នេះជាសំណួរមួយដែលគ្មានចម្លើយពិតប្រាកដនោះទេ ក៏ព្រោះជីវិតគូតែងតែជួបរឿងពេលខ្លះសប្បាយ ពេលខ្លះក៏មានទុក្ខរហូតដល់មានការប៉ះទង្គិចពាក្យសម្ដីគ្នា ប៉ុន្តែថ្ងៃនេះឈ្លោះ ថ្ងៃស្អែកពួកគេអាចត្រូវគ្នាវិញ និងកាន់តែស្រឡាញ់គ្នាលើសដើមទៀតផងក៏មិនដឹង ។

ជាការពិតណាស់ ជីវិតគូប្ដីប្រពន្ធ មិនដូចជាជីវិតគូសង្សារ ព្រោះត្រូវទាមទារនូវការទទួលខុសត្រូវច្រើន ទាំងការអត់អោន, ការអត់ធ្មត់, ការស្មោះ ស្ម័គ្រស្រឡាញ់គ្នា ទៅវិញទៅមក ហើយបើគូនោះមានទាំងកូនទៀត នេះហើយដែលចាស់ៗលោកតែងពោលថា «ចំណង៥ប្រការ» ។
យើងត្រូវដឹងថា ប្ដីប្រពន្ធគឺចៀសមិនផុតពីការឈ្លោះទាស់ទែងគ្នាទេ ដូចចានក្នុងរាវអ៊ីចឹង គ្រាន់តែបញ្ហាដែលបានកើតឡើងនោះ មានតិចឬច្រើនតែប៉ុណ្ណោះ ព្រោះគ្មានអ្នកដទៃណាដឹងច្បាស់ក្រៅពីម្ចាស់ខ្លួនអ្នកទាំង២នាក់នោះឡើយ ។

ជាក់ស្តែង មានមតិបានលើកជាសំណួរសួរនៅក្នុងបណ្តាញសង្គមថា «ហេតុអ្វីប្រពន្ធ មួយចំនួនចូលចិត្តទាមទារលែងប្ដីទាំងដឹងថា ខ្លួនឯងនៅស្រឡាញ់គាត់ខ្លាំង?» ។
កោះសន្តិភាពក៏សូមលើកយកចម្លើយខ្លះៗដែលភាគច្រើនឃើញបងប្អូនជានារីៗចូលមកឆ្លើយតបថា«នោះក៏មកពីប្រពន្ធចង់សាកចិត្តប្ដី, មកពីដឹងថាប្ដីមិនហ៊ានលែងទេ, មកពីខឹងពេក, ខ្លះទៀតថា មកពីការទ្រាំនូវទង្វើរបស់ប្ដីលែងបាន, ចង់និយាយ ឱ្យប្ដីលួងទេ, ចង់ដឹងមើលថា ប្ដីខ្លាចបាត់បង់យើងឬអត់?…។ល។» ។
ការពិតទឹកចិត្តរបស់ប្រពន្ធវិញគឺនាងស្រឡាញ់ប្ដីនិងគ្រួសារខ្លាំង ពេលខ្លះគាត់ហ៊ានលះបង់ទាំងពេលវេលាខ្លួនឯងរួមទាំងសម្រស់ ព្រោះតែជាប់រវល់មើលថែទាំគ្រួសារឱ្យទទួលបានសុភមង្គល ។ ដូច្នេះ សង្ឃឹមបុរសៗជាស្វាមីនឹងយល់ និងដឹងពីទឹកចិត្តរបស់ប្រពន្ធ គ្រាន់តែពេលខ្លះគាត់រករឿងទាមទារការយកចិត្តទុកដាក់ពីប្ដីតែប៉ុណ្ណោះ ។
ចំពោះគ្រួសារមួយដែលអាចទទួលបានសុភមង្គលបាន គឺការចេះយល់ ចេះដឹង ចេះថ្លឹង ចេះថ្លែង និងចេះបែងចែករបស់ដៃគូ ។ ចេះស្រឡាញ់គ្នា ចេះយោគយល់ ចេះអធ្យាស្រ័យ ដឹងទុក្ខធុរៈគ្នាទៅវិញទៅមក នោះលុយកាក់មាសប្រាក់ របស់អ្នក ក៏អាចរកបានមកដោយងាយ និងត្រជាក់ត្រជុំថ្កុំថ្កើងបានយ៉ាងឆាប់រហ័ស ។

តាមពិតទៅ នៅក្នុងគ្រួសារគ្មានស្វាមីភរិយាណាប្រាថ្នាចង់ជួបការបែក បាក់ប្រេះឆានោះឡើយ ដូច្នេះ តើត្រូវធ្វើដូចម្តេច ដើម្បីឱ្យជីវិតគ្រួសារមានសេចក្ដីសុខ ពោរពេញ ទៅដោយភាពកក់ក្ដៅ?
កោះសន្តិភាពសូមចែករំលែកនូវវិធីដែលគូស្វាមីភរិយាគប្បីត្រូវតែប្រតិបត្តិចំពោះគ្នា មានដូចត
ទៅ៖
១-ការលើកតម្កើងតម្លៃជាភរិយាពិត។
២-នាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋ ។
៣-លើកតម្កើងភរិយាឱ្យពេញមុខ ដោយការណែនាំឱ្យទទួលភ្ញៀវនាំទៅដើរកម្សាន្ត ។
៤-លើកតម្កើងការរស់នៅឱ្យស្មើភាពគ្នាដូចជាបរិភោគរួមគ្នា អង្គុយស្មើគ្នា ដើរកៀកគ្នា ។
៥-មិនឱ្យភរិយាធ្វើការធ្ងន់ហួសកម្លាំង មានពេលរីករាយ និងឈប់សម្រាកខ្លះ ជួយភរិយាក្នុងកិច្ចការផ្ទះតាមសមគួរ ។
៦-ជួយភរិយាពេលចេញក្រៅផ្ទះ ដូចជាជួយកាន់របស់របរពរកូនជាដើម ៕
ចែករំលែកព័តមាននេះ