បុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីលាលែងពីតំណែងកំពុងតែខិតជិតដល់ពេលនៃការទទួលបានតួនាទីជាប្រធានព្រឹទ្ធសភា ខណៈដែលគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចបានទទួលសំឡេងឆ្នោតលើសលុបនៅក្នុងព្រឹទ្ធសភាដែលមានសមាជិក៦២នាក់ ។

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃនេះបានប្រកាសផ្លូវការលទ្ធផលនៃការរៀបចំការបោះឆ្នោតព្រឹទ្ធសភា ដោយបានអោយដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥ អាសនៈ ហើយគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ ។
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ប្រកាសអំពីបេក្ខជនជាប់ឆ្នោតផងដែរ ។ សម្តេច តេជោ ហ៊ុន សែន បានជាប់ឈ្មោះជាសមាជិកព្រឹទ្ធសភានៅភូមិភាគខេត្តកណ្តាល ។ ដូច្នេះ សម្តេចតេជោ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់តំណែងប្រធានព្រឹទ្ធសភា ។
លទ្ឋផលបោះឆ្នោត បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះលើសគេនៅទូទាំង ៨ ភូមិភាគ ឬក៏២៥ ខេត្តក្រុង ។ បើគិតតាមសំឡេងឆ្នោតគណបក្សប្រជាជនកម្ពុជាទទួលបានសរុប១០០៥២ សំឡេង គណបក្សឆន្ទៈខ្មែរទទួលបាន១៣៩៤ សំឡេង គណបក្សហ៊ុនស៊ីនប៉ិចទទួលបាន១៩សំឡេង និងគណបក្សកម្លាំងជាតិទទួលបាន២៣៤ សំឡេង ។

កម្ពុជាបានបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ហើយគណបក្សចំនួនបួនបានចូលរួមការបោះឆ្នោតនេះ ។ ប៉ុន្តែគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិមិនទទួលបានអាសនៈក្នុងព្រឹទ្ធសភាទេ ។
គួរបញ្ជាក់ថាព្រឹទ្ឋសភាត្រូវមានសមាជិកចំនួន៦២នាក់ ដោយក្នុងនោះ៥៨ បានមកពីការបោះឆ្នោតព្រឹទ្ធសភា២នាក់ត្រូវបោះឆ្នោតដោយរដ្ឋសភា និង២នាក់ទៀតនឹងត្រូវតែងតាំងដោយព្រះមហាក្សត្រ ។ លទ្ធផលបោះឆ្នោតនេះបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងមានសំឡេង លើសលុបនៅក្នុងព្រឹទ្ធសភាដែលមាន៦២ នាក់ ។
អាស្រ័យដូច្នេះ សម្តេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅលើផ្លូវដ៏រលោងឆ្ពោះទៅកាន់តំណែង ប្រធានព្រឹទ្ធសភា ៕ ដោយ សា រ៉ាន់
ចែករំលែកព័តមាននេះ