ខេត្តកំពង់ស្ពឺ ៖ អធិការរងស្រុកសាមគ្គីមុនីជ័យ មួយរូប រងការរិះគន់រឿងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ វាយបង្ខំយកចម្លើយ ហើយចុងក្រោយ ជំរិតទារលុយទៀត ក្រោយរួចខ្លួនជនសង្ស័យ ក៏ដាក់បណ្តឹង តែម្តង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក សាវ សុភក្តី អធិការរងស្រុកសាមគ្គីមុនីជ័យ ដែលរងនូវបណ្តឹងពេលនេះ តំណាងអយ្យការ កំពុងតែចាត់ការហើយ ។
តាមប្រភពដដែល លោក សាវ សុភក្តី ទំនងជាមិនអាចរួចខ្លួន គេចផុតពីសំណាញ់ច្បាប់នោះទេ ព្រោះនេះ គឺជាបទលើ្មស ដែលផ្ទុយពីច្បាប់។ ម្ចាស់បណ្តឹង ដែលហ៊ានប្តឹងលោក សាវ សុភក្តី ត្រូវបានស្គាល់មានឈ្មោះ ខន ខេម ត្រូវលោកអធិការរង ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងបទល្មើសគ្រឿងញៀន ហើយការឃាត់ខ្លួននោះទៀតសោត លោកអធិការរង គ្រឿងញៀនរូបនេះ មិនបានរាយការណ៍ មកតំណាងអយ្យការឡើយ ។
យោងតាមប្រភពដដែលបន្តថា ក្រោយពីឃាត់ខ្លួនមុខសញ្ញាបាន លោក សាវ សុភក្តី បានជំរិតទារប្រាក់ពីជនសង្ស័យ ប្រមាណជិត១០លានរៀល ជាថ្នូរនឹងការមិនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មហាជនក៏ដូចជាម្ចាស់បណ្តឹង កំពុងរង់ចាំមើលថា តើវាសនាលោក សាវ សុភក្តី នឹងទៅជាយ៉ាងណា ? ទោះជាយ៉ាងណាក៏ដោយ តំណាងអយ្យការ ក៏ធ្លាប់បានកោះហៅលោកអធិការរងរូបនេះ មកធ្វើការសាកសួរខ្លះៗហើយដែរ ជុំវិញបញ្ហាខាងលើ ។
ដោយឡែកប្រភពពីមន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យ ក៏បានបង្ហើបប្រាប់ផងដែរថា សកម្មភាពរបស់លោកអធិការរងរូបនេះ មិនមែនជាលើកទីមួយនោះទេ គឺច្រើនដងណាស់មកហើយ ដោយលោកនឹកស្មានថា ថ្នាក់លើមិនដឹង ។
ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្តឹងចោទប្រកាន់លោកអធិការរងនគរបាលស្រុកសាមគ្គីមុនីជ័យ ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺនេះដែរ លោក សាវ សុភក្តី បានឱ្យដឹងតាមទូរសព្ទ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា លោកបានឃាត់ក្រុមជនសង្ស័យ ចំនួន០៣នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មែន ប៉ុន្តែ០២នាក់ទៀត អត់ពាក់ព័ន្ធលោកក៏បានធ្វើការអប់រំ ឱ្យត្រឡប់ទៅផ្ទះវិញ ដោយនៅក្នុងរង្វង់ប្រតិបត្តិការ គឺឃាត់សិន ហើយលោកក៏បានរាយការណ៍ជូនថ្នាក់លើ។ ចំពោះរឿងឈ្មោះ ខន ខេម ដាក់ពាក្យប្តឹងលោកទៅអយ្យការនោះ សង្ស័យគាត់រត់ដួលផង ក៏មិនដឹង លោកមិនទាន់បានទទួលព័ត៌មានជាក់លាក់ ដែរទេ ៕
ចែករំលែកព័តមាននេះ