ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់បោះដុំថង់ប្លាស្ទិក ត្រូវបញ្ជូនទៅតុលាការករណីចេញសែកស្អុយជាង២ម៉ឺនដុល្លារ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីធានាដល់ផលប្រយោជន៍ឱ្យដើមបណ្ដឹង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

0:00
0:00

រាជធានីភ្នំពេញ ៖ ដើម្បីធានាដល់ផលប្រយោជន៍ឱ្យដើមបណ្ដឹង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្លាំងសមត្ថកិច្ចនាយក​ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនអ្នក​លក់បោះដុំថងប្លាស្ទិកច្រកទំនិញគ្រប់មុខ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញ​សែកស្អុយជាង​២ម៉ឺនដុល្លារអាម៉េរិក ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ សុខ ស័ក្កបញ្ញាណិត ភេទប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់បោះដុំថង់ច្រកទំនិញគ្រប់មុខ មានទីលំនៅក្នុង​បុរីហុងឡាយ ផ្លូវលេខ៥ ផ្ទះលេខ១៩ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈួន ហួរ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ទៅលើឈ្មោះ សុខ ស័ក្កបញ្ញាណិត តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស្វាយ សារ៉ាតតារាវុធ ភេទប្រុស អាយុ៣៦​ឆ្នាំ រស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

អង្គហេតុនៃការឃាត់ខ្លួននោះបានបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សុខ ស័ក្កបញ្ញាណិត បានទំនាក់ទំនងនិងលួងលោមជនរងគ្រោះ ដើម្បីឱ្យដាក់ទុនធ្វើការងាររកស៊ីជាមួយគ្នា ក្នុងទំហំទឹកប្រាក់ចំនួន២៣.០០០ដុល្លារអាម៉េរិក ។

ជនសង្ស័យបានធានាអះអាងថា បើសិន​ជាការងារនោះ​រកស៊ីទៅមានផលចំណេញ ឬមិនកាក់កបយ៉ាងណាក្ដី រូបគេ(ជនសង្ស័យ)នឹងប្រគល់ប្រាក់ឱ្យជនរងគ្រោះគ្រប់ចំនួនវិញ ក្នុងរយៈពេល៣​ខែ ។ ដោយមានការជឿទុកចិត្តលើមនុស្សជាអ្នករាប់អានគ្នា ជនរងគ្រោះក៏បានប្រគល់ប្រាក់សុទ្ធចំនួន ២៣.០០០ដុល្លារអាម៉េរិក ឱ្យទៅជនសង្ស័យនៅក្នុងបុរីហុងឡាយ ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់ថ្ងៃកំណត់ ជនសង្ស័យមិនបានប្រគល់ប្រាក់ឱ្យជនរងគ្រោះនោះទេ តែបានចេញមូលប្បទានប័ត្រ(សែក)របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ចំនួន២​សន្លឹក មួយសន្លឹកមានទឹកប្រាក់​៩.០០០ ដុល្លារអាម៉េរិក និងមួយសន្លឹកទៀតចំនួន​១៤.០០០​ដុល្លារអាម៉េរិក ដើម្បីសម្រាប់ឱ្យជនរង​គ្រោះទៅដក​ប្រាក់នោះពីកុងធនាគារ ។ ក្រោយពីទទួលបានមូលប្បទានប័ត្រ(សែក)ចំនួន២សន្លឹករួចហើយ ដល់ថ្ងៃកំណត់ជនរងគ្រោះបានយកមូលប្បទានប័ត្រនោះ​ទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធនាគារ បញ្ជាក់ថា មូលប្បទានប័ត្រនោះមិនមានសាច់ប្រាក់ទេ ពោលគឺសែកស្អុយ ។

ជនរងគ្រោះនៅពេលដឹងថា សែកស្អុយ​ហើយ ក៏បានព្យាយាមទាក់ទងទៅជនសង្ស័យដែរ​ តែមិនអាចរកដំណោះស្រាយបាន ដោយជនសង្ស័យព្យាយាមគេចពីបំណុលនោះរហូត ទើបជនរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយចាត់ការតែម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ