ខេត្តបាត់ដំបង ៖ ក្រោយពីមហាជនរិះគន់ខ្លាំងៗតាមបណ្ដាញសង្គមមិនឈប់ឈរនាប៉ុន្មានថ្ងៃកន្លងទៅនេះ អំពីរឿងបាក់ស្រុតច្រាំងស្ទឹងសង្កែ ស្ទើរគ្រប់កន្លែងដែលទើបសាងសង់រួចថ្មី ដោយបានចង្អុលចំៗទៅលើក្រុមហ៊ុនសាងសង់ថា «ពុំមានបច្ចេកទេស ក្នុងការសាងសង់» ស្រាប់តែនៅថ្ងៃទី២៦ កុម្ភៈ រដ្ឋបាលខេត្តបានចេញសេចក្ដីបំភ្លឺព័ត៌មានមួយសន្លឹកឆ្លើយតបទៅនឹងអ្នករិះគន់ថា «ការបាក់ស្រុតច្រាំងស្ទឹងសង្កែ គឺដោយសាររដ្ឋបាលខេត្ត បើកទម្លាក់កម្ពស់ទឹកស្ទឹង ដើម្បីសាងសង់ស្ថានីយបូមទឹកឆៅ ដែលកំពុងសាងសង់នៅប៉ែកខាងលើ» ។

ច្រាំងស្ទឹងសង្កែ ដែលមហាជនថតយកទៅបង្ហោះរិះគន់ព្រោងព្រាតតាមបណ្ដាញសង្គម ៖ ទី១-នៅត្រង់ចំណុចច្រាំងស្ទឹងសង្កែត្រើយខាងលិច ខាងជើងវិមានឯករាជ្យ ក្បែរក្បាលស្ពានសម្ដេចក្រឡាហោម ស ខេង ទី២-នៅចំណុចច្រាំងស្ទឹងត្រើយខាងកើត ខាងមុខសណ្ឋាគារ «ឃីងហ្វី» ចំកណ្ដាលបេះដូចក្រុងបាត់ដំបង និងទី៣-នៅចំណុចច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ ក្នុងស្រុកសង្កែ ។

ទីតាំងច្រាំងស្ទឹងដែលខូចខាតទាំងនេះ សុទ្ធតែទើបសាងសង់រួចកន្លងទៅថ្មីៗនេះ ដែលកន្លែងខ្លះបុកគ្រឹះចាក់បេតុង រីឯកន្លែងខ្លះបុកគ្រឹះហើយរៀបថ្មទប់ច្រាំង ។ ប៉ុន្តែបានប្រេះ និងបាក់ស្រុតខូចខាតអស់ស្ទើរគ្រប់កន្លែង ដែលនាំឲ្យមហាជនថតយកទៅបង្ហោះជនរិះគន់ព្រោងព្រាតពេញបណ្ដាញសង្គម ដោយលើកឡើងហេតុផលផ្សេងៗគ្នា ។

អ្នករិះគន់ខ្លះបានចោទត្រង់ៗថា «ការបាក់ស្រុតច្រាំងស្ទឹងសង្កែ ដែលទើបសាងសង់រួចហុយៗនេះ ដោយសារតែក្រុមហ៊ុនសាងសង់ ពុំមានបច្ចេកទេសគ្រប់គ្រាន់ ។ ធ្វើបំផ្លាញតែថវិកាជាតិ…សាងសង់រួចមិនទាន់បានប៉ុន្មានខែផង ខូចខាតអស់គ្មានសល់» ។ បើតាមការពិនិត្យជាក់ស្ដែងនៅកន្លែងច្រាំងដែលប្រេះ និងបាក់ស្រុតចំណុចខ្លះបាក់ស្រុតជម្រៅប្រហែលពីរម៉ែត្រប្រវែងប្រហែល៣០ម៉ែត្រ(នៅក្បាលស្ពានសម្ដេចក្រឡាហោម) ។

រីឯចំណុចខ្លះទៀតបាក់ស្រុតជម្រៅចន្លោះពីកន្លះម៉ែត្រ ទៅមួយម៉ែត្រ និងប្រវែងចន្លោះពីប្រាំម៉ែត្រ ទៅ២០ម៉ែត្រ ខណៈចំណុចខ្លះគ្រាន់តែមានស្នាមប្រេះហែកចេញពីគ្នាក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ទំនងស្រគៀត្រចៀក និងពិបាកភ្នែកក្នុងការតាមដានមតិរិះគន់មិនឈប់ឈរពីមហាជននៅក្នុងបណ្ដាញសង្គម ទើបនៅថ្ងៃទី២៦ កុម្ភៈ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្ដីបំភ្លឺព័ត៌មានមួយសន្លឹកក្នុងកម្មវត្ថុ៖ បំភ្លឺរឿង «បាក់ស្រុតច្រាំងស្ទឹងសង្កែ»ដែលកំពុងរងការរិះគន់ខ្លាំងពីមហាជននៅក្នុងបណ្ដាញសង្គម។

នៅក្នុងសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្ត ដែលបានបង្ហោះជាសាធារណៈក្នុងបណ្ដាញសង្គមរបស់ខ្លួន មានខ្លឹមសារថា កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានទម្លាក់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយបូមទឹកឆៅ សម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

យោងខ្លឹមសារខាងលើនេះ រដ្ឋបាលខេត្តចង់ប្រកាសប្រាប់ពលរដ្ឋ ក៏ដូចមហាជនទូទៅដែលពូកែខាងរិះគន់ថា «ការបាក់ស្រុតច្រាំងស្ទឹងសង្កែ គឺដោយសារតែរដ្ឋបាលខេត្ត បានទម្លាក់កម្ពស់ទឹកស្ទឹង ដើម្បីសាងសង់ស្ថានីយបូមទឹក។ ដូច្នេះហើយ ទើបច្រាំងស្ទឹងសង្កែ ដែលទើបសាងសង់រួចនៅកន្លែងខ្លះ បានបាក់ស្រុតបែបនេះ» ។

ត្រង់ចំណុចនេះ រដ្ឋបាលខេត្តបានបង្ហាញការសោកស្ដាយពន់ពេក ចំពោះការខូចខាតច្រាំងស្ទឹងសង្កែ ដែលទើបស្ថាបនារួចនេះ ។ នេះបើតាមយោងលើខ្លឹមសារ នៅក្នុងសេចក្ដីបំភ្លឺ ។ យោងលើលិខិតបំភ្លឺនេះ រដ្ឋបាលខេត្តបានទទូលស្គាល់ថា «ច្រាំងស្ទឹងសង្កែ ដែលទើបនឹងកសាងរួច មានកន្លែងខ្លះបានបាក់ស្រុត បន្ទាប់ពីទម្លាក់កម្ពស់ទឹកស្ទឹងរួច» ។

ប៉ុន្តែរដ្ឋបាលខេត្តមិនបានស្ដីបន្ទោសទៅលើក្រុមហ៊ុនដែលសាងសង់ច្រាំងស្ទឹងគ្មានគុណភាគនេះទេ។ ផ្ទុយទៅវិញ រដ្ឋបាលខេត្ត ហាក់បានលើកសរសើរដល់ក្រុមហ៊ុនសាងសង់ ដែលបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹង ដែលធ្លាប់បាក់ស្រុតនេះ ដោយកាយយកដីស្អុយចេញ ចាក់បំពេញវិញនូវដីឥដ្ឋ និងក្រាលដុំថ្មកិនបង្ហាប់តាមស្រទាប់នីមួយៗ ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា «ច្រាំងស្ទឹងដែលបាក់ស្រុតនេះ គឺស្ថិតនៅក្នុងអំឡុងសុពលភាពជួសជុលថែទាំរបស់ក្រុមហ៊ុននៅឡើយ ។ ប៉ុន្តែរដ្ឋបាលខេត្ត មិនបានបង្ហាញឈ្មោះក្រុមហ៊ុនដែលសាងសង់ច្រាំងស្ទឹងគ្មានគុណភាពខាងលើនេះ ឲ្យពលរដ្ឋក្នុងខេត្តបាត់ដំបង បានដឹងឬស្គាល់នោះទេ» ។ ប៉ុន្តែរដ្ឋបាលខេត្ត បានធានាជំនួសក្រុមហ៊ុនថា «ក្រុមហ៊ុននឹងបន្តសិក្សា លក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្តនឹងតាមដានពិនិត្យលើលក្ខណៈបច្ចេកទេស ពេលក្រុមហ៊ុនបន្តធ្វើការជួសជុលឡើងវិញនាពេលខាងមុខ ។

សូមបញ្ជាក់ថា បើយោងខ្លឹមសារនៃសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្ត ខាងលើនេះ គេមិនបានបង្ហាញឈ្មោះក្រុមហ៊ុនដែលទទូលគម្រោងសាងសង់ច្រាំងស្ទឹងសង្កែ គ្មានគុណភាពនេះទេ ។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីមួយចំនួនបានបង្ហើបប្រាប់ថា ក្រុមហ៊ុនដែលទទូលបានគម្រោងសាងសង់ច្រាំងស្ទឹងសង្កែ ខាងលើនេះ គឺ ក្រុមហ៊ុន «ទុយ គី» របស់លោកឧកញ៉ា ទុយ គី ។

កោះសន្តិភាពមិនអាចទំនាក់ទំនងស្វែងរកសុំការបំភ្លឺពីលោកឧកញ៉ា ទុយ គី ប្រធានក្រុមហ៊ុននេះ ឬ តំណាងក្រុមហ៊ុននេះណាម្នាក់បាននៅឡើយទេ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ កុម្ភៈ ។ បើតាមប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ហាក់ទទួលបានសិទ្ធិស្ទើរគ្រប់គម្រោងសាងសង់ទាំងអស់នៅក្នុងក្រុងបាត់ដំបង ។

បច្ចុប្បន្ន ក្រៅពីទទូលបានគម្រោងសាងសង់ច្រាំងស្ទឹងសង្កែ ក្រុមហ៊ុននេះក៏ទទូលបានគម្រោងសាងសង់ផ្លូវក្នុងក្រុងរាប់សិបខ្សែដែរ ដែលផ្លូវរាប់ខ្សែទាំងនោះកំពុងរងការខូចខាតស្ទើរគ្រប់កន្លែង ។ យ៉ាងណាក្ដី ពេលនេះ ប្រជាពលរដ្ឋ និងមន្ត្រីនានាបាននិងកំពុងទល់ភ្នែករង់ចាំមើលថា តើការជួសជុលច្រាំងស្ទឹងឡើងវិញ របស់ក្រុមហ៊ុនដែលទទូលសាងសង់គម្រោងនេះ បញ្ចេញបច្ចេកទេសថ្មី ឬប្រើបច្ចេកទេសចាស់ដដែលក្នុងការជួសជុលច្រាំងស្ទឹងសង្កែឡើងវិញ? តើក្រោយជួសជុលច្រាំងស្ទឹង មានគុណភាពល្អជាងមុន ឬនៅតែបាក់ស្រុតហូរទៅតាមទឹកស្ទឹងដដែល?

តាមរយៈការអូតសរសើរបស់រដ្ឋបាលខេត្ត ក្រោយក្រុមហ៊ុនធ្វើការជួសជុល ពលរដ្ឋបាត់ដំបងសង្ឃឹមថា ច្រាំងស្ទឹងសង្កែនឹងមានគុណភាពល្អប្រសើររឹងមាំជាងមុន ៕




ចែករំលែកព័តមាននេះ