ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប មិន​បាន​សម្រេច នៅ​មុខ​នគរបាល​ព្រហ្មទណ្ឌ កំពុង​ល្បាត ប្រដេញ​ចាប់​បាន​ម្នាក់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វន…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

នៅ​ពេល​ល្បាត​តាម​ផ្លូវ​លេខ​១៦៩ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២២​និង​២៥​នាទី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៤ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង មាន​គ្នា​ចំនួន​០៣​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​បុរស​រង​គ្រោះ​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ ភ្លាម​ៗ​នោះ កម្លាំង​ជំនាញ​ការិយាល័យ ធ្វើការ​ប្រដេញ និង​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ នៅ​ចំណុច​ក្នុង​អាគារ​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​២២​និង​៤០​នាទី​ថ្ងៃ​ដដែល ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឡុ​ង ជីវ​សា​រិ​ទ្ធ ហៅ​ឡុ​ង សម្បត្តិ អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នក​វេរ​លុយ ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អ្នក​បិទ​គូទ​) ។

រីឯ​បក្ខពួក ឈ្មោះ គោ នឹង​ឈ្មោះ ស ដែល​ជា​ជន​ដៃដល់ បាន​បើក​ម៉ូតូ រត់គេច​ខ្លួន​បាត់ ។

សម្ភារៈ ដែល​កម្លាំង​ជំនាញ​ដកហូត ៖ ម៉ូតូ​ហុងដា​បី​ត ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JW-3135 (​របស់​ជនសង្ស័យ​) ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ខាងលើ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្តរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ