ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ​ស្នើ​ឲ្យ​ប​ឈ្ឈប់​ការ​ផ្សព្វផ្សាយ​មាតិកា​ជំរុញ​ឲ្យមានការ​បំផ្លាញ​ធនធានធម្មជាតិ

4 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ប្រតិកម្ម​របស់លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ​៖ ប្រតិកម្ម​របស់លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ បន្ទាប់​ពី​បានឃើញ​ការ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក Yorn Khy ដែល​ផលិត​មាតិកា ​ដោយ​យក​ផ្កា​បំពង់​ក្រ​ឡោម ទៅ​ធ្វើ​ជា​ម្ហូប ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​សាធារណជន​។ អ្នកនាំពាក្យ​រូប​នេះ បាន​ធ្វើការ​អប់រំ​ដោយ​ផ្ទាល់ ដល់​ម្ចាស់​គណនីខាងលើ និង​ស្នើ​ឱ្យ​មានការ​លប់​ចេញពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្លួន និង​ឱ្យ​បញ្ឈប់​ការ​ប៉ុស្តិ៍​ធ្វើ​មុខម្ហូប ដែល​ធ្វើ​ពី​សាច់​សត្វព្រៃ ឬ​រុក្ខជាតិ​កម្រ និង​ជិត​ផុត​ពូជ នៅ​ក្នុង​ពិភពលោក ដែល​កំពុង​ត្រូវ​បាន​អភិរក្ស​ និង​ការពារ ឱ្យ​គង់វង្ស​សម្រាប់​កូនចៅ​ត​ជំនាន់​ ។

លោក បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ ក្រសួងបរិស្ថាន​ បាន​និង​កំពុង​ចាត់វិធានការ​តឹង​រឹង​ចំពោះ​បទល្មើស​ធនធានធម្មជាតិ ក្នុង​នោះ​គឺ​ត្រូវ​អនុវត្ត​ច្បាប់​១០០% ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ធន​ធនា​ធម្មជាតិ​។ ជាមួយ​គ្នា​នេះ ​ការ​អប់រំ​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ ប្រជាពលរដ្ឋ​ទាំងអស់ មានការ​យល់​ដឹង ​និង​ចូលរួម​ថែរក្សា​សត្វព្រៃ​ និង​ធនធាន​ជីវៈចម្រុះ ក៏​ជា​ផ្នែក​សំខាន់​ដែល​ក្រសួង​ បាន​និង​កំពុង​យកចិត្តទុកដាក់​។ លោក ខ្វៃ អាទិ​ត្យា បាន​លើក​ឡើង​ថា ជា​ពិសេស ការ​បរិភោគ​សត្វព្រៃ​ឱ្យធ្វើ​ឱ្យ​សុខភាព របស់​អ្នក​បរិភោគ កាន់តែ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង និង​ពេល​ខ្លះ​ប្រឈម​នឹង​ការ​បាត់​បង់ជីវិត​ ។

អ្នកនាំពាក្យ​សង្ឃឹមថា អ្នក​បង្កើត​មាតិការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ចូលរួម​បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់​ នៃ​ជីវៈចម្រុះ នឹង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ការពារ​ព្រៃឈើ សត្វព្រៃ និង​ជីវចម្រុះ​ឱ្យ​បាន​ល្អ​ថែម​ទៀត​។ សត្វព្រៃ​និង​ជីវៈចម្រុះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ធានា​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន និង​សេដ្ឋកិច្ច​មូលដ្ឋាន ជា​ពិសេស​ធានា ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា យោង​តាម​ការ​សិក្សា​របស់​អ្នកជំនាញ ផ្កា​បំពង់​ក្រ​ឡោម​, បំពង់​ស្រមោច ឬ​អ្នកខ្លះ​ហៅ​ថា «​ផ្កា​បំពង់​លុក​» ឬ «​ផ្កា​ក្រឡូម​ពារ​» ភាសា​បច្ចេកទេស Pitcher plants (Nepenthes) គឺជា​ពួក​រុក្ខជាតិ អាច​ចាប់ សម្លាប់ និង​រំលាយ​សត្វល្អិត​ជា​អាហារ ដែល​ចូល​ទៅ​ក្នុង​ទម្រង់​ស្លឹក​ពិសេស​របស់​វា​។ រុក្ខជាតិ​នេះ​ មាន​ដុះ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា នៅ​កម្ពុជា​ហើយ​ទីតាំង​ដែល​មានឈ្មោះ​ល្បី​ គឺ​ដូច​ជា​នៅ​លើ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ នៅ​តំបន់​ខ្នង​ផ្សារ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ក្រ​វ៉ា​ញ​កណ្តាល​ជាដើម​ ។

លោក ខ្វៃ អាទិ​ត្យា បាន​ជម្រាប​ជូន​ថា រាល់​រុក្ខជាតិ​បំពង់​ក្រ​ឡោម​ទាំង​អស់នេះ ត្រូវ​បាន​ដាក់​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​២ (Appendix II) នៃ​អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រង​គ្រោះ (CITES) ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​ជួញដូរ​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ស្នើ​សុំ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ ចូលរួម​ថែរក្សា ផ្កា​បំពង់​ក្រ​ឡោម​កម្ពុជា​យើង​ដើម្បី​ការពារ​ថែរក្សា​ពូជ​ឱ្យ​បាន​នៅ​គង់វង្ស និង​ចូលរួម​ថែរក្សា​សោភ័ណ​ភាព នៅ​តាម​មូលដ្ឋាន នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​ឱ្យ​បាន​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឱ្យមក​ទស្សនា​បាន​ច្រើន បង្កើត​ការងារ​ជូន​សហគមន៍ និង​ផ្តល់​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ