ទីក្រុងហាណូយ៖ នេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលអ្នកលក់គ្រឿងអេតចាយម្នាក់វៀតណាមម្នាក់អភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាអ្នកសល់ប្រាក់ច្រើន។ គ្រាន់តែចំណាយប្រាក់សង់វិមានមាសនៅវៀតណាមកណ្ដាលអស់២,៨៥លានដុល្លារ។ មិនមែនមានន័យថាវិមាននេះធ្វើពីមាសសុទ្ធទេ។ ប៉ុន្តែប៉ាតទឹកមាស់ពីខាងក្រៅជញ្ជាំងផ្នែកខ្លះ។ វិមានកម្ពស់ជិត៤០ម៉ែត្រមួយខ្នងនេះសាង់សង់តាមបណ្ដោយផ្លូវជាតិខេត្តញ៉ែអាន (Nghe An) និងស្រោបជញ្ជាំងដោយមាស២៤ខេ (24K)។

លោកង្វៀនវិញធាន់ (Nguyen Vinh Thoan) អាយុ៤៦ឆ្នាំជាម្ចាស់វិមានមាសបានប្រើប្រាស់ពាក់កណ្ដាលនៃដីរបស់គាត់ទំហំ៧ពាន់ម៉ែត្រការ៉េដើម្បីសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២តទៅ។ ពោលគឺនៅក្នុងខែតែមួយ ឆ្នាំតែមួយនឹងការផ្ទុះឡើងនៃសង្គ្រាមអ៊ុយក្រែន។ វិមាននេះសាងសង់ជិតចប់ហើយនៅឡើយតែសង្គ្រាមអ៊ុយក្រែនប៉ុណ្ណោះ។ លោកង្វៀនវិញធាន់ចំណាយថវិកាផ្ទាល់ខ្លួន៧០ពាន់លានដុង ឬជាង២លាន ៨សែនដុល្លារអាមេរិកដើម្បីសាងសង់។

លោកធាន់ប្រាប់ថាគាត់រៀបការតាំងពីអាយុ២២ឆ្នាំ ហើយចាប់ដៃគ្នាពីរនាក់ប្ដីប្រពន្ធរកស៊ីទិញលក់អេតចាយ (scrap metal)។ ឆ្នាំ២០០៤ គាត់សន្សំលុយទិញបានដីមួយកន្លែងជាប់នឹងផ្លូវជាតិ៧អា (7A) ដើម្បីទុកបើកឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត។ ដោយសារមុខរបរត្រូវប៉ាន់ គាត់រកស៊ីចេះតែកាក់កបដូចឡើងកាំជណ្ដើរ។ ជាច្រើនឆ្នាំហើយ គាត់ពិគ្រោះជាមួយប្រពន្ធដើម្បីសន្សំលុយសង់វិមានមាស និងដើម្បីឱ្យកូនចៅជំនាន់ក្រោយដឹងថាប៉ាម៉ាក់របស់គេរកឃើញទ្រនំសុភមង្គលឱ្យពួកគេ។

ពីរនាក់ប្ដីប្រពន្ធនេះមានកូនប្រុសពីរនាក់ និងកូនស្រីពីរនាក់។ ពួកគេសុទ្ធតែធ្វើការនៅទីក្រុងហាណូយទាំងអស់គ្នា។ ងាកមកមើលវិមានមាសរបស់គាត់វិញម្ដង។ ផ្ទៃខាងក្រៅតុបតែងលម្អដោយចម្លាក់ និងក្បាច់ភ្ញីមានរចនាបទដ៏ល្អវិចិត្រ។ ផ្ទៃខាងក្នុងនៃសាលធំបៀកដោយប្រាក់ និងមាស។ លោកធាន់ប្រាប់ថាចម្លាក់នេះរៀបចំដោយជាងជំនាញៗរបស់វៀតណាម។

ជាន់ទីពីរតុបតែងលម្អដោយតុ និងកៅអីពីរឈុត និងមានច្រកទ្វារចេញទៅអង្គុយមើលទេសភាពនៅវែរ៉ង់ដាខាងក្រៅ។ លោកធាន់ប្រាប់ថាមូលហេតុដែលលោកបញ្ជាឱ្យសង់ម៉ូតនេះដើម្បីយកខ្យល់អាកាស និងអង្គុយលំហែកាយនៅពេលមានអារម្មណ៍ស្ត្រែសនឹងការងារ។ ជាន់នីមួយៗមានបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ ដែលមានផ្ទៃធំទូលាយ និងមានច្រកចេញ។

នៅលើផ្ទៃខាងក្រៅកម្ពស់ពីរម៉ែត្រនៃអគារនេះតុបតែងដោយចម្លាក់ និងក្បាច់បុរាណព័ទ្ធជុំវិញត្រពាំងចិញ្ចឹមត្រី។ នៅក្នុងសួនច្បារមានរៀបចំតុថ្ម។ តាមមើលទៅ មិនយូរទេយ៉ាងខ្លាំងត្រឹមតែ៦ ឬ៨ខែទៀតអាចសាងសង់រួចរាល់ទាំងស្រុង។ មន្ត្រីថ្នាក់មូលដ្ឋានម្នាក់នៅស្រុកភូមិដែលលោកធាន់រស់នៅប្រាប់ថាវិមាននេះស៊ីដាច់គេនៅក្នុងឃុំទាំងទំហំ និងរចនាបទដ៏គួរឱ្យទាក់ទាញ។ គ្រួសារលោកធាន់មានជីវភាពធូរធារដោយសារពួកគេចាប់យកមុខរបរត្រូវតាមកាលៈទេសៈ។ មុខរបរទិញលក់គ្រឿងបន្លាស់រថយន្តរបស់គាត់អាចជួយផ្ដល់ការងាររាប់សិបកន្លែងសម្រាប់អ្នករស់នៅក្នុងឃុំនេះ និងនៅកន្លែងដទៃទៀត៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/photo/news/scrap-dealer-builds-2-85m-gold-plated-castle-in-central-vietnam-4714928.html




ចែករំលែកព័តមាននេះ