនផង ទើបបុណ្យនោះបានបរិបូណ៌ តែបើមិនសងគេវិញទេ បុណ្យនោះនឹងក្លាយទៅជាផលរបស់ម្ចាស់ប្រាក់ទាំងអស់។ អ្នកខ្ចីបានត្រឹមតែជាអ្នកបម្រើគេទៅធ្វើបុណ្យតែប៉ុណ្ណោះ ហើយទន្ទឹមនោះអ្នកក៏បានបាបមកវិញផងដែរ ព្រោះជាប់នៅក្នុងសិក្ខាបទទី៤ត្រង់មុសាវាទ កុហកបោកប្រាស់យកប្រាក់គេមកធ្វើបុណ្យ ។

ប៉ុន្តែបើសិនជាម្ចាស់គេមិនយកលុយដែលខ្ចីនោះវិញទេក៏ជាការល្អហើយ។ អ្នកនឹងបានបុណ្យពេញបរិបូណ៌ដដែល តែក៏គួរបែងចែកផលបុណ្យនោះដល់ ម្ចាស់ទ្រព្យគេខ្លះផង ព្រោះអ្នកមានចេតនាតាំងចិត្តធ្វើបុណ្យ ចំណែកគេមានទ្រព្យ បើគេមិនឲ្យប្រាក់ខ្ចី អ្នកក៏មិនបានធ្វើបុណ្យដែរ ។
ការជូនចំណែកបុណ្យត្រឹមតែបញ្ចេញវាចាថា ចូរអ្នកទទួលចំណែកបុណ្យកុសលដែលខ្ញុំបានធ្វើនេះផងចុះ សូមអនុមោទនា ខណៈនោះម្ចាស់ប្រាក់គ្រាន់តែពោលថា សាធុ! សាធុ! សាធុ! ដោយចិត្តជ្រះថ្លា ផលបុណ្យនឹងកើតឡើងភ្លាម ។
សូមបន្ថែមថា បានបុណ្យទាល់តែធ្វើបុណ្យរួចហើយ ដើររកលុយសងគេវិញឲ្យរួច ឲ្យគ្រប់ចំនួនគេវិញទើបបានបុណ្យ ១០០ ភាគរយ ។ បើសិនជាម្ចាស់គេ មិនយកលុយខ្ចីនោះទេ ពេលផលបុណ្យកើតមកមានទ្រព្យសម្បត្តិ ទ្រព្យនោះក៏ត្រូវបែងចែកដល់បុគ្គលដែលជា ម្ចាស់ទ្រព្យនោះខ្លះ ព្រោះអ្នកមានចេតនាតាំងចិត្តធ្វើបុណ្យ ចំណែកគេមានទ្រព្យបើគេមិនឲ្យទ្រព្យ អ្នកខ្ចីអ្នកក៏មិនបានធ្វើបុណ្យដែរ ។

ពេលអ្នកបានទ្រព្យសម្បត្តិមកប្រើប្រាស់ ទាល់តែទៅពឹងអាស្រ័យគេ ទើបបានទ្រព្យសម្បត្តិនោះមកប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃ នេះហៅថាធ្វើបុណ្យពឹងអ្នកដទៃ។ បើអត់គេក៏អត់បានបុណ្យនោះដែរ ដូច្នេះពេលធ្វើបុណ្យហើយគប្បីរកសងគេឲ្យគ្រប់ចំនួន ហើយអរគុណគេផង ។

បើអ្នកមិនបានសងគេវិញ ឬភ្លេចសងគេវិញ បុណ្យនោះ នឹងជាម្ចាស់ទ្រព្យដើមទាំងអស់ អ្នកគ្រាន់តែជាអ្នកបម្រើគេ ទៅធ្វើបុណ្យ ប៉ុណ្ណោះ ។ ទន្ទឹមនោះអ្នកក៏បានបាបមកផង ព្រោះបោកប្រាស់គេមកធ្វើបុណ្យ គឺថាបុណ្យក៏បានបាបក៏បានដែរ ហើយកើតជាតិណាៗក៏ទ្រព្យប្រើប្រាស់ទាល់ទៅបម្រើគេ ទើបមានទ្រព្យប្រើប្រាស់នឹងគេបាន ៕
ចែករំលែកព័តមាននេះ