ទីក្រុងយ៉ាន់ហ្កន៖ ជនស៊ីវិលភូមាយ៉ាងតិច១២នាក់ស្លាប់ដោយសារការផ្លោងកាំភ្លើងធំដាក់ទីផ្សារដែលមានមនុស្សអ៊ូរអរនៅរដ្ឋរ៉ាក់ខាញខាងលិច។ ក្រោយហេតុការណ៍នេះ, របបសឹកភូមា និងក្រុមប្រឆាំងទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមកដើម្បីយកត្រូវរៀងៗខ្លួន។
ក្រុមបះបោរឈ្មោះកងទ័ពអារ៉ាខាន់ (Arakan Army) ដែលបើកប្រតិបត្តិការនៅរដ្ឋរ៉ាក់ខាញជាប់នឹងព្រំដែនប្រទេសបង់ក្លាដែសថ្លែងថានាវាចម្បាំងមួយគ្រឿងដែលចតនៅកំពង់ផែទីក្រុងសិតថ្វេ (Sittwe) បានបាញ់កាំភ្លើងធំចូលផ្សារមីយ៉ូម៉ា (Myoma) ស្លាប់មនុស្ស១២នាក់ និងរបួសជាង៨០នាក់។
របបសឹកចេញផ្សាយសេចក្ដីថ្លែងការណ៍ថាគ្រាប់កាំភ្លើងនោះបាញ់ដោយទាហានអារ៉ាខាន់។ ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះមិនបានបញ្ជាក់ថាមនុស្សស្លាប់ប៉ុន្មាននាក់ទេ។ ទីក្រុងសិតថ្វេ និងទីក្រុងមួយចំនួនទៀតនៅរដ្ឋរ៉ាក់ខាញមិនអាចទទួលព័ត៌មានបានគ្រប់ជ្រុងជ្រោយទេព្រោះរបបសឹករឹតត្បិតការប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធទំនាក់ទំនងចល័តនៅក្នុងរដ្ឋនេះ។
នៅពេលនេះ, ភូមាមានបញ្ហាចាក់ស្រេះដោយអំពើហិង្សារាប់មិនអស់ចាប់តាំងពីរបបសឹកឡើងកាន់អំណាចកាលពីដើមឆ្នាំ២០២១។ ក្រោយមកក៏មានចលនាបះបោរប្រឆាំងនឹងលោកមីនអុងឡាំងជាបន្តបន្ទាប់។ ប៉ុន្តែដែលខ្លាំងដៃជាងគេគឺចាប់ពីខែតុលា ឆ្នាំ២០២៣ ក្រុមប្រឆាំងមានច្រើនក្រុមបានវាយប្រហារស្រុះដៃគ្នាទៅលើរបបសឹកតែមួយ ហើយធ្វើឱ្យរបបសឹកត្រូវរ៉ាប់រងធ្វើកិច្ចការដ៏លំបាកបំផុត។
នៅរដ្ឋរ៉ាក់ខាញ ជម្លោះប្រដាប់អាវុធរវាងក្រុមអារ៉ាខាន់ និងរបបសឹកចាប់ផ្ដើមផ្ទុះឡើងកាន់តែខ្លាំងមែនទែន។ ការប្រយុទ្ធគ្នាដែលខ្លាំងក្លាបំផុតនៅម្ដុំទីក្រុងសិតថ្វេដែលជារដ្ឋធានីរបស់រដ្ឋនេះតែម្ដង។ ទីនេះជាទីក្រុងកំពង់ផែ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅលើឈូងសមុទ្ទបេងកាល់ (Bengal)។
អ្នកនាំពាក្យរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចនិយាយថាក្រុមអារ៉ាខាន់បានវាយរុញច្រានទាហានសឹកចេញពីទីក្រុងយ៉ាងតិចចំនួនប្រាំនៅក្នុងដំណាក់កាលចុងក្រោយ។ ក្នុងនោះមានទីក្រុងផាឡេតវ៉ា (Paletwa) ដែលជាប៉ុស្តិ៍ជួរមុខផ្នែកពាណិជ្ជកម្ម និងទីក្រុងផុនណាយុន (Ponnagyun) ស្ថិតនៅឃ្លាតពីទីក្រុងសិតថ្វេ៣៤គីឡូម៉ែត្រ៕
ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/artillery-shelling-kills-12-myanmar-market-injures-80-rebel-militia-2024-03-01/
ចែករំលែកព័តមាននេះ