ទីក្រុងវ៉ាស៊ីនតោន៖ បុរសជនជាតិអាមេរិកាំងម្នាក់ដែលមានអាយុរហូតដល់១០៦ឆ្នាំរស់នៅរដ្ឋខារ៉ូឡាយណាខាងត្បូង (South Carolina) ទើបតែទទួលបានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីពេលថ្មីៗដែលនេះជាប្រភេទសញ្ញាប័ត្រកិត្តិយស។ គាត់ឈ្មោះហ្វ្រេត អាឡឹន ស្មល (Fred Allen Smalls) ហៅក្រៅថាក្រេម (Gramps) ត្រូវវិទ្យាល័យចចថោន (Georgetown High School) ផ្ដល់សញ្ញាប័ត្រកិត្តិយសនេះនៅក្នុងពិធីដែលចូលរួមដោយមនុស្សជាងមួយរយនាក់។
លោកតាស្មលកើតថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩១៨ នៅតំបន់ចចថោន។ គាត់ឈប់រៀនតាំងពីថ្នាក់ទី៨ ហើយបានផ្លាស់ទៅរស់នៅទីក្រុងវ៉ាស៊ីនតោនដើម្បីជួយធ្វើកិច្ចការនៅក្នុងគ្រួសារ។ ចៅស្រីរបស់លោកតាស្មលឈ្មោះបឺតដេឡា ឃីននី (Birdella Kinney) ក៏ខិតខំរៀនសូត្រយ៉ាងខ្លាំងក្លាផងដែរអស់រយៈពេលជាងមួយឆ្នាំមកហើយដើម្បីធ្វើទទួលបានសញ្ញាប័ត្រជុំគ្នាជាមួយគាត់។
ចៅស្រីរូបនេះបង្ហើបឱ្យដឹងថាជីដូន និងម្ដាយមីងរបស់លោកតាស្មលជាអ្នកចិញ្ចឹមបីបាច់លោកតាស្មលរហូតដល់ធំដឹងក្ដី។ ដូច្នេះ នៅក្នុងឱកាសនេះ លោកតាស្មលក៏សូមឧទ្ទិសកុសលផលបុណ្យជូនចំពោះពួកគាត់ផងដែរដែលជួយបីបាច់គាត់រហូតដល់អាយុជាង១០០ឆ្នាំ។ ចៅស្រីរូបនេះប្រាប់ថាលោកតាស្មលកើតនៅក្នុងគ្រួសារមួយដែលមានកូនទាំងអស់៧នាក់។
គាត់ចូលរៀននៅក្នុងសាលារៀនមួយកន្លែង។ កាលជំនាន់កម្សត់ណាស់ជាប្រភេទសាលាសង់អំពីឈើ។ គាត់ភ្លេចបាត់ហើយមិនដឹងសាលារៀននោះឈ្មោះអ្វីទេ។ គាត់រៀនចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥ជាមួយលោកគ្រូឈ្មោះជីម ស្គីនណឺ (Jim Skinner)។ ក្រោយមក លោកតាស្មលក៏ផ្លាស់ទៅតំបន់មូលីន (Mullins) ដើម្បីរកការងារធ្វើនៅក្នុងរោងចក្រផលិតបារី។ នៅទីនោះ គាត់រស់នៅ និងធ្វើការជុំគ្នាជាមួយលោកឪពុក អ្នកម្ដាយ និងបងប្អូន។
លោកតាស្មលចូលរៀនបន្តនៅវិទ្យាល័យមូលីន (Mullins High School)។ រហូតដល់រៀនចប់ថ្នាក់ទី៨ គាត់ក៏ផ្លាស់ទៅរស់នៅទីក្រុងវ៉ាស៊ីនតោន។ គាត់ហែលឆ្លងជីវិតការងារជាច្រើនកន្លែងទម្រាំរកបានការងារជាអចិន្ត្រៃយ៍នៅស្រុកកូឡុំបៀ (District of Columbia)។ ក្រោយមក នៅអំឡុងទសវត្សឆ្នាំ១៩៦០ប្លាយ គាត់ក៏ស្នើសុំគេចូលនិវត្តពីការងារតែម្ដង។ ពោលគឺតាំងពីជំនាន់លោកចនអែហ្វកេណ្ណឺឌីកាន់តំណែងជាប្រធានាធិបតីអាមេរិក (John F. Kennedy)។
ចាប់តាំងពីពេលនោះមក លោកតាស្មលរស់នៅជួបជុំជាមួយក្រុមគ្រួសារដោយសារសេចក្ដីសុខសប្បាយជាមួយឃីននី និងឆ្កែមួយក្បាលឈ្មោះបេឡា (Bella)។ គាត់ចូលចិត្តមើលបាល់ទាត់, ប្រដាល់, ខ្សែភាពយន្តបស្ចិមប្រទេស និងបរិភោគអាហារដែលជួយទ្រទ្រង់សុខភាព។ ឃីននីប្រាប់ថាលោកតាស្មលក៏ជាមនុស្សប្រសព្វនិយាយកំប្លែងផងដែរ៕
ប្រភព៖ UPI និងប្រភពដទៃទៀត
https://nbcmontana.com/news/offbeat/106-year-old-man-receives-honorary-diploma-from-georgetown-south-carolina-high-school-plantersville-mullins-marion-county-house-of-prayer-holiness-church-washington-dc-district-of-columbia
https://www.upi.com/Odd_News/2024/02/21/106-year-old-man-high-school-diploma-Fred-Allen-Smalls/9501708541891/
ចែករំលែកព័តមាននេះ