ខេត្តក្រចេះ ៖ សាកសពត្រីផ្សោតមេមួយក្បាលដែលគេប្រទះឃើញងាប់អណ្តែតទឹក «ផ្សោតមេ១ក្បាលងាប់អណ្តែតទឹកសង្ស័យដោយសារជាប់មង» នោះត្រូវមន្ត្រីអភិរក្សឆ្មាំទនេ្លសម្រេចយកទៅកប់នៅក្នុងបរិវេណដែនអភិរក្សក្រោយពីមន្រ្តីអភិរក្សបញ្ជាក់ថា ការងាប់របស់វា គឺបណ្តាលមកពីជាប់មងដោយមិនចាំបាច់ធ្វើកោសល្យវិច័យតាមបែបវិទ្យាសាស្រ្តទំនើបទេ ។
កាលពីព្រឹកថ្ងៃទី២០ ឧសភា មានការភ្ញាក់ផ្អើលមួយកើតឡើងក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពរបស់ផ្សោតមេធំមួយក្បាលអណ្តែតទឹកនៅចំណុចច្រាំងទនេ្លមេគង្គ ស្ថិតក្នុងភូមិសំបុក ស្រុកចិត្របុរីដែលមានចម្ងាយជាង១គីឡូម៉ែត្រពីអន្លង់ផ្សោតកាំពី ហើយត្រូវមន្រ្តីអភិរក្សស្រង់ឡើងគោកយកទៅរក្សាទុកនៅក្នុងបរិវេណប៉ុស្តិ៍អភិរក្សកាំ
ពីបណ្តោះអាសន្ន ។ សាកសពផ្សោតមេនេះ គេពិនិត្យឃើញថា មានទម្ងន់ជិត២រយគីឡូក្រាម និងមានប្រវែងជិត២ម៉ែត្រ ។ នៅលើដងខ្លួនសាកសពត្រីផ្សោតមានស្នាមជាំដោយគេសន្និដ្ឋានថា អាចងាប់ដោយសារជាប់មងរយៈពេលច្រើនថ្ងៃមកហើយ ទើបអណ្តែតឡើង ព្រោះត្រូវហើម និងមានធុំក្លិនស្អុយទៅហើយ ។ ក្រោយពីការស្រង់ឡើងលើគោករួច សាកសពត្រីផ្សោតមេមួយក្បាលដ៏ធំ និងដ៏កម្រនេះត្រូវមន្រ្តីអភិរក្សសម្រេចជីកកប់នៅក្នុងបរិវេណប៉ុស្តិ៍អភិរក្សឆ្មាំទនេ្លដែលមានទីតាំងនៅមាត់ច្រាំងទនេ្ល ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ជាប់រមណីយដ្ឋានកាំពី។
មានការបង្ហើបប្រាប់ថា ក្នុងរដូវទឹកដំឡើងនេះ ជារដូវដែលត្រីផ្សោតប្រឈមមុខច្រើន នឹងការងាប់ដោយសារឧបករណ៍នេសាទ ប្រសិនបើមន្រ្តីអភិរក្សមិនមានវិធានការទៅលើការប្រើឧបករណ៍នេសាទក្នុងដែនអភិរក្សនោះទេ ព្រោះរដូវទឹកឡើងគឺទឹកមានសភាពល្អក់ ហើយសត្វផ្សោតតែងតែដេញតាមស៊ីត្រីនុយដោយមើលមិនឃើញ គឺបានត្រឹមតែស្តាប់សំឡេងម្ល៉ោះហើយវាអាចប្រឈមមុខទៅនឹងការជាប់មងគ្រប់ប្រភេទដែលប្រជានេសាទដាក់រាយតាមទនេ្ល បឹង ព្រែក ។
មន្រ្តីអភិរក្សឆ្មាំទន្លេបញ្ជាក់ថា មន្រ្តីអភិរក្សទាំងអស់មានចំនួន៥០នាក់ ក្នុងនោះមាន១០ប៉ុសិ៍្ត ស្នាក់ការអភិរក្សមាននៅតាមបណ្តោយច្រាំងទនេ្លក្នុងខេត្ត ទោះបីជាយ៉ាងណា ក្តីមិនអាចការពារបានគ្រប់ជ្រុងជ្រោយទៅលើការបង្ការឧបករណ៍នេសាទទាំងនេះទេ គឺដោយសារតែការលួចលាក់ដាក់មងរបស់ប្រជានេសាទតាមបឹង ទន្លេ និងព្រែក នៅតែកើតមានដោយលួចលាក់បំផុត ។ ម្យ៉ាងវិញទៀត ក្រុមមន្រ្តីអភិរក្ស គឺមិនមានវត្តមានមន្រ្តីជំនាញជលផលចូលរួមនោះទេ ដោយគ្រាន់តែមានកិច្ចសហការ ខណៈពេលដែលមានបទល្មើសនេសាទកើតមានក្នុងដែនអភិរក្សម្តងម្កាលប៉ុណ្ណោះ ។
លោកនុន គឹមសាន សមាជិកក្រុមការងារខេត្តក្នុងក្រុមការងារអភិរក្សសត្វផ្សោតបាន ថ្លែងឱ្យដឹងកាលពីថ្ងៃទី៣០ ឧសភា ថា បន្ទាប់ពីពិនិត្យជាក់ស្តែងទៅលើសាកសពផ្សោតមេមួយក្បាលនេះ គឺអាចសន្និដ្ឋានថា ដោយងាប់ជាប់មង ដូច្នេះមិនចាំបាច់ធ្វើកោសល្យវិច័យទេ ហើយអាជ្ញាធរសម្រេចកប់សំណាកសត្វផ្សោតមួយក្បាលនេះ ដើម្បីរក្សាទុកសម្រាប់យកគ្រោងឆ្អឹងមកពិនិត្យ ៕
ចែករំលែកព័តមាននេះ