ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ប្រជុំ​ដាក់​ផែនការ​ត្រៀម​កម្ចាត់​មូស ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​ជំងឺគ្រុនឈាម

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​កំណើន​អ្នកជំងឺ​គ្រុនឈាម មានការ​កើនឡើង​គួរ​អោយ​ព្រួយបារម្ភ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​អង្គប្រជុំ​មួយ ជាមួយនឹង​មន្ទីរ​សុខាភិបាល មន្ទីរ​ពាក់ព័ន្ធ​និង អភិបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​រិះរក​វិធានការ​ធ្វើ​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​កំណើន​អ្នកជំងឺ​គ្រុនឈាម មានការ​កើនឡើង​គួរ​អោយ​ព្រួយបារម្ភ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​អង្គប្រជុំ​មួយ ជាមួយនឹង​មន្ទីរ​សុខាភិបាល មន្ទីរ​ពាក់ព័ន្ធ​និង អភិបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​រិះរក​វិធានការ​ធ្វើ​យ៉ាងណា កាត់​បន្ថយ​ឲ្យ​បាន នូវ​ការ​រីក​រាលដាល នៃ​ជំងឺគ្រុនឈាម​នេះ ។

នៅ​ក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ​បាញ់ថ្នាំ​សម្លាប់​មូស នៅ​តាម​មូលដ្ឋាន​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​កោតសរសើរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងពលតូច​លេខ​៧០ ដែល​តែងតែបាន​ជួយ​ប្រជាពលរដ្ឋ លើ​វិស័យ​សុខាភិបាល​កន្លង​មក ។

លោក ឃួ​ង ស្រេង បន្ត​ថា អនុវត្ត​តាម​អនុសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ឈឺឆ្អាល​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​តាម​រយៈ​ការងារ​របស់​យើង​កន្លង​មក គឺ​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក ឃួ​ង ស្រេង បន្ត​ថា តាម​រយៈ​របាយការណ៍ ដែល​បាន​បង្ហាញ ជម្ងឺគ្រុនឈាម បាន​កើត​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍ ដែល​ទាមទារ​ឲ្យ​យើង​គ្រប់​គ្នា​មាន​វិធានការ ដោះស្រាយ ពិសេស​គឺ​អនុវត្ត​វិធានការ​បាញ់ថ្នាំ​មូស នៅ​តាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការ​ប្រើប្រាស់​ថ្នាំ​អា​បែ​ត សម្លាប់​ដង្កូវទឹក ជាដើម ។

លោក ឃួ​ង ស្រេង បាន​ជំរុញ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ចុះ​ពិនិត្យ​មូលដ្ឋាន​របស់​ខ្លួន ពិសេស​ចំពោះ​ទីតាំង​ដែល​បង្ករ​លក្ខណៈ ឲ្យ​មូស​អាច​រស់នៅ​បាន ដើម្បី​យើង​មាន​វិធានការ​កម្ចាត់​មូស ទាំងនោះ​ចោល​។ មន្ទីរ​សុខាភិបាល ត្រូវ​តែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​លើ​វិស័យ​សុខាភិបាល ពោល​គឺ​ធ្វើ​យ៉ាងណា កុំ​ឲ្យ​ជម្ងឺគ្រុនឈាម​នេះ​កើនឡើង​ថែម​ទៀត​។

លោក ងឺ មាន​ហេង នាយក​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​៦​ស​ប្តា​ហ៍​កន្លង​មកនេះ ជំងឺគ្រុនឈាម​បាន​ឆ្លង​រាលដាល​ចំនួន​១,០០០​នាក់ នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។

ជុំវិញ​បញ្ហា​នេះ ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល និង​បែងចែក​ក្រុមការងារ​ជា​៤​ក្រុម ដើម្បី​បាញ់ថ្នាំ​សម្លាប់សត្វ​មូស ដោយ​ដំបូង​នេះ យើង​នឹង​បាញ់ថ្នាំ​សម្លាប់​មូស នៅ​ខណ្ឌ​ចំនួន​៤ នោះ​មាន​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំ​បូល ដោយ​ចាប់​អនុវត្ត​កិច្ច​ការងារ​នេះ ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ