ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ជលផល ៖ ទីតាំង​ដាក់​ឧបករណ៍​នេសាទ រាង​ដូច​សញ្ញា​ព្រួញ គឺ​ស្ថិត​នៅ “​ក​ន្ទុ​ក​បាយក្អែក​”

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ថា កន្លង​មក មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្សាយ​អំពី​ការ​ដាក់រ​បាំងសាច់​អូន និង​លប ដូច​សញ្ញា​ព្រួញ នៅ​ក្នុង​បឹង​ទន្លេសាប ករណី​នេះ រដ្ឋបាល​ជលផល ធ្វើការ​បំភ្លឺ ដូច​ខាងក្រោម ៖

១. ទីតាំង ដែល​ត្រូវ​បាន​ថត យក​មក​ផ្សព្វផ្សាយ គឺជា​ផ្នែក​មួយ​តូច នៃ​បឹង​ទន្លេសាប​តែ​ប៉ុណ្ណោះ ដែល​មានឈ្មោះ​ថា “​ក​ន្ទុ​ក​បាយក្អែក​” នៅ​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មិនមែន​ស្ថិត​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប ឬ​ច្រក​ផ្លូវ ដែល​ត្រី​ឆ្លងកាត់​នោះ​ឡើយ ។

២. ទីតាំង​នោះ ជា​ឆក និង​មាន​ប្រជាពលរដ្ឋ ជា​ច្រើន​ពាន់​គ្រួសារ​រស់ នៅ​កកកុញ​ក្បែរ​ទីតាំង​នោះ​។ នៅ​ពេល​ទឹកធំ ក្នុង​រដូវវស្សា ការ​នេសាទ ដោយ​ប្រើ​ឧបករណ៍​របាំង​លប នៅ​ទីនោះ មាន​ភាព​ធំ​ទូលាយ និង​ស្ថិត​នៅ​ដាច់​ៗ​ពី​គ្នា តែ​ជា​ប្រពៃណី នៅ​ពេល​ទឹក​ស្រក កន្លែង​នោះ រួម​តូច នាំ​ឱ្យ​ការ​ដាក់​របាំង​លប​ចាប់​ត្រី នៅ​កៀក​ៗ​គ្នា ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គាត់​អាច​រក​ត្រី បាន​គ្រប់​គ្នា ដែល​ជា​ប្រភព​អាហារ និង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។ ទោះជា​យ៉ាងណា​ទំហំ​ក្រឡា និង​ប្រវែងរ​បាំងសាច់​អូន តែងតែ​ត្រូវ​បាន​ត្រួតពិនិត្យ ជា​រឿយ​ៗ ។

៣. ឧបករណ៍​នេសាទ ដែល​មាន​រាងដូចជា​ព្រួញ​នោះ គឺជា​ឧបករណ៍​នេសាទ ស្របច្បាប់ ឱ្យ​កែ​ទំហំ​ក្រឡា និង​ប្រវែង របាំង​សាច់​អូន​ស្រប​តាម​ច្បាប់ ស្តី​ពី​ផល​ផល​។ រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ តែងតែ​ធ្វើការ​ត្រួតពិនិត្យ​ទំហំ​ក្រឡា នៃរ​បាំងសាច់​អួន និង​កាត់​តម្រឹម​ប្រវែង ដែល​វែង​ខុសច្បាប់​ជា​ប្រចាំ​ផង​ដែរ​។ ទោះបីជា​ពេល​ខ្លះ ការ​ថត​អាច​ឃើញ​បង្គោល ដែល​នៅ​សល់ ប៉ុន្តែរ​បាំងសាច់​អួន​ផ្នែក​ខាងក្រោម ត្រូវ​បាន​កាត់​ផ្តាច់​យក​ចេញ រួច​ហើយ ។

៤. មន្ត្រី​ជលផល​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​បងប្អូន​សហគមន៍​នេសាទ ដោយ​ធ្វើការ​ថ្លឹងថ្លែង​ពី​ទិដ្ឋភាព​ច្បាប់ និង​រក្សា​ភាព​បត់បែន ដើម្បី​ប្រយោជន៍​សហគមន៍ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ នៅ​តំបន់​នោះ អាច​មាន​លទ្ធភាព អាស្រ័យ​ផល និង​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​។ ប៉ុន្តែ​ដាច់ខាត មិន​អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​លើស​ពី​ប្រវែង និង​ទំហំ​ក្រឡា​ដែល ច្បាប់​បាន​កំណត់ ជា​ពិសេស​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​នេសាទ​ទ្រង់ទ្រាយ​ធំ ដោយ​ខុសច្បាប់​។ ជា​លទ្ធផល​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប បាន​បង្ក្រាប​ការ​ប្រើ​ឧបករណ៍រ​បាំងសាច់​អូន និង​ស្បៃ​មុង​ប្រវែង ១,៦៥០,៦១៧​ម៉ែត្រ លប​និង​លូ ១៥,២២៩​គ្រឿង ឧបករណ៍​ឆក់​ក្តៅ ឆក់​ត្រជាក់​១,៤៧៣​គ្រឿង អូន​អូស​ទឹកសាប ៥៣​វង់ អូន​ហ៊ុម ៣៣​វង់ ម៉ា​ញ់ ១៤​វង់ ឈ្លក់​រួម​ផ្សំ​ភ្លើង ១២៧​គ្រឿង និង​ឈើ​ប​យន្ត ២៣​គ្រឿង ។

ការ​បំភ្លឺ​នេះ មាន​គោលដៅ​ជម្រាប​ឱ្យ​សាធារណៈជន​បានដឹង​ពី​ជីវភាព​ជាក់ស្តែង​នៅ​ក្នុង​តំបន់ ក​ន្ទុ​ក​បាយក្អែក ជៀសវាង​ការ​យល់​ច្រ​លំ ជាមួយនឹង​ស្ថានភាព​រស់នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ទាំងមូល និង​សកម្មភាព ដែល​រដ្ឋបាល​ជលផល បាន​និង​កំពុង​អនុវត្ត​ច្បាប់ ស្តី​ពី​ផល​ផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ