បុរស និងស្ត្រីនៅក្នុងប្រទេសកម្ពុជាបានកំពុងជំរុញឱ្យមានសមភាពយេនឌ័រ ដូចបណ្តាប្រទេសជឿនលឿននៅក្នុងសកលលោកដែរ ។ ប៉ុន្តែទស្សនៈ និងគំនិតជាប្រពៃណីមួយចំនួន ដែលមានភាពអវិជ្ជមានផ្ទុយពីគោលការណ៍របស់សកល នៅតែផ្សារភ្ជាប់ និងមានឥទ្ធិពល នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ នៅក្នុងសម័យកុំព្យូទ័រនេះ ។ តួយ៉ាងដូចជាទស្សនៈថា «បុរសជាស្វាមី មានស្ត្រីខាងក្រៅជារឿងធម្មតា»នោះជាដើម ។
រូបតំណាង«ស្វាមីមានស្ត្រីខាងក្រៅជារឿងធម្មតា» ជាទស្សនៈមួយដែលគេសង្កេតឃើញថា នៅតែមានឥទ្ធិពលនៅក្នុងសង្គមខ្មែរ ប៉ុន្តែទស្សនៈមួយនេះ ហាក់លម្អៀងទៅខាងបុរសដែលខូចខិលស្រីញីក្រៅផ្ទះដើរចោលប្រពន្ធកូន គ្មានការទទួលខុសត្រូវ ។ បុរសនិយមបាយក្រៅផ្ទះ គេសង្កេតឃើញថា បានខិតខំប្រឹងប្រែងលើកតម្កើងទស្សនៈនេះឱ្យនៅគង់វង្សធ្វើយ៉ាងណាកុំឱ្យសាបរលាបពីសង្គមផងដែរ ។
បុរសជាស្វាមីមានស្ត្រីខាងក្រៅជារឿងធម្មតា សូម្បីស្ត្រីខ្លួនឯងក៏បានលើកយកមកនិយាយដែរ ។ គេមិនដឹងថា ស្ត្រីទាំងនោះលើកពាក្យនេះមកនិយាយ គឺពួកគាត់រីករាយនៅក្នុងការទទួលយកនូវទស្សនៈនេះឬយ៉ាងណាឡើយ? ឬការលើកឡើងរបស់គាត់នោះអាចជាការលួងចិត្តខ្លួនឯងផងក៏មិនដឹង? លួងចិត្តដោយសារស្វាមីពួកគាត់និយមដើរលេង មានស្ត្រីញីក្រៅផ្ទះ ភ្លេចប្រពន្ធកូនធ្វើឱ្យគាត់រងទុក្ខលំបាក ។ គ្រាំគ្រាផ្លូវកាយ និងផ្លូវចិត្ត ដែលគ្មានអ្វីមកកែប្រែបាន។ ដូច្នេះពួកគាត់ក៏ខំទទួលយកនូវទស្សនៈ «ប្តីមានស្ត្រីខាងក្រៅជារឿងធម្មតា» និងលើកវាមកនិយាយគ្រាន់បន្លប់ចិត្តទៅ ។
រូបតំណាង«ស្វាមីមានស្ត្រីខាងក្រៅជារឿងធម្មតា» ត្រូវគេមើលឃើញថា ជាទស្សនៈមួយ បានលើកទឹកចិត្តឱ្យមានអំពើផិតក្បត់ ខុសពីច្បាប់ដែលបានចែងពីប្រព័ន្ធប្តីមួយប្រពន្ធមួយ ។ លើសពីនេះទៅទៀត ទស្សនៈនេះ ហាក់មិនមានយុត្តិធម៌នៅក្នុងជីវិតប្តីប្រពន្ធទេ ។ ក្រៅពីការខុសឆ្គងខាងសីលធម៌ ទស្សនៈនេះធ្វើឱ្យបុរសខ្វះការទទួលខុសត្រូវចំពោះគ្រួសារ និងសង្គម ។ តាមពិតទៅ នៅពេលមានស្រីញីក្រៅពីប្រពន្ធ អាចនឹងមានរឿងរ៉ាវជាច្រើនកើតមានឡើង ។ មានស្រីក្រៅពីប្រពន្ធធ្វើឱ្យប្រឈមការបែកបាក់ មានអំពើហិ.ង្សាក្នុងគ្រួសារ បាត់បង់ឱកាសមើលថែកូនចៅ បាត់ឱកាសរកចំណូលលើកកម្ពស់ជីវភាពគ្រួសារ ។
លើសពីនេះ នៅពេលមានស្រីខាងក្រៅ បុរសអាចនាំជំងឺឆ្លងមកប្រពន្ធ ដូចជាជំងឺអេដស៍ និងកាមរោគនានា ។ មានស្រីក្រៅពីប្រពន្ធ ប្រសិនជាថ្លោះធ្លោយមានរហូតដល់កូន ក្រៅខាន់ស្លាទៀតនោះ វាជាបន្ទុកកាន់តែធ្ងន់របស់បុរស ហើយ ប្រសិនជាពួកគាត់រត់ចោលកាទទួលខុសត្រូវនេះទៀតវាកាន់តែធ្ងន់ធ្ងរ ។ មានន័យថា គាត់មិនទទួលខុសត្រូវចំពោះកូននោះទៀត អនាគតក្មេងនឹងទៅជាយ៉ាងណា? ហើយចុងក្រោយបញ្ហានេះនឹងក្លាយជាបន្ទុករបស់សង្គម ។

នៅបណ្តាប្រទេសជាច្រើន ដែលគេមានសេរីភាពក្នុងការភ្ជាប់ទំនាក់ទំនង មេត្រីភាពរវាងបុរស និងស្ត្រី ។ គេក៏ប្រាកដនិយម និងមានការទទួលខុសត្រូវចំពោះដៃគូរបស់ខ្លួនដែលបានឈានដល់ជីវិតប្តីប្រពន្ធនោះដែរ ។ មានន័យថា នៅពេលគេបានព្រមព្រៀងចាប់ដៃគ្នាជាប្តីប្រពន្ធហើយ គេត្រូវគោរព និងឱ្យតម្លៃគ្នា។ ជីវិតប្តីប្រពន្ធខុសពីជីវិតមិត្តប្រុស និងមិត្តស្រី ។
ក្នុងពេលនៅជាសង្សារបុរសស្ត្រី អាចមានទំនាក់ទំនងផ្សេងក្នុងពេលតែមួយ ប៉ុន្តែគេមិនអាចមានទំនាក់ទំនងនារី និងបុរសផ្សេងនៅពេលមានភរិយា និងស្វាមីហើយឡើយ ។ បុរសជាស្វាមី មានការទទួលខុសខ្ពស់ ចំណែកស្ត្រីក៏មិនទទួលយកស្វាមី ដែលផិតក្បត់មានស្រីក្រៅផ្ទះនោះឡើយ ។ ទំនង ដើម្បីការពារការប្រព្រឹត្តខុសឆ្លងរបស់ខ្លួន ។ នៅក្នុងសង្គមខ្មែរក្រៅពីទស្សនៈថា ស្វាមីមានស្ត្រីក្រៅជារឿងធម្មតា គេក៏បានលឺទស្សនៈផ្ទុយពីនេះដែរ ។ ដូចជាថា ស្វាមីមានស្ត្រីក្រៅជារឿងធម្មតា ចំណែកស្ត្រីមិនអាចមានបុសរក្រៅពីប្តីឡើយ ។ ក្រៅពីនេះក៏មានទស្សនៈស្រដៀងគ្នានេះ ដូចជា បុរសជាមាសទឹក១០ ជាដើម ។

បុរសជាស្វាមី មានស្រីក្រៅជារឿងធម្មតា ទោះជាមានស្ត្រីមួយចំនួនលើកមកនិយាយ និងហាក់បង្រៀនចិត្តខ្លួនឱ្យទទួលយកពាក្យនេះក្តី បើគេសួរថា មានស្ត្រីប៉ុន្មាននាក់ដែលពេញចិត្តឱ្យស្វាមីរបស់ខ្លួនមានស្ត្រីក្រៅនោះ ។ ចម្លើយថាមិនចង់ទេ ប្រាកដជាមាន១០០លើ១០០នាក់ជាមិនខានឡើយ ។
ទោះជាមានស្ត្រីមួយចំនួនទទួលយកថា បុរសជាស្វាមី មានស្រីក្រៅជារឿងធម្មតា ប្រហែលមានស្ត្រីមិនតិចនោះទេ ដែលបានបង្ហូរទឹកភ្នែកដោយសារស្វាមីមានស្រីក្រៅពីខ្លួន ។ ដើម្បីសីលធម៌ យុត្តិធម៌ និងការទទួលខុសត្រូវសម្រាប់អ្នកដែលខ្លួនស្រឡាញ់ទស្សនៈថា «បុរសមានស្រីក្រៅផ្ទះជារឿងធម្មតា គេគួរប្តូរថា «នៅពេលមានភរិយា ស្វាមីមិនគួរមានស្រីខាងក្រៅ» នោះឡើយ ៕
ចែករំលែកព័តមាននេះ